ព័ត៌មានជាតិ

​​អតីត​​​​​​ទាហាន​​​ពេទ្យ​​​មាន​​​ផែនការ​​​ប្រឆាំង​​​របប ​​​ប៉ុល ពត ឯ​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​​​​ស្តាប់​​​សក្ខីកម្ម​​​​​​

By

November 02, 2016

ប្រធានទាហានពេទ្យដែលមានទីតាំងនៅសមរភូមិតាមព្រំដែនវៀតណាមបានប្រាប់តុលាការខែក្រហមកាលពីថ្ងៃអង្គារអំពីរបៀបដែលលោកបែរប្រឆាំងនឹងរបបប៉ុល ពត ហើយវាយប្រហារប្រឆាំងកងទ័ពរបស់ខ្លួន បន្ទាប់ពីការបោសសម្អាតផ្ទៃក្នុងនៅភូមិភាគបូព៌ា។

សាក្សីដែលបង្ហាញឈ្មោះថា 2-TCW-1065 ដោយសារតែការជាប់ពាក់ព័ន្ធរបស់លោកក្នុងការស៊ើបអង្កេតបន្តទៀត បានផ្តល់សក្ខីកម្មនៅឯសវនាការរបស់មេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន ដែលក្នុងឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមនិងវៀតណាមបានពើបប្រយុទ្ធគ្នាទាក់ទងនឹងការកំណត់ព្រំដែនមិនច្បាស់លាស់ ហើយនៅតែមានជម្លោះរហូតដល់ខែឧសភា ឆ្នាំ១៩៧៨។

តាមបុរសម្នាក់ដែលបានរត់គេចខ្លួនពីកិច្ចប្រជុំដោយមានរបួសដោយការបាញ់ ហើយក្រោយមកបានប្រាប់សាក្សីថា ក្នុងអំឡុងពេលនោះ ប៉ុល ពត បានកោះហៅទាហានភូមិភាគបូពា៌ាគ្រប់លំដាប់ថ្នាក់មកប្រជុំ។សាក្សីដែលជាប្រធានមន្ទីរពេទ្យ១៥៦ក្នុងកងពលធំលេខ៤នៅពេលនោះបាននិយាយថា កិច្ចប្រជុំនោះមានឧបាយកល ដើម្បីប្រមែប្រមូលពួកកម្មាភិបាល ដែលបន្ទាប់មកត្រូវបានចាប់ខ្លួននិងសម្លាប់ចោល។

សាក្សីបាននិយាយថា “ប៉ុល ពតបានធ្វើរដ្ឋប្រហារនៅកម្ពុជា។ ខ្ញុំបានដឹងរឿងនេះពីមនុស្សម្នាក់ដែលត្រូវរបួសដៃ ហើយខ្ញុំដឹងថា ប៉ុល ពតបានក្បត់”។

សាក្សីបាននិយាយថា បន្ទាប់មកលោកបានកោះប្រជុំទាហានទាំងអស់ឲ្យសម្រេចលើការឆ្លើយតប។

លោកបាននិយាយថា “ដោយសារតែការប្រយុទ្ធគ្នាខ្លាំងពេក ខ្ញុំត្រូវដកថយ ដោយមានទាហាន៣០០នាក់មកជាមួយខ្ញុំ។ ហើយខ្ញុំបានរៀបគម្រោងវាយប្រហារ ប៉ុល ពត។ នៅពេលនោះ ខ្ញុំនិងទាហានខ្ញុំមិនបានវាយប្រហារកងទ័ពវៀតណាមទេ ប៉ុន្តែវាយកងទ័ពប៉ុល ពត”។

គេប្រាប់តុលាការថា សាក្សីនិងក្រុមរបស់លោកបានចូលដៃជាមួយវៀតណាមក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីរកឃើញលិខិតមិនទាន់សញ្ញេមួយច្បាប់ ដែលសុំឲ្យពួកគេទាក់ទងគ្នា។

លោកបាននិយាយថា “ខ្ញុំបានពិភាក្សាជាមួយទាហានវៀតណាម ហើយគេអញ្ជើញខ្ញុំឲ្យទៅវៀតណាម ដើម្បីយកគ្រាប់រំសេវ”។

លោកបាននិយាយថា បន្ទាប់មក លោកបានសហការជាមួយវៀតណាម ដើម្បីបើកការវាយប្រហារប្រឆាំងខ្មែរក្រហម។

លោកបានផ្តល់សាក្សីថា “យើងចាប់ផ្តើមវាយប្រហារខ្មែរក្រហម…. គេត្រូវយល់ច្រឡំ”។

ក្នុងអំឡុងពេលសាកសួរដោយប្រធានអង្គជំនុំជម្រះ លោក និល ណុន សាក្សីត្រូវសួរឈ្លេចអំពីទំនាក់ទំនងរបស់គាត់ជាមួយមេភូមិភាគបូព៌ា សោ ភឹម ជាសាច់ញាតិសាច់ឆ្ងាយ ហើយជាពិសេសអំពីការសន្ទនារវាងអ្នកទាំងពីរក្នុងឆ្នាំ១៩៧៧ ដែលនៅពេលនោះអតីតទាហានពេទ្យបានប្រាប់ សោ ភឹម ថាប៉ុល ពតជាជនក្បត់។

លោកបាននិយាយថា “មានជម្លោះប្រដាប់អាវុធផ្ទៃក្នុង…. ហើយខ្ញុំបានគិតថា ប្រហែលមានអ្នកខ្លះក្បត់ ហើយខ្ញុំបានជជែកលេងជាមួយគាត់ថា គឺប៉ុល ពត។ ប៉ុន្តែគាត់បាននិយាយថា បើប៉ុល ពតក្បត់ ប៉ុល ពតនឹងប្រាប់គាត់ហើយ”។

សាក្សីបាននិយាយថា បន្ទាប់ពីរត់គេចពីការវាយប្រហារដោយកងទ័ពស្មោះត្រង់នឹងមេដឹកនាំថ្នាក់មជ្ឈិមក្នុងឆ្នាំ១៩៧៨ សោ ភឹម បានធ្វើអត្តឃាត ប៉ុន្តែមិនមែនមុននឹងប្រាប់អ្នកដែលស្និទ្ធនឹងគាត់ “ឲ្យក្រោកឈរឡើង”ទេ។

សក្ខីកម្មរបស់លោកនឹងបន្តថ្ងៃនេះ៕