ដោយពាក់មួកការពារ និងព័ទ្ធជុំវិញដោយកម្មករពាក់អាវសុវត្ថិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកត្រាក់ទ័រឈូសពង្រាបផ្លូវពណ៌លឿងកាលពីម្សិលមិញ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវជនបទប្រវែង១.២០០គីឡូម៉ែត្រ ដែលចំណាយទឹកប្រាក់អស់១៩២លានដុល្លារ។
លោក ហ៊ុន សែន ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងពិធីមួយក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំថា “ខ្ញុំព្រះករុណាខ្ញុំសូមគូសបញ្ជាក់នៅទីនេះថា នយោបាយហេដ្ឋាចរនាសម្ព័ន្ធរបស់ខ្ញុំព្រះករុណាខ្ញុំក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជានៅតែជានយោបាយត្រឹមត្រូវបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យឈានឡើង”។
ពិធីនោះបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ដែលស្ថាបនាអំឡុងដំណាក់កាលទី១នៃគម្រោង ដែលក្នុងនោះបានកែលម្អផ្លូវក្រាលក្រួសក្រហមប្រវែង៥៤៣គីឡូម៉ែត្រឱ្យទៅជាផ្លូវចាក់បេតុងក្នុងខេត្តចំនួនប្រាំបីចាប់តាំងពីឆ្នាំ២០១១។
ការសន្យាស្ថាបនាផ្លូវ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតត្រូវបានសាងសង់ឡើងយ៉ាងប្រទាក់ក្រឡាគ្នាជាយូរមកហើយជាមួយយុទ្ធនាការរបស់គណបក្សកាន់អំណាច។ រយៈពេល៥ខែមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ លោក ហ៊ុន សែន បានថ្លែងសុន្ទរកថានៅពិធីបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៦A ដោយលើកឡើងថា ការបោះឆ្នោតប្រឆាំងគណបក្សប្រជាជនកម្ពុជានឹងធ្វើឱ្យគម្រោងស្ថាបនាផ្លូវ និងការសាងសង់វត្តអារាម និងសាលារៀនស្ថិតក្នុងហានិភ័យ។
លោកនាយករដ្ឋមន្ត្រីបាននិយាយដល់អ្វីដែលនឹងកើតឡើងប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតថា ”រាល់គម្រោងទាំងអស់នឹងត្រូវលុបបំបាត់…។ សូម្បីគម្រោងដូចជាម៉ាស៊ីនបូមទឹកស្រោចស្រពស្រែប្រាំងជាដើម”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ដំណាក់កាលទី១នៃគម្រោងស្ថាបនាផ្លូវជនបទបានបញ្ចប់កាលពីម្សិលមិញ ដោយចំណាយទឹកប្រាក់អស់៦៨,៦៥លានដុល្លារ ជាមួយថវិការបស់រាជរដ្ឋាភិបាល ថវិកាមកពីធនាគារអភិវឌ្ឍន៍ជនបទ ថវិកាមកពីប្រទេសកូរ៉េខាងត្បូង និងមូលនិធិអភិវឌ្ឍន៍Nordic។ លោកបានបន្ថែមថា ការកែលម្អបានរាលដាលដល់ខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
លោកបានក្រើនរំឭកកាលពីម្សិលមិញថា “នៅពេលដែលផ្លូវល្អ សុំមេត្តាតែម៉្យាងទេ កុំបើកលឿនពេក”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា យើងធ្លាប់តែធ្វើដំណើរតាមផ្លូវលំចាស់ទៅលើចម្ងាយផ្លូវត្រឹមតែ៣០គីឡូម៉ែត្រទេ ត្រូវប្រើពេល១ម៉ោង ឬ១ម៉ោងកន្លះឯណោះ។ ឥឡូវនេះកសិករនឹងអាចកាត់បន្ថយតម្លៃនៃការដឹកផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ។
លោកបានថ្លែងថា “ឥឡូវឈានរាលដាលមកកាន់ការធ្វើផ្លូវលំដោយចាក់កៅស៊ូ និងចាក់បេតុង ដែលរឿងនេះកាលពីអតីតកាលយើងមិនបានគិតដល់ទេ ហើយក៏មិនបានស្រមៃថា យើងមានលទ្ធភាពបែបនោះផងដែរ។
ដំណាក់កាលទី២នៃគម្រោងនឹងមានរហូតដល់ឆ្នាំ២០២០ ហើយគ្របដណ្ដប់ខេត្តចំនួន១០ ជាមួយថវិកាចេញពីរដ្ឋាភិបាលចំនួន១៧,៧៩លានដុល្លារ ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន៥៤លានដុល្លារ ហិរញ្ញប្បទានពីកូរ៉េខាងត្បូងចំនួន៤១លានដុល្លារ និងហិរញ្ញប្បទានពីប្រទេសអូស្ត្រាលីចំនួន១៨,៥២លានដុល្លារ ព្រមទាំងពីអ្នកផ្ដល់មូលនិធិមួយចំនួនទៀតផងដែរ៕ សារុន