អំឡុងពេល៣ឆ្នាំចាប់តាំងពីភ្ញាក់ផ្អើលចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ដែលមានលទ្ធផលចាញ់ឈ្នះយ៉ាងប្រកៀកប្រកិតគ្នា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រលែងលេងជាមួយនឹងការបែកបាក់សាមគ្គី និងភាពងាយរងគ្រោះក្នុងគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងនយោបាយយ៉ាងពិតប្រាកដតែមួយគត់របស់លោក។

ខែនេះកាលពី១ឆ្នាំមុន លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានឈរនៅចំពោះមុខក្រុមអ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានប្ដេជ្ញាវិលត្រឡប់មកប្រទេសកម្ពុជាវិញ “ទោះខ្ញុំស្លាប់ក៏ដោយ”។ ហើយគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សមួយចំនួនតូច លោកបានប្ដូរចិត្តភ្លាមៗ ហើយបានវិលត្រឡប់ទៅកន្លែងលាក់ខ្លួនដ៏មានសុវត្ថិភាពរបស់លោកវិញនៅក្នុងទីក្រុងប៉ារីស ដើម្បីគេចវេះពីទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
មិនយូរប៉ុន្មាន រដ្ឋាភិបាលបានចាប់ផ្ដើមវាយប្រហារអនុប្រធានរបស់លោក គឺលោក កឹម សុខា ដែលបានជាប់ពាក់ព័ន្ធការស៊ើបអង្កេតយ៉ាងតក់ក្រហល់មួយទាក់ទិនស្នេហាលួចលាក់ជាមួយនារីធ្វើសក់ម្នាក់វ័យ២៥ឆ្នាំ។ ដោយបដិសេធមិនទទួលស្គាល់ការចោទប្រកាន់ទាំងនេះជាសាធារណៈ លោក កឹម សុខា បានប្រឈមតតាំងការគំរាមចាប់ខ្លួន ហើយត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទខកខានក្នុងការចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរ។ លោកមានសេរីភាពនៅឡើយ ដោយរង់ចាំបណ្ដឹងឧទ្ធរណ៍។
នៅពេលសមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិចាប់ផ្ដើមដាក់សម្ពាធលើលោក សម រង្ស៊ី ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ រដ្ឋាភិបាលបានប្រកាសកាលពីចុងខែមុនថា លោកត្រូវបានហាមឃាត់មិនឱ្យឡប់មកវិញ ជាចំណាត់ការមួយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលចែងថា ពលរដ្ឋមានសិទ្ធិចូលប្រទេសវិញ។
វាក៏បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរទៅដែរនូវស្ថានភាពមួយដែលមិនប្រាកដប្រជារួចទៅហើយសម្រាប់គណបក្សសង្គ្រោះជាតិ នៅពេលគណបក្សនេះត្រៀមខ្លួនសម្រាប់ការបោះឆ្នោតមូលដ្ឋានលើកដំបូងរបស់ខ្លួនក្នុងនាមជាគណបក្សប្រឆាំងនៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅ្ឆ្នាំ២០១៨ ដែលខ្លួនសង្ឃឹមថានឹងធ្វើឱ្យគណបក្សនេះបានឡើងកាន់អំណាច។
ទោះបីជាលោក កឹម សុខា ជាប្រធានស្តីទីរបស់គណបក្ស និងដែលអាចជាបេក្ខភាពតំណែងនាយករដ្ឋមន្ត្រី ប្រសិនបើលោក សម រង្ស៊ី មិនទទួលបានការលើកលែងទោស និងការអនុញ្ញាតឲ្យវិលត្រឡប់មកវិញសម្រាប់ការបោះឆ្នោតទេនោះ មេដឹកនាំគណបក្សប្រឆាំងនេះបានមានប្រសាសន៍ថា លោកនៅតែជាគូប្រកួតប្រជែងស្របច្បាប់តែមួយគត់ប្រឆាំងលោក ហ៊ុន សែន។
លោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”ទោះជាមានអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំត្រូវវិលត្រឡប់មកវិញឱ្យបាននៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០១៨ ដើម្បីទប់ស្កាត់កុំឱ្យការបោះឆ្នោតទាំងនោះគ្មានន័យ។ សាកស្រមៃទៅមើល កីឡាករប្រដាល់ម្នាក់នៅលើសង្វៀនប្រដាល់ដែលហាក់ធ្វើពុតជាឈ្នះ ដោយគ្មានគូប្រកួតពិតប្រាកដ?”។
លោក លី ម៉ូហ្គេនបេស័រ (Lee Morgenbesser) ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith University របស់ប្រទេសអូស្ត្រាលី ដែលជំនាញខាងគោលនយោបាយបោះឆ្នោតនៅអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការសម្រេចថាអ្នកណាជាអ្នកត្រូវដឹកនាំគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងត្រូវសម្រេចដោយសត្រូវរបស់ខ្លួន។
លោកលើកឡើងទៀតថា “ខ្ញុំគិតថា កឹម សុខា ត្រូវតែទទួលយកតួនាទីជាមេដឹកនាំតាមព្រឹត្តន័យ។ ដោយសារតែការដឹកនាំមានអំណាចប្រមូលផ្តុំមាននៅក្នុងគណបក្សសង្គ្រោះជាតិ ការនិរទេសខ្លួនរបស់លោក សម រង្ស៊ី ធ្វើឲ្យមានជម្រើសតិចតួចដែលក្រុមទាំងពីរពេញចិត្តដូចគ្នា។ ទោះជាមានអ្វីកើតឡើងក៏ដោយ ខ្ញុំគិតថា លោក សម រង្ស៊ី នឹងមិនអត់ឱនឲ្យលោ កឹម សខា ដឹកនាំគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតលើកក្រោយ។ ទោះជាយ៉ាងណា វារាងចម្លែកត្រង់ថា អ្នកដែលដឹកនាំគណបក្សនេះនៅពេលនោះប្រាកដជានឹងត្រូវកំណត់ដោយលោក ហ៊ុន សែន”។
លោកបានបន្តថា គណបក្សកាន់អំណាចអាចនឹងដើរផ្លូវមួយក្នុងចំណោមផ្លូវពីរទាក់ទិនវិធីដោះស្រាយជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង។លោកគូសបញ្ជាក់ថា “ខ្ញុំគិតថា រឿងមួយក្នុងចំណោមរឿងពីរនឹងកើតឡើង។ ពួកគេនឹងអនុញ្ញាតឱ្យលោក សម រង្ស៊ី វិលត្រឡប់ចូលប្រទេសវិញនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហេតុដូច្នេះធ្វើឲ្យលោកបាត់បង់ឱកាសរៀបចំ និងដឹកនាំគណបក្សសង្គ្រោះជាតិ។ យុទ្ធសាស្ត្រនេះនឹងបង្ហាញថា ពួកគេយកចិត្តទុកដាក់គ្រប់គ្រាន់អំពីវិធីទទួលស្គាល់ការបោះឆ្នោតទាំងផ្ទៃក្នុង និងផ្ទៃខាងក្រៅដើម្បីធ្វើ្ឲ្យវាមានការប្រកួតប្រជែង។ ជាជម្រើស លោក សម រង្ស៊ី នៅខាងក្រៅរហូត ហើយគណបក្សប្រជាជនកម្ពុជា កំពុងបោះជំហានឆ្ពោះទៅរកយុទ្ធសាស្ត្រនៃការបោះឆ្នោតដែលគ្មានការប្រកួតប្រជែង។ យុទ្ធសាស្ត្រនេះនឹងធ្វើឲ្យមានការរិះគន់ខ្លាំងប៉ុន្តែទទួលបានការគាំទ្រពីប្រទេសចិន។ ដោយសារតែអត្ថប្រយោជន៍ និងតម្លៃនៃជម្រើសទាំងនេះ ខ្ញុំនឹងភ្នាល់លុយលើយុទ្ធសាស្ត្រទី១”។
ទោះជាយ៉ាងណា Economist Intelligence Unit ដែលជាក្រុមសេដ្ឋវិទូស្រាវជ្រាវ និងវិភាគបានសរសេរកាលពីម្សិលមិញថា និន្នាការរបស់រដ្ឋាភិបាលដែលទោរទន់ទៅរកប្រទេសចិនមានន័យថា ការផ្លាស់ប្តូរចិត្តចំពោះការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ទំនងជា ”មិនអាចទាយទុកមុនបានឡើយសម្រាប់ពេលអនាគត”។
ក្រុមនេះបានសរសេរនៅក្នុងអត្ថបទមួយស្តីពីផលប៉ះពាល់នៃការនិរទេសខ្លួនរបស់លោក សម រង្ស៊ីថា “ខណៈពីមុនលោក ហ៊ុន សែន ប្រហែលជាព្រួយបារម្ភអំពីការធ្វើឲ្យការបោះឆ្នោតលើកមុនៗក្លាយជាស្របច្បាប់នោះ ការគាំទ្រដ៏ខ្លាំង និងឥតលក្ខខណ្ឌរបស់ប្រទេសចិនបានធ្វើឲ្យលោក និងរបបរបស់លោកកាន់តែមិនអើពើចំពោះកង្វល់របស់លោកខាងលិច។ ទោះជាយ៉ាងនេះក្តី លោក សម រង្ស៊ី ទំនងជានៅមានសង្ឃឹមថា សម្ពាធបរទេសនឹងបង្ខំឲ្យលោក ហ៊ុន សែន ដកថយហើយអនុញ្ញាតឲ្យលោកវិលត្រឡប់មកវិញ ‘ ក្នុងមធ្យោបាយមួយ ឬមធ្យោបាយផ្សេង'”។
ក្រុមនេះបានសរសេរបន្តថា “ស្របពេលដំណាលគ្នានេះ គណបក្សសង្គ្រោះជាតិ នៅតែមិនមានសេរីភាព និងដឹកនាំដោយអនុប្រធានរបស់ខ្លួនគឺលោក កឹម សុខា ដែលបានទៅសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សចាប់តាំងពីខែឧសភាមក ហើយក៏ប្រឈមនឹងការចាប់ខ្លួនផងដែរប្រសិនបើលោកចេញពីកន្លែងនោះ”។
ខណៈទស្សនវិស័យដ៏វែងឆ្ងាយរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពរង្គោះរង្គើនោះ គណបក្សសង្គ្រោះជាតិថ្មីៗនេះបានជួបការមិនស្រុះស្រួលគ្នាជាសាធារណៈដ៏កម្រ។ កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងបក្ស និងជាកូនស្រីរបស់លោក កឹម សុខា នោះបានចំអកឲ្យលោក សម រង្ស៊ី ក្នុងសារមួយចំនួនដែលបង្ហោះតាមគេហទំព័រទ្វីតធើកាលពីខែមុន ចំពោះការមិនត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោក។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីដ៏លេចធ្លោម្នាក់ក្នុងគណបក្សបានគំរាមចាកចេញពីគណបក្សសង្គ្រោះជាតិកាលពីសប្តាហ៍មុន ប្រសិនបើការខ្វែងគំនិតគ្នានៅក្នុងបក្សមិនត្រូវបានដោះស្រាយនោះ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាអង្គការវិភាគគោលនយោបាយសាធារណៈបានលើកឡើងថា ជម្លោះផ្ទៃក្នុងនៅក្នុងគណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២តាមរយៈការច្របាច់ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នោះចៀសមិនរួចទេ។
លោកបានមានប្រសាសន៍ថា ”គណបក្សនេះតែងតែជួបវិបត្តិ។ វាជាការរួមបញ្ចូលគ្នាសម្រាប់ហេតុផល និងភាពចំបាច់ មិនមែនដោយសារទំនាក់ទំនងមិត្តភាពនោះឡើយហើយគណបក្សនេះនៅមិនទាន់ជាគណបក្សដ៏ខ្លាំងនៅឡើយទេ។ បញ្ហាទាំងនេះដែលឥឡូវសាធារណជនសុទ្ធតែបានដឹងឮនោះ មានចាប់តាំងពីថ្ងៃដែលគណបក្សត្រូវបានបង្កើតឡើងម្លេ៉ះ ហេតុដូច្នេះវាគ្មានអីផ្លាស់ប្តូរច្រើនទេ”។
លោក អ៊ូ វីរៈ លើកឡើងទៀតថា ជម្លោះជាសាធារណៈនេះទីបំផុតអាចផ្តល់ផលប្រយោជន៍ដល់គណបក្សនេះបានអាស្រ័យលើថា តើថ្នាក់ដឹកនាំមានប្រតិកម្មយ៉ាងដូចម្តេច។
លោកបានថ្លែងថា “ប្រសិនបើលោក សម រង្ស៊ី ឆ្លើយតបក្នុងនាមជាបុរសដែលមិនអាចទទួលយកការរិះគន់ អ៊ីចឹងនេះមិនមែនជាមេដឹកនាំដែលសមាជិកគ្រប់រូបចង់បាននោះឡើយ។ ប្រសិនបើគាត់ឆ្លើយតបតាមរយៈការពង្រឹងប្រព័ន្ធគណបក្ស ហើយអនុញ្ញាតឲ្យមានវិធីសាស្ត្រ និងការបញ្ចេញមតិផ្សេងៗមួយចំនួន ខណៈរក្សាទស្សនវិស័យរួមឲ្យនៅដដែលនោះ អ៊ីចឹងខ្ញុំគិតថា ទីបំផុតវាមានតែពង្រឹងគណបក្សនេះទៅវិញទេ”។
លោក អៀ សុផល សាស្ត្រចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អេនជឺលែសបានចាត់ទុកការមិនស្រុះស្រួលគ្នាក្នុងពេលថ្មីៗនេះថា ជា”កូនអ្នកនយោបាយស៊ប់នឹងការងារដែលចង់ដំឡើងខ្លួនទៅជាឪគេ”។
លោកបានបន្ថែមថា ទោះជាយ៉ាងណាការបែកខ្ញែកគ្នាមែនទែននៅក្នុងគណបក្សនេះ ជាលទ្ធផលនឹងមានអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះ។
លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាគឺតែងតែធ្វើឲ្យមានការបែកខ្ញែក រួចវាយលុក។ ឥឡូវនេះ គណបក្សនេះធ្វើឲ្យម្នាក់ទៅឆ្ងាយ និងម្នាក់ទៀតសម្ងំនៅក្នុងការិយាល័យ។លទ្ធផលគឺត្រូវកាត់ស្លាបរបស់គណបក្សសង្គ្រោះជាតិដោយប្រើគ្រប់មធ្យោបាយដែលចាំបាច់ ហើយដោយសារការធ្វើដូច្នេះពួកគេអាចទទួលបានអត្ថប្រយោជន៍ទាំងអស់តាមរយៈការប្រកួតប្រជែងមិនស្មើភាព”។
លោកបានបន្ថែមថា ”ក្នុងពេលនេះពួកគេបែកខ្ញែក អ្នកគាំទ្រដំបូងរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក៏នឹងបែកខ្ញែកដែរ តាមទិសដៅផ្សេងៗគ្នា ហើយថា កក្តានោះនឹងបំផ្លាញគណបក្សសង្គ្រោះជាតិ ដោយងាយ”។
លោក សម រង្ស៊ី បានលើកឡើងថា ខណៈគណបក្សសង្គ្រោះជាតិទទួលយកការរិះគន់ ការរួបរួមសាមគ្គីគ្នានៅតែមានសារៈសំខាន់ជាងអ្វីៗទាំងអស់។
លោកបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិគឺជាគណបក្សប្រជាធិបតេយ្យដែលមានសិទ្ធិសេរីភាពបញ្ចេញមតិ និងទទួលយកការខ្វែងយោបល់។ ប៉ុន្តែ ទីបំផុតពេលគណបក្សទាំងមូលធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហាណាមួយ ការរួបរួមសាមគ្គីគ្នាតែងតែកើតមានកាន់តែខ្លាំងឡើងនៅក្នុងបក្សដែលតំណាងរណសិរ្សរួបរួម”។
លោកបានបន្តថា “ការរួបរួមសាមគ្គីគឺមានសារៈសំខាន់នៅក្នុងការយកឈ្នះការបោះឆ្នោតលើកក្រោយៗ ហើយវានឹងជារឿងឆោតល្ងង់បើបណ្តោយឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់លោក ហ៊ុន សែន ដែលកំពុងព្យាយាមបំបែក សម រង្ស៊ី ពី កឹម សុខា”៕ សុខុម និង ស៊ុយឈាង