អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអង្គារក្នុងពេលមានការអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រាក់ជាង៤០០លានដុល្លារ ក្នុងការនាំចេញខ្សាច់គ្មានការកត់ត្រាក្នុងបញ្ជីទៅប្រទេសសឹង្ហបូរីថា ប្រទេសកម្ពុជាកំពុងពុះពារដោះស្រាយបញ្ហា “ការអនុវត្តគ្មានប្រសិទ្ធភាព” និងមិនគួរប្រកាន់តាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ទេ។
បញ្ជីពីក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រទេសកម្ពុជានាំចេញខ្សាច់៨១៤.៥៨០តោនដែលមានតម្លៃប្រហែល១,៦៧លានដុល្លារ ទៅប្រទេសសឹង្ហបូរីពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។ ប៉ុន្តែបញ្ជីសឹង្ហបូរីវិញបានរាយការណ៍ទៅទិន្នន័យស្ថិតិជំនួញរបស់ប្រើប្រាស់សហប្រជាជាតិ (U.N. Commodity Trade Statistics Database) នូវឯកសារដែលរដ្ឋបុរីត្រូវការខ្សាច់យ៉ាងខ្លាំងនេះ នាំចូលស្ទើរតែ៥២លានតោនដែលមានតម្លៃ៤០៤ដុល្លារ ក្នុងរយៈពេលដូចគ្នាពីប្រទេសកម្ពុជា ដោយធ្វើឲ្យប្រាក់ជាង៤០០លានដុល្លារបាត់មិនដឹងទៅណា។
ការអះអាងរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១១ ក៏ផ្ទុយគ្នានឹងឯកសារដែលបញ្ចូលទៅគេហទំព័រក្រសួងពាណិជ្ជកម្មដែរ ដែលទំនងជាមកពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបូរីរាយការណ៍ថា ប្រទេសកោះនេះបាននាំចូលខ្សាច់មានតម្លៃ១១៥លានដុល្លារពីប្រទេសកម្ពុជាក្នុងឆ្នាំនោះ ធៀបទៅនឹង៧០៧.៨៤៣ដុល្លារ ដែលប្រទេសកម្ពុជាបានរាយការណ៍អំពីការនាំចេញទៅទីនោះ។
អ្នកបរិស្ថាន និងក្រុមអង្គការក្រៅរដ្ឋាភិបាលនិយាយថា ឧស្សាហកម្មខ្សាច់កម្ពុជាធ្វើបញ្ញត្តិកម្មមិនបានល្អ ហើយថាការផ្គត់ផ្គង់បានមកពីការបូមខុសច្បាប់ ដែលធ្វើឲ្យខូចទាំងប្រព័ន្ធអេកូធម្មជាតិក្នុងស្រុក ទាំងការរកស៊ីចិញ្ចឹមជីវិតរបស់សហគមន៍នៅតាមដៃសមុទ្រ។
នៅពេលសួរកាលពីថ្ងៃអង្គារសុំឲ្យពន្យល់អំពីប្រាក់ជាង៤០០លានដុល្លារនេះ គឺភាពខុសគ្នា៥១លានតោនជាតួលេខខ្សាច់នៅឆ្នាំ២០១១ដល់ឆ្នាំ២០១៥ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សឿង សុផារី បាននិយាយថា វាមិនត្រឹមត្រូវទេដែលឲ្យប្រទេសកម្ពុជាធ្វើតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ជាងនោះ។
លោកស្រីបានសរសេរក្នុងអីុម៉េលថា “ប្រសិនបើអ្នកពិនិត្យមើលប្រទេសកម្ពុជាតាមរយៈការអនុវត្តសព្វថ្ងៃរបស់បណ្តាប្រទេសអភិវឌ្ឍន៍ អ្នកប្រហែលពិបាកយល់អំពីស្ថានការណ៍ពិតនៅកម្ពុជា”។
“យើងចង់ធ្វើឲ្យប្រសើរក្នុងវិស័យពាណិជ្ជកម្មណាស់ ដោយទុកចោលការអនុវត្តគ្មានប្រសិទ្ធភាព ហើយទទួលយកការអនុវត្តមានប្រសិទ្ធភាពជាង និងយន្តការទាំងឡាយដែលសមនឹងស្ថានការណ៍អភិវឌ្ឍន៍និងសមត្ថភាពរបស់យើង”។
លោកស្រី សុផារី បានបង្វែរសំណួរផ្សេងទៀតទៅក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាកររបស់ក្រសួងហិរញ្ញវត្ថុ។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បាននិយាយថា ក្រសួងរបស់លោកកំពុងស៊ើបអង្កេតភាពខុសគ្នានេះនៅឡើយ។
លោក ទីណា បាននិយាយថា “ខ្ញុំមិនទាន់មានតួលេខនៅឡើយទេ ហើយបុគ្គលិកខ្ញុំកំពុងតែបូកតួលេខ”។
