34 C
Phnom Penh

ក្រសួង​ប្រៃសណីយ៍​សន្យា​ដាក់​ទោសទណ្ឌ​លើ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​លក់​សីុមកាត​មិន​ចុះ​បញ្ជី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបានសន្យាដាក់ទោសទណ្ឌដល់ក្រុមហ៊ុនទូរស័ព្ទចល័តណាដែលមិនចុះបញ្ជីអត្តសញ្ញាណប័ណ្ណអ្នកប្រើប្រាស់របស់ខ្លួន ឬមិនបានបិទលេខអនាមិកនៅត្រឹមពាក់កណ្ដាលខែនេះ ដោយគំរាមធ្វើការផាកពិន័យ ឬព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនណាដែលមិនអនុវត្តតាម។

cam-photo-sim-cardsលោក អុឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា ”ចាប់ពីពាក់កណ្ដាលខែវិច្ឆិកាទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងបង្កើតក្រុមការងារមួយដែលរួមមានមន្ត្រីក្រសួង និងនគរបាលជាតិ ដើម្បីចុះទៅដល់ក្រុមហ៊ុនទាំងអស់ ហើយពិនិត្យមើលថាតើក្រុមហ៊ុនទាំងនោះបានអនុវត្តតាមសេចក្ដីប្រកាសរបស់យើងឬមិនអនុវត្ត”។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីការជំរុញកាលពីពេលថ្មីៗឱ្យមានចុះបញ្ជីស៊ីមកាតដោយក្រសួងដែលបានចេញសេចក្ដីប្រកាសកាលពីដើមខែតុលា តម្រូវឱ្យក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៦ក្នុងប្រទេសកម្ពុជាធានាថា រាល់ស៊ីមកាត់របស់ខ្លួនទាំងអស់ត្រូវបានចុះបញ្ជីដោយមានឈ្មោះ និងអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់ម្នាក់ៗ។

លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិទទួលផែនសន្តិសុខផ្ទៃក្នុងបានមានប្រសាសន៍ថា “ជាទូទៅការគំរាម និងការឆបោកធ្វើឡើងតាមរយៈទូរស័ព្ទ ដោយសារតែស៊ីមកាតមិនបានចុះបញ្ជីនេះឯង”។ លោកបន្ថែមថា នគរបាលនឹងជួយស៊ើបអង្កេតរកក្រុមហ៊ុនចល័តទាំងនោះ និងពង្រឹងបទប្បញ្ញត្តិថ្មី។

បើទោះជាឱសានវាទចុះបញ្ជីបញ្ចប់កាលពីម្សិលមិញក៏ដោយ ក៏នៅតែមិនទាន់ច្បាស់ថាតើការគំរាមចុងក្រោយបំផុតរបស់ក្រសួងថា នឹងបង្កើត “ក្រុមការងារ” ឬដាក់ទោសទណ្ឌដល់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទមានប្រសិទ្ធភាពឬក៏អត់នោះឡើយ។

សេចក្ដីប្រកាសកាលពីឆ្នាំ២០១២ តម្រូវឱ្យការទិញស៊ីមកាតទាំងអស់មានអត្តសញ្ញាណប័ណ្ណនោះនៅតែអនុវត្តមិនទៀងទាត់ដដែល។ហើយបើទោះជាឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានសន្យាកាលពីខែមករាថា នឹងលុបបំបាត់ឱ្យអស់នូវលេខទូរស័ព្ទដែលមិនចុះបញ្ជីត្រឹមខែមេសាក៏ដោយ ក៏ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងនោះមិនទាន់បានអនុវត្តតាមនៅឡើយទេ។

បើទោះជាលោក អុឹម វុត្ថា បានសន្យាថា “នឹងចាត់វិធានការតាមច្បាប់ទូរគមនាគមន៍” នោពេលនេះក៏ដោយ  ក៏លោកបានទទួលស្គាល់ថា វិធានការជាក់លាក់នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។

លោកថ្លែងថា “យើងអាចព្យួរអាជ្ញាប័ណ្ណ ឬផាកពិន័យក្រុមហ៊ុនទាំងនោះតាមវិធីជាច្រើន”។ លោកបានបន្ថែមថា ក្រសួងនឹងត្រូវបង្កើតការដាក់ទោសទណ្ឌ ”ម្ដងមួយជំហានៗ”។

លោក អុឹម វុត្ថា បានមានប្រសាសន៍ថា និយ័តករទូរគមនាគមន៍មិនទាន់ប្រមូលបានតួលេខថាតើស៊ីមកាតប៉ុន្មានមិនទាន់បានចុះបញ្ជីនៅឡើយទេ។

នៅពេលទាក់ទងតាមរយៈបុគ្គលិកផ្នែកទំនាក់ទំនង របស់ក្រុមហ៊ុន Smart និង Cellcard មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយថាតើអតិថិជនប៉ុន្មានភាគរយបានចុះបញ្ជី ឬពួកគេបានប្រឹងប្រែងធ្វើអ្វីខ្លះដើម្បីអនុវត្តតាមនោះ។

កាលពីម្សិលមិញ ហាងជាច្រើននៅក្នុងរាជធានីភ្នំពេញ  នៅតែផ្ដល់យោបល់ដល់អតិថិជនក្នុងការបំពេញឯកសារនៅឡើយ។

លោក ហួ វិចិត្រ ដែលលក់ស៊ីមកាត Metfone មិនបានចុះបញ្ជីនៅខាងក្រៅផ្សារថ្មីបាននិយាយថា ការលក់របស់លោកបានធ្លាក់ចុះដោយសារសេចក្ដីប្រកាសនេះ។ លោកបានបន្ថែមថា លោកនៅតែលក់ស៊ីមកាតអស់ប្រហែល២០ទៅ៣០ស៊ីមក្នុងមួយខែ។

លោកបាននិយាយដល់អតិថិជនរបស់ខ្លួនថា “ពួកគាត់ចង់ប្រើប្រាស់វាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយក្រោយមកបានបិទលេខនេះវិញ។ ប្រហែលជាពួកគាត់ចាកចេញពីប្រទេស ឬចេញទៅឆ្ងាយ”។

នៅពេលសួរថាតើលោកគិតថា អ្នកដែលបានទិញស៊ីមកាតមិនបានចុះបញ្ជីមានផែនការខុសច្បាប់ឬយ៉ាងណានោះ លោកបានគ្រវីក្បាល។ លោកបាននិយាយថា “ពួកគាត់ភាគច្រើនចង់ប្រើអុីនធឺណិត”។ លោកបានបន្ថែមថា លោកជឿថា រដ្ឋាភិបាលនឹងមិនអនុវត្តតាមការគំរាមរបស់ខ្លួនឡើយ។ ខ្ញុំគិតថា ពួកគេនឹងមិនបិទលេខទាំងនេះឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស