34 C
Phnom Penh

មេធាវី​​​អះអាង​​​​​​​​​​​​ទុក​​​ភ័ស្តុតាង​​​​​​​​​សម្រាប់ប្តឹង​​​​​​ឧទ្ធរណ៍​​​​​​ដែលថា សមាជិក​​​ព្រឹទ្ធ​​​សភា​​​គ្មាន​​​ទោស​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីការពារសមាជិកព្រឹទ្ធសភាបក្សប្រឆាំងដែលត្រូវប្តឹងដោយសារតែចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានបញ្ជាឲ្យធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយបាននិយាយកាលពីថ្ងៃពុធថា លោកមានភ័ស្តុតាងដែលបង្ហាញថា កូនក្តីរបស់លោកគ្មានកំហុសទេ ប៉ុន្តែត្រូវរក្សាទុកវាសម្រាប់ប្តឹងឧទ្ធរណ៍។

អ្នកស្រី ថាក់ ឡានី ជាសមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍និងញុះញង់ទាក់ទងនឹងការថ្លែងរបស់អ្នកស្រីនៅក្នុងខេត្តរតនគីរី ដែលគេថតទុក។ វីដេអូឃ្លីបបានចាក់ឲ្យមើលក្នុងថ្ងៃទីមួយនៃសវនាការរបស់អ្នកស្រីនៅតុលាការក្រុងភ្នំពេញកាលពីខែមុន។ នៅក្នុងវីដេអូនោះ គេឃើញនិងឮអ្នកស្រីនិយាយប្រាប់ក្រុមអ្នកគាំទ្របក្សប្រឆាំងថា “ឥឡូវលោក ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទេ។ នៅមិននៅ ឡើងចុះៗ បែរជាទៅបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ”។

បុរសម្នាក់ដែលបានចាប់ខ្លួនពីបទបាញ់ប្រហារអះអាងថា ខ្លួនបានបាញ់ ដោយសារតែលោក កែម ឡី ជំពាក់ប្រាក់ខ្លួន៣០០០ដុល្លារ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនជឿថា ខ្មាន់កាំភ្លើងរូបនេះទទួលបញ្ជាពីគេ។ លោក ហ៊ុន សែន បានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធទេ។

នៅចុងបញ្ចប់នៃថ្ងៃទីពីរនិងថ្ងៃចុងក្រោយនៃសវនាការកាលពីថ្ងៃពុធ មេធាវីអ្នកស្រី ឡានី លោក សំ សុគង់ បាននិយាយថា លោកមានវីដេអូឃ្លីបផ្ទាល់របស់លោកនៃព្រឹត្តិការណ៍ខេត្តរតនគីរី ដែលបង្ហាញថាកូនក្តីលោកគ្មានទោសទេ។ លោកបាននិយាយដោយសំដៅលើសាលាឧទ្ធរណ៍ថា “ប៉ុន្តែយើងមិនបានដាក់ទៅតុលាការជាន់ទាបទេ ព្រោះយើងចង់ផ្តល់វីដេអូនេះទៅតុលាការជាន់ខ្ពស់”។

លោកបាននិយាយថា “យើងចង់ឃើញថា នគរបាលនិងព្រះរាជអាជ្ញារងមានភ័ស្តុតាងអ្វីខ្លះដើម្បីចោទប្រកាន់កូនក្តីខ្ញុំ”។

ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃពុធ លោក សុគង់ បានលើកឡើងថា វីដេអូរបស់អយ្យការគួរទម្លាក់ចោល ព្រោះភ័ស្តុតាងគឺមានអាថ៌កំបាំង ហើយព្រោះព្រឹត្តិការណ៍នៅខេត្តរតនគីរី គឺជារឿងឯកជនសម្រាប់សមាជិកបក្សប៉ុណ្ណោះ ដោយចាត់ទុកថាវីដេអូឃ្លីបដែលបានថតនោះថាខុសច្បាប់។

លោក គី តិច មេធាវីលោក ហ៊ុន សែន បានផ្តល់ទឡ្ហីករណ៍ថា តាមពិតព្រឹត្តិការណ៍នោះជាវេទិកាសាធាធារណៈ។ លោក លី សុផាណាបាននិយាយថា ការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភារូបនេះអាចបង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់សាធារណៈ។

លោកបាននិយាយថា “អាចមានភាពចលាចល ព្រោះតែអ្វីដែលអ្នកស្រី ឡានីបានធ្វើ ហើយវាអាចធ្វើឲ្យប្រជាជនក្រោកឈរប្រឆាំងនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន”។

អ្នកស្រី ឡានី មិនបានចូលរួមសវនាការទេ ហើយគេក៏មិនបានឃើញអ្នកស្រីជាសាធារណៈដែរ ចាប់តាំងមានបណ្តឹងកាលពីខែកក្កដាមក។

តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែវិច្ឆិកា៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស