ក្នុងចំណោមអ្នកកាន់ទុក្ខរាប់រយនាក់ដែលបានចូលរួមក្នុងពិធីបុណ្យសពលោក ប៉ែន សុវណ្ណ នាយករដ្ឋមន្ត្រីទី១របស់កម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមកាលពីម្សិលមិញ គឺអ្នកស្រី ប៉ែន សូណា កូនស្រីអាយុ៤២ឆ្នាំរបស់លោក និងជាកូនម្នាក់ក្នុងចំណោមកូនៗ៣នាក់ដែលលោកមានជាមួយប្រពន្ធជនជាតិវៀតណាមអំឡុងពេលរស់នៅក្នុងប្រទេសវៀតណាម។
លោក ប៉ែន សុវណ្ណ ដែលបានជួយប្រមូលផ្តុំក្រុមឧទ្ទាមដែលជួយផ្តួលរំលំរបបប៉ុល ពត នោះ លែងទទួលបានការទុកចិត្តពីវៀតណាម មិនយូរប៉ុន្មានបន្ទាប់ពីពួកគេបានលើកបន្តុបលោកឲ្យឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៨១ ភាគច្រើនដោយសារតែលោកប្រឆាំងនឹងការត្រួតត្រារបស់ពួកគេ ហើយក្រោយមកបានជាប់ពន្ធនាគារ និងត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងប្រទេសវៀតណាម។
អ្នកស្រី ប៉ែន សូណា បានលើកឡើងថា គ្រួសាររបស់អ្នកស្រីមិនដឹងថាគេចាប់ខ្លួនគាត់ ឡើយរហូតទាល់តែពីរឆ្នាំក្រោយទើបដឹង។
អ្នកស្រីបាននិយាយកាលពីម្សិលមិញក្នុងវត្តថាន់ថា ”យើងបានប្តឹងទៅអាជ្ញាធរវៀតណាមស្នើសុំឲ្យពួកគេពន្យល់ថា តើហេតុអ្វីបានជាពួកគេចាប់ឪពុករបស់ខ្ញុំ ហើយប្រសិនបើឪពុករបស់ខ្ញុំធ្វើខុសនៅកម្ពុជា ពួកគេមិនគួរចាប់គាត់ទេ។ ប្រសិនបើគាត់ធ្វើខុសនៅកម្ពុជាគាត់គួរតែត្រូវបានដាក់ទោសទណ្ឌនៅកម្ពុជា”។
អ្នកស្រី ប៉ែន សូណា ដែលនៅក្មេងនៅឡើយអំឡុងពេលនោះបានលើកឡើងទៀតថា ក្រោយមកអ្នកស្រីបានឃើញឪពុករបស់អ្នកស្រីដែលទទួលមរណភាពកាលពីថ្ងៃសៅរ៍ ក្នុងជន្មាយុ៨០ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនចេញពី”គុកងងឹត”ទៅឃុំក្នុងផ្ទះនៅក្នុងទីក្រុងហាណូយក្នុងឆ្នាំ១៩៨៦។
អ្នកស្រីបាននិយាយថា ”ទោះបីជាគាត់មិនបានប្រាប់អ្វីៗទាំងអស់ដល់យើងក៏ដោយ តែអ្នកគ្រប់គ្នាក្នុងគ្រួសាររបស់យើងសុទ្ធតែដឹងថា គេធ្វើបាបគាត់យ៉ាងដូចម្តេចនៅក្នុងពន្ធនាគារ”។
លោក ប៉ែន សុវណ្ណ មាននិស្សិតខ្មែរបានទៅសួរសុខទុក្ខជាប្រចាំពេលត្រូវបានឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែតែងតែស្ថិតក្រោមការឃ្លាំមើលរបស់ទាហានវៀតណាមជាប់ជានិច្ច នេះបើយោងតាមការឲ្យដឹងបន្តពីអ្នកស្រីប៉ែន សូណា។
អ្នកស្រីបានលើកឡើងថា “អំឡុងពេលនោះ មានតែនិស្សិតទេដែលបានទៅសួរសុខទុក្ខគាត់ហើយបាននិយាយរឿងផ្សេងៗ ប៉ុន្តែនៅពេលនោះខ្ញុំអត់ចេះនិយាយខ្មែរទេ ហេតុដូច្នេះខ្ញុំអត់ដឹងថាពួកគាត់និយាយគ្នាអំពីអ្វីនោះឡើយ។ ពួកគេបានដាក់សន្តិសុខឲ្យយាមជុំវិញផ្ទះ ហើយពួកគេបានឃ្លាំមើលរាល់សកម្មភាព”។
លោក ងួន ញិុល អនុប្រធានទី២រដ្ឋសភាបានឈៀងចូលទៅវត្តនេះមួយភ្លែតកាលពីម្សិលមិញ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធលោក ប៉ែន សុវណ្ណ ជួសមុខឲ្យរដ្ឋសភា។

ទោះជាយ៉ាងណា លោក អេង ឆៃអ៊ាង តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិដែលលោក ប៉ែន សុវណ្ណ បានក្លាយជាតំណាងរាស្ត្ររបស់ខ្លួននៅក្នុងឆ្នាំ២០១៣នោះ បានស្តីបន្ទោសមន្ត្រីគណបក្សប្រជាជនកម្ពុជាជាច្រើនរូបដែលធ្វើព្រងើយកន្តើយមិនឲ្យតម្លៃចំពោះពិធីបុណ្យសពនេះ។
លោកបានប្រាប់អ្នកយកព័ត៌មានអំឡុងពិធីបុណ្យសពថា ”គាត់ជាអ្នកដែលរំដោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ប៉ុល ពត បើយើងដឹងគុណពីការរំដោះហ្នឹង យើងត្រូវតែដឹងគុណដល់ការលះបង់របស់ឯកឧត្តម ប៉ែន សុវណ្ណ”។
លោកបានបន្ថែមថា “ខ្ញុំស្ទើរតែមិនគួរឲ្យជឿ ពេលនេះហាក់បីដូចជាគ្មានមន្ត្រីគណបក្សប្រជាជនកម្ពុជាណាមួយរូបដែលមានចិត្តសំដែងសមានចិត្តចំពោះឯកឧត្តម បែ៉ន សុវណ្ណ”។
ដោយសាលារាជធានីច្រានចោលសំណើរបស់ខ្លួនសុំបូជាសពលោក ប៉ែន សុវណ្ណ នៅសួនច្បារមុខវត្តបទុមក្នុងរាជធានីភ្នំពេញនោះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយលើកឡើងថា ពិធីបុណ្យសពនេះនឹងធ្វើឡើងនៅវត្តឫស្សីសាញ់ក្នុងខណ្ឌដង្កោជំនួសវិញ។
បើទោះជាលោក ប៉ែន សុវណ្ណ មានអាជីពនយោបាយមិននឹងធឹងក៏ដោយ ក៏អ្នកស្រី ប៉ែន សូណា ជឿថា ពលរដ្ឋខ្មែរនឹងចងចាំឪពុករបស់ខ្លួនដែរ។
អ្នកស្រីបាននិយាយថា ”គាត់គឺជាវីរ បុរស។ គាត់យកជាតិដាក់លើក្បាលគាត់។ គាត់បម្រើប្រទេសជាតិ ស្រឡាញ់ប្រទេសជាតិ។គាត់ស្រឡាញ់ប្រជាជនខ្មែរ”។
អ្នកស្រីបាននិយាយបន្ថែមថា”គេចាប់ខ្លួនគាត់ដោយសារគេចោទគាត់ថា ក្បត់ជាតិក្បត់ប្រជាជន ប៉ុន្តែ តាមពិតមិនអ៊ីចឹងទេ។ ប្រជាជនគេដឹងអស់ហើយ”៕ ស៊ុយឈាង