លោកបាននិយាយបន្ថែមថា “ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាម្នាក់ៗថា ក្រសួងលក់ខ្សាច់។ រដ្ឋគ្រាន់តែរៀបចំសេដ្ឋកិច្ចទីផ្សារឲ្យផ្នែកឯកជន ហើយក្រសួងគ្រាន់តែយកពន្ធកម្រៃជើងសារ” ០,៦ដុល្លារក្នុងខ្សាច់មួយម៉ែត្រគូបពីក្រុមហ៊ុនដែលនាំវាចេញប៉ុណ្ណោះ។
លោក ទីណា បានបដិសេធមិនឆ្លើយសំណួរច្រើនទៀតទេ ដោយលោកនិយាយថា ក្រសួងត្រូវការពេលថែមទៀតដើម្បីវាយតម្លៃតួលេខនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយកាលពីថ្ងៃអង្គារថា គណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់សភា ដែលដឹកនាំដោយលោក ហូ វណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងកោះហៅលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មកឆ្លើយបំភ្លឺអំពីភាពមិនស្របគ្នានេះ។
លោកបាននិយាយថា “ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ យើងនឹងហៅរដ្ឋមន្ត្រីក្រសួងរ៉ែមកឆ្លើយ ហេតុអ្វីមានការខុសគ្នារវាងតួលេខដែលកត់ត្រាដោយប្រទេសសឹង្ហបូរី និងដោយប្រទេសកម្ពុជា។ វាខុសគ្នាច្រើនណាស់…ហើយបានខាតបង់ប្រាក់ចំណូលរាប់សិបលានដុល្លារ”។
អង្គការសង្គមស៊ីវិល៤១អង្គការក៏បានអំពាវនាវឲ្យរដ្ឋាភិបាលពន្យល់អំពីទិន្នន័យផ្ទុយគ្នានេះ ក្នុងលិខិតមួយដែលចុះហត្ថលេខាដោយតំណាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការមាតាធម្មជាតិ និងអង្គការតម្លាភាពកម្ពុជា ក្នុងចំណោមអង្គការជាច្រើនផ្សេងទៀត។
ដោយអំពាវនាវឲ្យរដ្ឋាភិបាលចេញទាំងស្រុងនូវការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងតួលេខបច្ចុប្បន្នភាពដែលទាក់ទិននឹងការបូមខ្សាច់ លិខិតនោះមានខ្លឹមសារថា “យើង ជាក្រុមអង្គការសង្គមស៊ីវិលដែលចុះហត្ថលេខាពីក្រោម មានកង្វល់យ៉ាងខ្លាំងដែលការប្រកបរបរចិញ្ចឹមជីវិតនិងសិទ្ធិមនុស្សនៃបណ្តាសហគមន៍ដែលរងគ្រោះ បន្តរងការប៉ះពាល់ជាខ្លាំងដោយសារការបូមខ្សាច់ក្នុងប្រទេសកម្ពុជា”។
លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន ប្រធានអង្គការមាតាធម្មជាតិ ជាក្រុមបរិស្ថានដែលបានធ្វើយុទ្ធនាការញឹកញាប់ប្រឆាំងនឹងអ្វីដែលហៅថា ជាការបូមខ្សាច់ខុសច្បាប់ បាននិយាយថា ច្បាស់ណាស់ថាជាអ្វីដែលរដ្ឋាភិបាលបានព្យាយាមលាក់បាំងនោះ។
លោកបានសរសេរក្នុងអីុម៉េលមួយកាលពីថ្ងៃអង្គារថា “ក្រុមហ៊ុននានា ដែលតាមពិតទៅ គ្មានអ្វីក្រៅតែពីជាអង្គការចាត់តាំងឧក្រិដ្ឋកម្មដែលធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាលមានអំណាច គឺប្រកាសតែមួយចំណែកដ៏តូចប៉ុណ្ណោះនៃការនាំខ្សាច់ចេញពិតប្រាកដ”។
“ទង្វើនេះបណ្តោយឲ្យពួកគេរកកម្រៃបានច្រើនសម្បើមណាស់ ដែលជាការពិតត្រូវចែកជាមួយមន្ត្រីក្នុងរដ្ឋាភិបាល ដែលផ្តល់ ‘សេវាការពារ’ ដល់ពួកគេ។ គោលបំណងនៃការមិនអើពើនឹងសំណើជាច្រើនរបស់យើងសុំឲ្យមានការពន្យល់អំពីគម្លាតដ៏ធំនេះ មិនពិបាកយល់ទេ គឺដើម្បីឲ្យរឿងរ៉ាវនៅទីបំផុតស្ងប់ទៅវិញបន្តិចម្តងៗ ដូច្នេះការយករ៉ែខ្សាច់បន្តដោយគ្មានឧបសគ្គ ហើយប្រាក់នៅតែហូរចូល”៕ និត (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)