38 C
Phnom Penh

ជនជួញដូរគ្រឿងញៀន​​សារភាពទោស​អំឡុងសវនាការ​​ក្រោយ​បាញ់​ប្រហារ​បណ្តាល​ឲ្យមនុស្សស្លាប់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសអាយុ៣៧ឆ្នាំម្នាក់ដែលការចាប់ខ្លួនរូបគេកាលពីខែសីហា នាំឱ្យឈានដល់មានការឆ្មក់ចូលដែលបណ្ដាលឱ្យមានមនុស្សស្លាប់នោះ បានសារភាពអំឡុងពេលបើកសវនាការកាលពីម្សិលមិញថា ខ្លួនបានជួញដូរថ្នាំមេតំហ្វេតាមីនគ្រាប់ ខណៈសហចុងចោទពីរនាក់អះអាងថា ខ្លួនគឺជាអ្នកលក់ទាខ្វៃដែលនគរបាលចាប់ច្រឡំជាមួយមេខ្លោងនៃក្រុមជួញដូរគ្រឿងញៀន។

នៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លី វីរៈ បានសារភាពថា ពិតជាបានជួញដូរគ្រឿងញៀនមែន ជាពិសេសថ្នាំញៀនប្រភេទគ្រាប់ដែលផលិតចេញពីមេតំហ្វេតាមីន និងកាហ្វេអុីន។

បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមេសា លី វីរៈ បាននាំនគរបាលទៅកាន់ភូមិគ្រឹះមួយនៅក្នុងខណ្ឌទួលគោកកន្លែងដែលការបាញ់ប្រហារបានផ្ទុះឡើងដោយបណ្ដាលឱ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ ទាន ករុណា និងគូកនរបស់ លី វីរៈ ម្នាក់ ឈ្មោះ លឹម តេង អាយុ៣៦ឆ្នាំបានស្លាប់។

លី វីរៈ បានទទួលកំហុសថា ពិតជាបានជួញដូរគ្រឿងញៀនមែនអំឡុងពេលបើកសវនាការកាលពីម្សិលមិញ ប៉ុន្តែបានបដិសេធថា មិនស្គាល់សហចុងចោទឈ្មោះ លី កុកហ៊ុយ អាយុ៦៤ឆ្នាំ ទី អា៊ង អាយុ៤៥ឆ្នាំ ស៊ុន ដារ៉ូ អាយុ២៣ឆ្នាំ និង ត្រាវ រិទ្ធារ៉ា អាយុ១៨ឆ្នាំនោះឡើយ។ លី កុកហ៊ុយ និង ទី អា៊ង ដែលសុទ្ធតែត្រូវបានចោទប្រកាន់ថា បានជួញដូរគ្រឿងញៀនដោយចូលរួមជាមួយក្រុមជនល្មើស រក្សាទុក និងដឹកជញ្ជូនអាវុធខុសច្បាប់នោះបានបដិសេធការចោទប្រកាន់ទាំងនេះ។

ពួកគេបាននិយាយថា ខ្លួនគ្រាន់តែជាអ្នកលក់ទាខ្វៃដែលខ្វៃទានៅពីក្រោយភូមិគ្រឹះនេះប៉ុណ្ណោះ។ សវនាការនេះនឹងបន្តនៅថ្ងៃទី២៥ ខែវិច្ឆិកា៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស