អ្នកកាន់ទុក្ខរាប់រយពាន់នាក់បានហែសពលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ នៅពេលសពត្រូវបានដឹកចេញពីគេហដ្ឋានរបស់លោកនៅក្នុងខេត្តតាកែវ មកកាន់រាជធានីភ្នំពេញ ដើម្បីបូជានៅថ្ងៃអាទិត្យ។
លោក ប៉ែន សុវណ្ណ ដែលជាអតីតនាយករដ្ឋមន្ត្រីដំបូងគេក្រោយរបបខ្មែរក្រហម និងជាសមាជិកស្ថាបនិកនៃកងកម្លាំងឧទ្ទាមដែលបានជួយផ្ដួលរំលំរបបនេះនៅខែមករា ឆ្នាំ១៩៧៩ បានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃសៅរ៍ ក្នុងជន្មាយុ៨០ឆ្នាំ។

លោកតា ម៉េត មួយ អាយុ៧១ឆ្នាំដែលមកពីខេត្តកោះកុង ដើម្បីចូលរួមពិធីដង្ហែនេះនិយាយថា “ខ្ញុំមកទីនេះដើម្បីសម្តែងការដឹងគុណចំពោះភាពក្លាហានរបស់គាត់ ពីព្រោះគាត់បានរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបប ប៉ុល ពត”។
សពរបស់លោកបានទៅដល់វត្តថាន់ នៅម៉ោងប្រហែល១រសៀល ប៉ុន្តែមិនប្រាកដថា តើនឹងបូជានៅទីនោះ ឬក៏អត់ទេ។ សាលារាជធានីបានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិ សុំបូជាសពលោក ប៉ែន សុវណ្ណ ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ នៅសួនច្បារវត្តបទុម។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថ្លែងកាលពីម្សិលមិញថា គណបក្សនៅតែសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលសាលារាជធានី ឱ្យផ្លាស់ប្ដូរចិត្ត៕ សុខុម
