30.7 C
Phnom Penh

គណនី​​​ហ្វេសប៊ុក​​​អនាមិក​​​ចោទ​​​ប្រកាន់​ថា លោក ប៉ែន សុវណ្ណ​​​ មាន​​​ ស្នេហា​លួចលាក់​​​ជាមួយ​​​អនីតិជន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណនីហ្វេសប៊ុកអនាមិកដដែល ដែលបញ្ចេញខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរស័ព្ទដែលគេអះអាងថា មានជាប់ពាក់ព័ន្ធរឿងផ្លូវភេទរវាងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្រីកំណាន់ម្នាក់នោះ បានបញ្ចេញខ្សែអាត់សំឡេងនៃការសន្ទនាស្រដៀងគ្នាដែលគេចោទថា លោកប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំងដែលទទួលមរណភាពកាលពីថ្ងៃសៅរ៍ក្នុងជន្មាយុ៨០ឆ្នាំ បាននិយាយជាមួយក្មេងស្រីមិនទាន់គ្រប់អាយុកាលពី៥ឆ្នាំមុន។

ភាពពិតនៃខ្សែអាត់សំឡេងទាំងនេះមិនអាចបញ្ជាក់បានទេ។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “ដោយសារអ្វីដែលគេបង្ហាញអនាមិក យើងមិនអាចឲ្យតម្លៃលើអនាមិកបានទេ”។ លោកបានបន្ថែមថា អ្នកបង្ហោះ ”គ្មានសីលធម៌ គុណធម៌ “។

ខ្សែអាត់សំឡេងថ្មីបំផុតទាំងបីនេះត្រូវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ ”រឿងពិត CNRP ” ហើយវាលេចឡើងបន្ទាប់ ពីគណនីហ្វេសប៊ុកនេះបានចាប់ផ្តើមបញ្ចេញ ខ្សែអាត់សំឡេងជាបន្តបន្ទាប់កាលពីខែមីនា ស្តីពីការសន្ទនាតាមទូរស័ព្ទដែលគេចោទ ថា រវាងលោក កឹម សុខា និងស្រីកំណាន់ម្នាក់។ លោក កឹម សុខា មិនបានបញ្ជាក់ ឬបដិសេធភាពពិតនៃខ្សែអាត់សំឡេងទាំងនោះឡើយហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែចំពោះការបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ចរកម្មដែលកើតមានឡើងដោយសារតែខ្សែអាត់សំឡេងបែកធ្លាយទាំងនេះ។ មន្ត្រីនិងអតីតមន្ត្រីសិទ្ធិមនុស្សអាដហុកចំនួនប្រាំរូបក៏ត្រូវបានចាប់ខ្លួនពីបទព្យាយាមបញ្ចុះបញ្ចូលស្ត្រីរូបនេះ បដិសេធរឿងស្នេហាលួចលាក់នេះផងដែរ។

ខ្សែអាត់សំឡេងថ្មីបំផុតទាំងនេះបានលេចឡើងនៅលើទំព័រហ្វេសប៊ុកនេះកាលបីពីរថ្ងៃមុន ហើយត្រូវបានយកមកសរសេររៀបរាប់នៅក្នុងអត្ថបទចំនួនពីរដែលចុះផ្សាយដោយគេហទំព័រ Fresh News ជាគេហទំព័រព័ត៌មានដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា និងដែលតែងតែចេញផ្សាយសារាចរណែនាំរបស់រដ្ឋាភិបាលមុនគេហើយជារឿយៗចុះផ្សាយអត្ថបទលិខិតមិត្តអ្នកអានអនាមិក ដែលតែងតែវាយប្រហារគណបក្សប្រឆាំង ឬអ្នករិះគន់រដ្ឋាភិបាលផ្សេងៗទៀត។ គេហទំព័រព័ត៌មាននេះមានអ្នកគាំទ្រតាមហ្វេសប៊ុក(Facebook follower) ជាង១លាននាក់។

គេហទំព័រព័ត៌មាននេះអះអាងថា ខ្សែអាត់សំឡេងទីមួយដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក ”រឿងពិត CNRP” គឺការសន្ទនាកាលពីខែវិច្ឆិកា ឆ្នាំ២០១១រវាងលោក ប៉ែន សុវណ្ណ និងស្ត្រីម្នាក់ដែលរស់នៅជាមួយគាត់។ សារអមខ្សែអាត់សំឡេងនេះអះអាងថា ស្ត្រីរូបនេះ “មិនទាន់គ្រប់អាយុ”ទេនៅពេលនោះ។នៅក្នុងខ្សែអាត់សំឡេងបង្ហោះតាមក្រោយមួយទៀត ដែលគេអះអាថា ជាមួយក្មេងស្រីដដែលនោះ បុរសរូបនេះបានសួរពាក់ព័ន្ធរឿងផ្លូវភេទយ៉ាងចំហតែម្តង។

សារអមខ្សែអាត់សំឡេងទី៣អះអាងថា វាគឺជាការសន្ទនារវាងលោក ប៉ែន សុវណ្ណ និងអ្នកធ្វើសរសៃម្នាក់កាលពីខែមករា ឆ្នាំ២០១១។ នៅក្នុងខ្សែអាត់សំឡេងនោះស្ត្រីរូបនេះបានសំដៅដល់បុរសដែលនាងកំពុងនិយាយជាមួយថា ជា “លោក ប៉ែន សុវណ្ណ” ហើយបានសួរគាត់ពាក់ព័ន្ធទំនាក់ទំនងផ្លូវភេទជាមួយអនីតិជនរូបនោះ។

សំណួរដែលផ្ញើទៅកាន់អ្នកលេងហ្វេសប៊ុកដែលនៅពីក្រោយទំព័រហ្វេសប៊ុកនេះសុទ្ធតែគ្មានចម្លើយ។

អ្នកស្រី ប៉ែន សុទ្ធា ដែលរស់នៅ ជាមួយលោក ប៉ែន សុវណ្ណ ក្នុងនាមជាកូនចិញ្ចឹមរបស់លោក ចាប់តាំងពីលោកវិលត្រឡប់មកពីប្រទេសវៀតណាមវិញនៅក្នុងឆ្នាំ១៩៩២នោះបានលើកឡើងថា គ្រួសាររបស់អ្នកស្រីមានអ្នករស់នៅជាមួយប៉ុន្មាននាក់ដែរ។ ប៉ុន្តែអ្នកស្រីបានលើកឡើងថា ក្នុងចំណោមពួកគេគ្មាននរណាម្នាក់មានឈ្មោះដូចនៅក្នុងខ្សែអាត់សំឡេងទាំងនេះឡើយ ហើយថាអ្នកស្រី និងប្តីរបស់អ្នកស្រីមិនដែលកត់សម្គាល់ឃើញមានសញ្ញាបង្ហាញពីទំនាក់ទំនងផ្លូវភេទរវាងលោក ប៉ែន សុវណ្ណ និងនរណាម្នាក់ក្នុងចំណោមអ្នកទាំងនេះឡើយ។ អ្នកស្រីបាននិយាយថា ”បងមិនដែលឃើញគាត់ប្រព្រឹត្តនូវអ្វីដែលខុសឆ្គងទេ យើងទាំងពីរនាក់ប្តីប្រពន្ធមិនដែលឃើញមានការឆ្គាំឆ្គងលើអ្វីទេ។ ប្តីប្រពន្ធបងនៅជាមួយគាត់រាល់ថ្ងៃ។ ខ្ញុំមិនដែលដឹងថា គាត់ទៅទាក់ទងនារីណា ឬស្រីណាឲ្យបងបានដឹងទេ”។

លោក អេង ឆៃអ៊ាង បានបដិសេធមិននិយាយថា តើលោកជឿថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយខ្សែអាត់សំឡេងដែលបែកធ្លាយទាំងនេះ ឬក៏អត់នោះឡើយ។លោកបានលើកឡើងថា ខ្សែអាត់ទាំងនេះត្រូវបានប្រើប្រាស់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំងយ៉ាងច្បាស់ក្រឡែត ប៉ុន្តែកលល្បិចនេះមិនបានផលទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាអត់មានបញ្ហាអ្វីទេពាក់ព័ន្ធការបោះឆ្នោតខាងមុខ ព្រោះប្រជាពលរដ្ឋខ្មែរលើសលប់លោកចេះគិត លោកចេះវិភាគ”។

ជាអតីតអ្នកសហការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកមានបុណ្យស័ក្តិធំក្នុងជួរគណបក្សប្រជាជនកម្ពុជាផ្សេងៗទៀត អំឡុងពេលពួកគាត់ ជាអ្នកផ្តាច់ខ្លួនចេញ ពីខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លោកប៉ែន សុវណ្ណ មិនពេញចិត្តចំពោះគណបក្សកាន់អំណាចមួយនេះជាយូរមកហើយ។

លោក ប៉ែន សុវណ្ណ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយអ្នកផ្តាច់ខ្លួនទាំងនោះនៅក្នុងកងកម្លាំងឧទ្ទាមដែលជួយផ្តួលរំលំរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ហើយលោកបានក្លាយជានាយករដ្ឋមន្ត្រីទី១នៃរដ្ឋាភិបាលដែលវៀតណាមលើកបន្តុបដើម្បីជំនួសរបបខ្មែរក្រហម។ប៉ុន្តែ លោកត្រូវបានចាប់ខ្លួនបន្ទាប់ពីកាន់តំណែងនេះបានតែប៉ុន្មានខែប៉ុណ្ណោះដោយសារលោកព្យាយាមទប់ទល់នឹងការត្រួតត្រារបស់រដ្ឋាភិបាលក្រុងហាណូយ។

បន្ទាប់ពីវិលត្រឡប់ពីការជាប់ពន្ធនាគារនិងការឃុំខ្លួនក្នុងផ្ទះរយៈពេល១១ឆ្នាំនៅវៀតណាម លោកបានចាប់ផ្តើមចោទប្រកាន់ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលកើតចេញរបបអាយ៉ងនោះថា អនុញ្ញាតឲ្យវៀតណាមបន្តការត្រួតត្រាមកលើកម្ពុជា ហើយបានជាប់ឆ្នោតជាតំណាងរាស្រ្តនៅក្នុងគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣។ គណបក្សប្រជាជនកម្ពុជាបានស្វះស្វែងនិយាយសម្រាលតួនាទីរបស់លោក បែ៉ន សុវណ្ណក្នុងការផ្តួលរំលំរបប ប៉ុល ពត ហើយសូម្បីក្រោយពីលោកទទួលមរណភាពកាលពីថ្ងៃសៅរ៍ បានចោទប្រកាន់លោកថា មិនសូវរឹតបន្តឹងសន្តិសុខជាតិឡើយអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេលដ៏ខ្លី ។

កាលពីថ្ងៃច័ន្ទ សាលារាជធានីភ្នំពេញបានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិដែលស្នើសុំបូជាសពលោក ប៉ែន សុវណ្ណ  នៅទីសាធារណៈនៅសួនច្បារមុខវត្តបទុម។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងថា លោកមិនបានដឹងអំពីខ្សែអាត់សំឡេងដែលគេអះអាងថា ជារបស់លោក ប៉ែន សុវណ្ណ ត្រូវបានបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុកនោះឡើយ។ លោកបានលើកឡើងទៀតថា គណនីហ្វេសប៊ុកនេះកំពុងស្ថិតក្រោមការសើុបអង្កេតពាក់ព័ន្ធនឹងខ្សែអាត់សំឡេងរបស់លោក កឹម សុខា ដែលគណនីនេះបានបង្ហោះនៅក្នុងខែមីនា ប៉ុន្តែ មិនទាន់ទទួលបានផលទេ។

លោកបានមានប្រសាសន៍ថា ”ខ្ញុំបានទាក់ទងទៅមន្ទីរសន្តិសុខហើយ។ ពួកគេនិយាយថា IP address នេះមកពីក្រៅប្រទេសហេតុ ដូច្នេះវាលំបាកណាស់ ប៉ុន្តែ ពួកគេនៅតែបន្តធ្វើការសើុបអង្កេតបន្តទៅមុខទៀត”។

ការថតការសន្ទនាតាមទូរស័ព្ទដោយគ្មានការយល់ព្រមពីភាគីនីមួយៗ និងគ្មានការអនុញ្ញាតពីអាជ្ញាធរ គឺជារឿងខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស