30 C
Phnom Penh

ជន​​​សង្ស័យ​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​ពី​​​បទ​​​រំលោភ​​​បូក​​​លើ​​​ក្មេង​​​ស្រី​​​អាយុ​​​១៥ឆ្នាំនៅ​​​ខេត្ត​​​ស្វាយ​​​រៀង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមនគរបាលបានឱ្យដឹងថា ជនសង្ស័យបីនាក់ពាក់ព័ន្ធករណីរំលោភបូកលើក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនក្នុង ខេត្តស្វាយរៀងកាលពីព្រឹកម្សិលមិញ ចំណែកជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន។

លោក កែវ សុថា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា បុរសបួននាក់បានដើរតាមក្មេងស្រីរូបនេះរហូតដល់ផ្ទះជួលរបស់នាងកាលពីព្រឹកព្រលឹមថ្ងៃម្សិលមិញក្នុងក្រុងបាវិតដែលនាងបានស្នាក់នៅតែម្នាក់ឯង។

លោកបានថ្លែងថា នៅពេលជនរងគ្រោះដែលជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្បែរនោះបានមកដល់ផ្ទះនៅម៉ោងប្រហែល៥និង១០នាទីព្រឹក ស្រាប់តែបុរសទាំងនោះបានរុញនាងចូលទៅក្នុងផ្ទះ ហើយបានចាប់រំលោភតែម្ដង។

លោក កែវ សុថា បានមានប្រសាសន៍ថា  “បុរសពីរនាក់បានរំលោភនាង ហើយបុរសពីរនាក់ទៀតបានជួយចាប់ជើងនិងដៃ”។

បន្ទាប់ពីបុរសទាំងពីរនេះបានផ្លាស់ប្ដូរគ្នារំលោភនាងរួច ជនរងគ្រោះបានខំប្រឹងរើបម្រះរួច ហើយបានរត់ចេញក្រៅផ្ទះស្រែកឱ្យគេជួយ ដោយធ្វើឱ្យភ្ញាក់ដល់អ្នកជិតខាងដែលបានរាយការណ៍ប្រាប់នគរបាលអំពីហេតុការណ៍នោះ។

បុរសទាំងនេះបានរត់គេចខ្លួនមុនពេលនគរបាលមកដល់ ប៉ុន្តែមន្ត្រីនគរបាលបានតាមចាប់ពួកគេបានបីនាក់។

របាយការណ៍នគរបាលជាតិបានកំណត់អត្តសញ្ញាណជនសង្ស័យទាំងបួននាក់គឺឈ្មោះ ស៊ាវ តារា អាយុ២០ឆ្នាំ សុខ ផា អាយុ១៩ឆ្នាំ វណ្ណ វណ្ណដារា អាយុ១៩ឆ្នាំ និង ញួន ចាន់ថា អាយុ២០ឆ្នាំ។

ស៊ាវ តារា និង សុខ ផា សារភាពថា បានរំលោភជនរងគ្រោះអំឡុងការសាកសួររបស់នគរបាល ចំណែក វណ្ណដារា សារភាពថាបានជួយចាប់ដៃនិងជើងមែន។

លោក កែវ សុថា បានមានប្រសាសន៍ថា បុរសទាំងបីនាក់កំពុងត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ។

លោកបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់ជនរងគ្រោះទេ៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស