ដោយប្រឈមនឹងលទ្ធផលមិនល្អខ្លាំងឡើងទាក់ទិននឹងបញ្ជីនាំចេញខ្សាច់ ដែលខុសគ្នារាប់សិបលានម៉ែត្រគូបពីបញ្ជីរក្សាទុកដោយអង្គការសហប្រជាជាតិនោះ ក្រសួងរ៉ែនិងថាមពលបាននិយាយកាលពីថ្ងៃពុធថា ការបូមខ្សាច់ខុសច្បាប់ត្រូវបានបំបាត់ពីប្រទេសកម្ពុជាហើយ ប៉ុន្តែកំណែទម្រង់នៅតែត្រូវការចាំបាច់។
ក្រសួងបាននិយាយក្នុងលិខិតគ្មានចុះហត្ថលេខាដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា “យើងបានបំបាត់ទាំងស្រុងនូវអាជីវកម្មខ្សាច់អនាធិបតេយ្យតាមដងទន្លេនិងសមុទ្រ និងប្រមូលបានចំណូលសួយសាររ៉ែពីអាជីវកម្មខ្សាច់ជាង៧លានដុល្លារគិតពីខែមិថុនាឆ្នាំ២០១៥មកដល់បច្ចុប្បន្ននេះ”។ លិខិតបាននិយាយបន្ថែមថា ឧស្សាហកម្មនេះ “ក៏នៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ”។
ពីឆ្នាំ២០០៥ដល់ឆ្នាំមុន ប្រទេសនានានៅទូទាំងពិភពលោកបានរាយការណ៍អំពីការនាំចេញខ្សាច់ខ្មែរច្រើនជាង៧៥លានតោន ទៅប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ ឬប្រហែល៤៦,៨លានម៉ែត្រគូប។ ប៉ុន្តែស្ថិតិពីអគ្គនាយកដ្ឋានគយនិងរដ្ឋាកររបស់ក្រសួងហិរញ្ញវត្ថុបង្ហាញតែ១៤,៣លានតោនចេញពីប្រទេសនេះ គឺប្រហែល៨.៩លានម៉ែត្រគូបប៉ុណ្ណោះ។
អង្គការសង្គមស៊ីវិល៤១អង្គការក៏បានចេញលិខិតមួយកាលពីថ្ងៃអង្គារអំពាវនាវឲ្យរដ្ឋាភិបាលពន្យល់អំពីភាពមិនស្របគ្នានេះ រីឯគណបក្សសង្គ្រោះជាតិក៏បានគំរាមថានឹងកោះហៅលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកសភាជាតិដើម្បីឆ្លើយបំភ្លឺ។
ក្នុងការឆ្លើយតបរបស់ខ្លួនកាលពីថ្ងៃពុធ ក្រសួងនេះបានអំពាវនាវឲ្យសង្គមស៊ីវិល “ផ្តល់ទិន្នន័យបន្ថែមដែលអាចមាន ដើម្បីឲ្យក្រសួងកំណត់បានមូលហេតុពិតប្រាកដអំពីភាពខុសគ្នារវាងទិន្នន័យទាំងពីរ។ ក្រសួងកំពុងធ្វើការពិនិត្យលម្អិតឡើងវិញដោយយកចិត្តទុកដាក់។
ក្រសួងបាននិយាយថា “ក្រសួងរ៉ែនិងថាមពលបានចាត់វិធានការរួចហើយ ដើម្បីផ្អាកជាបណ្តោះអាសន្ននូវការចេញអាជ្ញាប័ណ្ណថ្មី និងការនាំចេញខ្សាច់ដោយក្រុមហ៊ុននានា ដោយតម្រូវឲ្យក្រុមហ៊ុនផ្តល់ឯកសារដែលត្រូវការចាំបាច់ដើម្បីពង្រឹងប្រសិទ្ធភាពរបស់យើង ក្នុងការគ្រប់គ្រងពាណិជ្ជកម្មខ្សាច់ និងការនាំចេញខ្សាច់”។
លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន ប្រធានអង្គការមាតាធម្មជាតិ ជាអង្គការក្រៅរដ្ឋាភិបាលផ្នែកបរិស្ថានដែលបានធ្វើយុទ្ធនាការប្រឆាំងអ្វីដែលខ្លួននិយាយថា ការបូមខ្សាច់ខុសច្បាប់ មិនជឿជាក់ថាក្រសួងនេះស្មោះនោះទេ។
“ប្រសិនបើក្រសួងចង់ឲ្យប្រជាពលរដ្ឋជឿថា ពួកគេស្មោះត្រង់ចំពោះការសហការបែបនេះ មុនដំបូងពួកគេគួរទៅសហគមន៍នៅតាមមាត់សមុទ្រដែលខូចខាតដោយការយករ៉ែខ្សាច់ និងឃើញផលប៉ះពាល់ដោយខ្លួនឯង ជាអ្វីដែលពួកគេមិនដែលបានធ្វើ ចាប់តាំងពីផែនការមិនស្មោះត្រង់នេះបានចាប់ផ្តើមនៅឆ្នាំ២០០៨មក”។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ជាហត្ថលេខីម្នាក់នៃលិខិតពីអង្គការក្រៅរដ្ឋាភិបាលនានា និងបានស្នើជាច្រើនដងឲ្យក្រសួងពាក់ព័ន្ធ “បញ្ចេញព័ត៌មានភ្លាមៗ ដើម្បីឲ្យសាធារណជនអាចមើលឃើញការពិត”។
លោកបាននិយាយថា “ទោះបីជាមានការសន្យាធ្វើកំណែទម្រង់ស៊ីជម្រៅសំខាន់ៗមួយចំនួនក៏ដោយ ក៏ល្បឿននៃការកែទម្រង់យឺតណាស់ ហើយជាញឹកញាប់ត្រូវបានរំខានដោយសារការប្រឆាំងពីអ្នកដែលមិនចង់ឲ្យស្ថានការណ៍នេះរួចផុតពីដៃគេទេ ដោយសារតែផលប្រយោជន៍បុគ្គល”។
លោក មីហ្គែល ឆានកូ (Miguel Chanco) អ្នកវិភាគដ៏សំខាន់ប្រចាំតំបន់សម្រាប់ Economist Intelligence Unit បាននិយាយថា ចំនួនតួលេខសរុបខុសគ្នានេះបានបញ្ជាក់យ៉ាងច្បាស់នូវភាពមិនអាចជឿទុកចិត្តបាននៃស្ថិតិសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកបានសរសេរក្នុងអីុម៉េលថា “ខ្ញុំមិនរំពឹងថា រឿងអាស្រូវដែលគេដឹងឮទូទៅទាក់ទិននឹងភាពមិនស្របគ្នានេះ នឹងកែប្រែអ្វីដែលជាការយល់ឃើញអវិជ្ជមានស្រាប់នោះទេ”។
“រឿងអាស្រូវគ្រាន់តែជួយពង្រឹងការយល់ឃើញទាំងនេះលើតួលេខសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈដែលធ្វើឲ្យមានការសង្ស័យកាន់តែច្រើនលើទំហំអំពើពុករលួយក្នុងឧស្សាហកម្មនេះប៉ុណ្ណោះ”៕ និត (រាយការណ៍បន្ថែមដោយ អូន ភាព)