33 C
Phnom Penh

ការពពោះ​ជំនួស​ផ្អាក​បណ្តោះអាសន្ន​ ខណៈរដ្ឋាភិបាល​ព្រាង​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បម្រាមលើការមានផ្ទៃពោះដោយការពពោះជំនួសដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ នឹងនៅតែអនុវត្តដដែល រហូតដល់រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ការពារស្ត្រីខ្មែរដែលផ្តល់កំណើតដល់កូនរបស់ឪពុកម្តាយផ្សេងរួច។

លោក ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់បម្រាមនេះដើម្បីទុកពេលឲ្យរដ្ឋាភិបាលព្រាងច្បាប់ឱ្យបានត្រឹមត្រូវសម្រាប់ប្រតិបត្តិការនេះ ដែលរីកដុះដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបង្ក្រាបដោយដ្ឋាភិបាលនៅទូទាំងតំបន់អាស៊ី។

គេនៅតែមិនច្បាស់នៅឡើយកាលពីម្សិលមិញ ថាតើបម្រាមនេះនឹងមានផលប៉ះពាល់យ៉ាងដូចម្តេចចំពោះស្ត្រីដែលមានផ្ទៃពោះរួចទៅហើយ ដោយសារការរៀបចំឱ្យមានការពពោះជំនួស និងអនាគតឪពុកម្តាយទារកដែលគេកំពុងពពោះឲ្យ។

ចាប់ពីពេលនេះទៅ ការពពោះជំនួស “ត្រូវបានហាមឃាត់ទាំងស្រុង” នេះបើយោងតាមប្រកាសថ្មីស្តីពីការគ្រប់គ្រងឈាម អូវ៉ុល ខួរឆ្អឹង និងកោសិកាដែលលោកម៉ម ប៊ុនហេង បានអនុម័តយល់ព្រមកាលពីថ្ងៃទី២៤ ខែតុលា ហើយបានផ្សព្វផ្សាយទៅដល់មន្ទីរសុខាភិបាលនៅសប្តាហ៍នេះ ។

លោក ហុក ខៀវ បានមានប្រសាសន៍ថា វាឆាប់ពេកហើយក្នុងការនិយាយថា នៅពេលណាច្បាប់ថ្មីនឹងត្រូវបានដាក់ចេញ ឬសេវាជាក់លាក់អ្វីនឹងត្រូវអនុញ្ញាត ឬហាមឃាត់នោះ។

លោកបានថ្លែងថា ”យើងមិនទាន់ច្បាស់នៅឡើយទេ។ ក្រសួងយុត្តិធម៌នឹងរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស និងគិតគូរថា តើអត្ថប្រយោជន៍អ្វីដែលស្ត្រីទទួលបានពីការពពោះជំនួសនេះ”។

បុគ្គលិកនៅមន្ទីរសម្រាកព្យាបាលមួយដែលផ្តល់សេវាពពោះជំនួសនៅក្នុងរាជធានីភ្នំពេញដែលសុំមិនបញ្ចញឈ្មោះដោយបារម្ភថា កន្លែងរបស់គាត់នឹងត្រូវផ្តោតគោលដៅដោយអាជ្ញាធរនោះបាននិយាយថា ខ្លួននឹងគោរពតាមប្រកាសនេះ ហើយបានផ្អាកប្រតិបត្តិការភ្លាមៗ។

មន្ទីរសម្រាកព្យាបាលនេះយកតម្លៃពី៣២.០០០ដុល្លារទៅ៤៥.០០០ដុល្លារក្នុងកូនម្នាក់សម្រាប់សេវារបស់ខ្លួន ហើយបង់ប្រាក់ដល់ស្ត្រីពពោះជំនួសចំនួន១០.០០០ដុល្លារដោយការបង់ជាដំណាក់កាល ហើយផ្តល់ច្រើនជាងនេះប្រសិនបើកូនភ្លោះ។

អ្នកជំនាញបានព្យាករថា មន្ទីរសម្រាកព្យាបាលមួយចំនួននឹងផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសកាណាដា អ៊ុយក្រែន ហ៊្សកហ្ស៊ី និង សហរដ្ឋអាមេរិក បើទោះជាសេវានៅទីនោះមានតម្លៃថ្លៃ ឬរើសអើងនឹងប្តីប្រពន្ធដែលមានភេទដូចគ្នាក៏ដោយ។

លោក ហុក ខៀវ បានមានប្រសាសន៍ថា គ្លីនិក ឬមន្ទីរពេទ្យមួយចំនួនដែលផ្តល់សេវាដល់អ្នកផ្តល់សេវាពពោះជំនួស ខណៈកំពុងមានការអនុវត្តបម្រាមនោះ តម្រូវឱ្យមានការអនុញ្ញាតជាពិសេសពីក្រសួង។

លោកបានថ្លែងថា “ប្រសិនបើមានគ្លីនិកឬមន្ទីរពេទ្យដែលផ្តល់សេវាទាំងនោះដោយគ្មានការអនុញ្ញាត យើងនឹងពិនិត្យមើលសកម្ម ភាពរបស់ពួកគេ ហើយសម្រេចថា តើត្រូវដាក់ទោសទណ្ឌអ្វី”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេ៕ សារុន  (រាយការណ៍បន្ថែមដោយ Sonia Kohlbacher និងAisha Down)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស