លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាន់តែខិតកៀកនឹងជាប់ពន្ធនាគារកាលពីថ្ងៃសុក្រ ក្នុងខណៈដែលសាលាឧទ្ធរណ៍តម្កល់សាលក្រមកាលពីខែកញ្ញា ដែលផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ៥ខែពីបទខកខានមិនបានចូលបំភ្លឺក្នុងរឿងក្តីសញ្ចារកម្ម។
លោក ហែម សុជាតិ មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្តី៥នាក់របស់លោក សុខា បាននិយាយថា “ខ្ញុំខកចិត្តខ្លាំងណាស់ចំពោះការសម្រេចតម្កល់សាលក្រមប្រឆាំងនឹងកូនក្តីខ្ញុំ។ រឿងក្តីនេះមានសញ្ញាជាហេតុផលនយោបាយ”។
លោក សុខា ដែលកំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីខែឧសភា ដើម្បីគេចពីការចាប់ខ្លួន មិនបានចូលរួមក្នុងសវនាការទេ ប៉ុន្តែលោក សុជាតិ បាននិយាយថា កូនក្តីរបស់លោកនឹងប្តឹងទៅតុលាការកំពូលនៅចុងខែនេះ។ អាជ្ញាធរបាននិយាយថា ពួកគេនឹងមិនចាប់ខ្លួនលោក សុខា ទេ រហូតទាល់តែតុលាការកំពូលប្រកាសសាលដីកាលើករណីនេះសិន។
ទោះបីជាលោក សុខា ដំបូងឡើយស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយពីបទសូកប៉ាន់ទាក់ទងនឹងការចោទថាមានស្នេហាលួចលាក់ជាមួយស្ត្រីវ័យ២៥ឆ្នាំក៏ដោយ ក៏រឿងក្តីនោះត្រូវបានលុបពីលើដោយរឿងក្តីទីពីរ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិស្តីទីរូបនេះមិនបានចូលខ្លួនបំភ្លឺកាលពីថ្ងៃទី១៧និង២៦ ខែឧសភា។
មេធាវីការពារបានផ្តល់ទឡ្ហីករណ៍ថា បទល្មើសនោះ”មិនជាក់ស្តែង”ទេ ជាវាក្យស័ព្ទច្បាប់ដែលមានន័យថា ការប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលអនុញ្ញាតឲ្យមានការចាប់ខ្លួនអ្នកតំណាងរាស្ត្រ ហើយហេតុដូច្នេះ លោក សុខា គួរមានការការពារឲ្យរួចផុតពីការផ្តន្ទាទោស ដោយសារតែមានអភ័យឯកសិទ្ធិសភារបស់លោកដែលអាចដកបាន លុះត្រាតែមានសំឡេង២ភាគ៣នៅក្នុងសភា។
លោក សុជាតិ បានសួរសំដៅលើដីកាកោះលើកទីពីរថា “បើព្រះរាជអាជ្ញាសន្និដ្ឋានថា វាជាករណីជាក់ស្តែង ចុះហេតុអ្វីបានជាគាត់បន្តកោះហៅកូនក្តីខ្ញុំឲ្យចូលបំភ្លឺនៅថ្ងៃទី២៦ ខែឧសភា?”។
លោក សេង ស៊ីវុត្ថា ចៅក្រមជំនុំជម្រះនៅតែប្រកាន់ជំហរឥតផ្លាស់ប្តូរ។
ចៅក្រម ស៊ីវុត្ថា បានប្រាប់តុលាការថា “កឹម សុខា ជាមន្ត្រីសាធារណៈ អ៊ីចឹង គាត់គួរជាគំរូសម្រាប់ប្រជាពលរដ្ឋ និងសាក្សីផ្សេងទៀតឲ្យចូលបំភ្លឺ”។
លោក សុជាតិ បាននិយាយថា ក្រុមមេធាវីលោក សុខា មានគម្រោងរង់ចាំរហូតដល់ថ្ងៃចុងបញ្ចប់នៃរយៈពេលកំណត់តាមច្បាប់៣០ថ្ងៃ ដើម្បីប្តឹងទាស់ទៅតុលាការកំពូល។
លោកបាននិយាយថា “ដោយសារតែគេមានបំណងរុញរឿងក្តីនេះប្រឆាំងកូនក្តីខ្ញុំឲ្យបានឆាប់រហ័ស យើងនឹងមិនដាក់ប្តឹងទាស់ភ្លាមៗបានទេ ដោយសារតែវាហាក់ដូចជារុញកូនក្តីខ្ញុំទៅឲ្យជាប់ពន្ធនាគារ”។
លោកបាននិយាយថា “យើងកត់សម្គាល់ឃើញថា តុលាការជាន់ខ្ពស់ ដូចជាសាលាឧទ្ធរណ៍និងតុលាការកំពូល តែងតែតម្កល់សាលក្រមរបស់តុលាការជាន់ទាប”។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលបានសម្រេចចិត្តស្នាក់នៅក្រៅប្រទេស បន្ទាប់ពីមានដីកាចាប់ខ្លួនលោកកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានហាមឃាត់មិនឲ្យវិលមកប្រទេសកម្ពុជាវិញ ដែលអាចថា គណបក្សនេះក៏នឹងមិនមានមេដឹកនាំដែលមានសេរីភាពនៅក្នុងប្រទេសដែរ។
ទោះជាយ៉ាងនេះក្តី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកដ៏លេចធ្លោបក្សប្រឆាំងបានមានបន្ទូលថា ព្រះអង្គ”មិនព្រួយបារម្ភអំពីការអាចឥតមានមេដឹកនាំនយោបាយទេ។
ព្រះអង្គមានបន្ទូលថា “អំឡុងពេលគណបក្សសម រង្ស៊ី សម រង្ស៊ីអាចទៅបាត់ ហើយគណបក្សនៅតែមានដំណើរការទៅមុខ។ ឥឡូវនេះ ដរាបណាយើងមានរបៀបវារៈនយោបាយនិងកម្មវិធីនយោបាយ ដរាបនោះយើងអាចមានដំណើរការទៅមុខ ដោយគ្មានប្រធាននិងអនុប្រធាន”។
ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា វាសនាលោក សុខា បានស្ថិតក្នុងដៃគណបក្សកាន់អំណាច។
ព្រះអង្គមានបន្ទូលថា “វាគ្រាន់តែពឹងផ្អែកលើយុទ្ធសាស្ត្រគេប៉ុណ្ណោះ”។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបាននិយាយថា ការឃុំខ្លួនក្នុងផ្ទះដោយស្ម័គ្រចិត្តរបស់លោក សុខា ស្មើនឹងការជាប់ពន្ធនាគារខ្លួនឯង។
លោកបាននិយាយថា “ទោះជាយ៉ាងនេះក្តី គាត់មិនចេញពីការិយាល័យ។ ការខុសគ្នាតែមួយគត់រវាងការិយាល័យនិងពន្ធនាគារ គឺការដែលគាត់អាចជួបអ្នកផ្សេង”។
តាមលោក វីរៈ ការចាប់ខ្លួនលោក សុខា អាច “ធ្វើឲ្យលែងមាន”សមត្ថភាពគណបក្សសង្គ្រោះជាតិក្នុងការជំរុញកម្មវិធីនិងគោលនយោបាយដែលជាប់ទាក់ទងគ្នា។ លោកបាននិយាយថា “និយាយបែបនេះ…គណបក្សនេះមិនបានអនុវត្តកត្តាទាំងអស់នេះទេ”។
ប៉ុន្តែលោក វីរៈបាននិយាយថា វាទំនងជាចំណុចដែលអាចយកមកពិភាក្សាគ្នាបាន។
លោកបាននិយាយថា “ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាឆ្លាតណាស់ដែលមិនចាប់ខ្លួនគាត់” ព្រោះថាវិធានការបែបនេះអាចបង្កើតឲ្យមាន”ទុក្ករបុគ្គលថ្មី” ហើយនាំឲ្យមានភាពចលាចលដែលនឹងមិនអត់ឱនដោយសម្ព័ន្ធមិត្តមានអំណាចរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងពិភពពាណិជ្ជកម្មនេះ។
លោកបាននិយាយថា “ស្ថានការណ៍ពិបាក ឬមិននឹងននឹងធ្វើឲ្យមានផលប៉ះពាល់ដ៏ធំលើបរិយាកាសវិនិយោគ។ ទីបំផុត វានឹងប៉ះពាល់ដល់មុខជំនួញនានា”៕