29 C
Phnom Penh

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​​ក្រសួង​​សុខាភិបាល​​ប្រកាស​​បម្រាម​​ពពោះ​​ជំនួស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលបានហាមការរៀបចំឲ្យមានការពរពោះជំនួសនៅក្នុងប្រទេសកម្ពុជាដោយបញ្ឈប់សកម្មភាពលើអ្វីដែល ទំនងជាឧស្សាហកម្មដែលរីកដុះដាលយ៉ាងឆាប់រហ័ស។ចំណាត់ការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌បានអំពាវនាវឲ្យចាត់់ទុកប្រតិបត្តិការនេះថា ខុសច្បាប់។

ពេលថ្លែងទៅកាន់តំណាងនៃសហគមន៍សុខាភិបាលកម្ពុជាអំឡុងកិច្ចប្រជុំមួយនៅក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ លោក  ម៉ម  ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសបម្រាមលើការពពោះជំនួសនេះបើយោងតាមបុគ្គលិកមកពីមន្ទីរសម្រាកព្យាបាលមួយនៅក្នុងរាជធានីភ្នំពេញដែលមានវត្តមានអំឡុងកិច្ចប្រជុំនេះ។

បម្រាមនេះស្ថិតក្នុងចំណោមវិធានការផ្សេងៗទៀតដែលដាក់ចេញនៅក្នុងប្រកាស ថ្មីស្តីអំពីការគ្រប់គ្រងឈាម អូវ៉ុល ខួរឆ្អឹង និងកោសិកាដែលលោក ម៉ម ប៊ុនហេង បានអនុម័តយល់ព្រមកាលពីសប្តាហ៍មុន។

ប្រកាសចុះកាលបរិច្ឆេទថ្ងៃទី២៤ខែតុលាមានខ្លឹមសារដូច្នេះថា “រាល់ការពពោះជំនួសដែលជាសេវាមួយនៃកញ្ចប់សេវានានានៃការជួយឲ្យមានកូនតាមបែបបច្ចេកទេសវិទ្យាសាស្ត្រ (Assisted Reproductive Technology) ត្រូវបានហាមឃាត់ដាច់ខាត”។

ប្រកាសនេះក៏បានហាមលើការបរិច្ចាគមេជីវិតដែលមានលក្ខណៈពាណិជ្ជកម្មផងដែរ ហើយតម្រូវឲ្យគ្លីនិក និងវេជ្ជបណ្ឌិតជំនាញដែលផ្តល់សេវាបង្កកំណើតក្នុងកែវ សុំការអនុញ្ញាតពីក្រសួង។

អ្នកជំនាញប៉ាន់ប្រមាណថា មានអ្នកផ្តល់សេវាពពោះនឹងភ្នាក់ងារកម្រៃជើងសារហូតដល់៥០កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងនោះភាគច្រើនបានប្តូរអាជីវកម្មរបស់ខ្លួនមកទី នេះដើម្បីឆ្លើយតបនឹងប្រទេសផ្សេងៗនៅតំបន់អាស៊ី រួមមានដូចជាប្រទេសឥណ្ឌា នេប៉ាល់ និងប្រទេសថៃជាដើម ដែលមានការរឹតបន្តឹងច្បាប់ជុំវិញប្រតិបត្តិការនេះ ឬក៏ហាមទាំងស្រុងនោះ។

គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើអ្នកផ្តល់សេវាពពោះជំនួសនឹងត្រូវផ្តល់ពេលវេលាបន្ថែមដើម្បីរៀបគម្រោងផ្សេង ថា តើនឹងមានវិធានការអ្វីដើម្បីពង្រឹងការអនុវត្ត និងថា តើនឹងមានផលវិបាកអ្វីសម្រាប់ ស្ត្រីដែលកំពុងមានផ្ទៃពោះ និងអ្នកដែលនឹងត្រូវក្លាយជាឪពុកម្តាយនៅភាគីម្ខាងទៀតនៃប្រតិបត្តិការនេះនោះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលនិងក្រសួង យុត្តិធម៌មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

កាលពីខែសីហា ក្រសួងកិច្ចការនារីបានជួបប្រជុំជាមួយសមាជិករដ្ឋាភិបាលនិងអង្គការសុខភាពមួយចំនួនដើម្បីពិភាក្សាពីការឆ្លើយតបរបស់ខ្លួនចំពោះរបាយការណ៍ដែលភ្នាក់ងារពពោះជំនួសបានមកកាន់ប្រទេសកម្ពុជា។ កាលពីចុងខែមុន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអំពាវនាវឱ្យមានបម្រាមលើការពពោះជំនួសនេះ ដោយចាត់ទុកថា វាជាទម្រង់នៃការជួញដូរមនុស្ស។

ប្រធានមន្ទីរសម្រាកព្យាបាលផ្នែកផ្តល់សេវាពពោះជំនួសដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភថា កន្លែងរបស់លោកនឹងត្រូវផ្តោតគោលដៅដោយអាជ្ញាធរនោះបានមានប្រសាសន៍ថា លោកមិនដឹងពីប្រកាសនេះទេ។

លោកបានលើកឡើងតាមអីុម៉េលថា       ”យើងសង្ឃឹមថា លោក ម៉ម ប៊ុនហេង នឹងផ្តល់ពេលវេលាសមស្របដល់អ្នកដែលប្រាថ្នាចង់ក្លាយជាឪពុកម្តាយគេ ស្វែងរកអ្នកផ្សេងមកពពោះកូនរបស់ខ្លូនដែលមិនទាន់កើតជំនួសពួកគេ”។

លោកបានបន្ថែមថា ”ប្រសិនបើយើងមិនអាចស្វែងរកវិធីតាមផ្លូវច្បាប់ដើម្បីជួយស្ត្រីពពោះជំនួសដែលកំពុងមានផ្ទៃពោះដោយខ្លួនយើងទេនោះ នោះយើងនឹងណែ នាំដល់អ្នកដែលប្រាថ្នាចង់ក្លាយជាឪពុកម្តាយនោះ ស្នើឱ្យស្ថានទូតរបស់ពួកគេជួួយ ហើយត្រៀមខ្លួនជួយ”។

លោក Sam Everingham ប្រធានក្រុមតស៊ូមតិដែលមានមូលដ្ឋានៅអូស្ត្រាលីឈ្មោះ  Families Through Surrogacy បានថ្លែងថា លោកបារម្ភដែលមន្ត្រីទាំងនេះប្រញាប់ដាក់បម្រាមដោយមិនបានស៊ើបអង្កេតលើវិស័យនេះឱ្យបានត្រឹមត្រូវនោះ។

លោកបានលើកឡើងតាមអីុម៉េលថា “គ្រប់ប្រទេសទាំងអស់មានសិទ្ធិកំណត់ថា តើសេវាសុខភាពអ្វីដែលខ្លួនផ្តល់ឱ្យជនបរទេសនោះ។ ប៉ុន្តែខ្ញុំបារម្ភថា បម្រាមនេះត្រូវបានធ្វើដោយគ្មានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវពីសំណាក់អាជ្ញាធរកម្ពុជាពីឧស្សាហកម្មក្នុងស្រុកនេះ ជាពិសេសផលវិបាកសម្រាប់អ្នកពពោះជំនួស”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស