សពលោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីទី១នៃប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហម ហើយបានទទួលមរណភាពក្នុងនាមជាតំណាងរាស្ត្រគណបក្សប្រឆាំងនោះ ត្រូវបានបូជាក្នុងវត្តមួយនៅជាយរាជធានីភ្នំពេញកាលពីម្សិលមិញនៅពិធីមួយដែលចូលរួមជាអធិបតីដោយឥស្សរជនឆ្នើមៗជាច្រើនរូបនៅក្នុងគណបក្សប្រឆាំង។
មឈូសតម្កល់សពលោក ប៉ែន សុវណ្ណ ត្រូវបានផ្តល់ព្រះភ្លើងដោយលោក សឺន សុប៊ែរ្តិ៍ អ្នកនយោបាយ និងជាសាស្ត្រាចារ្យដ៏ឆ្នើមមួយរូបដែលឪពុករបស់លោក គឺលោក សឺន សាន ជាមេដឹកនាំចលនាតស៊ូប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញដែលបានកាន់អំណាចបន្តពីរបប ប៉ុល ពត។
លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាងំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានថ្លែងសុន្ទរកថាទៅកាន់ក្រុមមនុស្សប្រហែល៥០០នាក់ មានមិត្តិភក្តិ ក្រុមគ្រួសារ និងអ្នកគាំទ្រលោក ប៉ែន សុវណ្ណ ដែលបានជួបជុំគ្នានៅវត្តឫស្សីសាញ់ ស្ថិតក្នុងខណ្ឌដង្កោ។
លោក ប៉ុល ហំម បានមានប្រសាសន៍ថា លោកបានជួបលោក ប៉ែន សុវណ្ណ ដំបូងនៅពេលគាត់បានក្លាយជាសមាជិកស្ថាបនិករបស់គណបក្សសិទ្ធិមនុស្សក្នុងឆ្នាំ២០០៧ ដោយរួមកម្លាំងជាមួយលោក កឹម សុខា ដែលឥឡូវនេះជាអនុប្រធានគណបក្សប្រឆាំង។
លោក ប៉ុល ហំម បានថ្លែងថា “មុនពេលខ្ញុំធ្លាប់បានជួបគាត់ យើងគ្រាន់តែឮថា គាត់ជាមេដឹកនាំដែលបានរំដោះប្រទេសខ្មែរពីរបបខ្មែរក្រហម ហើយផ្អែកតាមសុន្ទរកថារបស់លោក គាត់ជាអ្នកជាតិនិយម បើទោះបីជាគាត់បានរស់នៅក្នុងប្រទេសវៀតណាមអស់រយៈពេលច្រើនឆ្នាំក៏ដោយ”។
លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំគិតថា គាត់គឺជាផ្នែកមួយនៃការរក្សាគំរូស្នេហាជាតិសម្រាប់យុវជនជំនាន់ក្រោយ”។
ជាផ្នែកនៃចលនាកុម្មុយនីស្តដែលធ្វើឱ្យខ្មែរក្រហមកើតឡើង លោក ប៉ែន សុវណ្ណ បានភៀសខ្លួនទៅប្រទេសវៀតណាមក្នុងឆ្នាំ១៩៧៤ ដោយភ័យខ្លាចបាត់បង់ជីវិត ហើយបានធ្វើការដើម្បីប្រមូលផ្តុំក្រុមឧទ្ទាមខ្មែរដែលបានចូលរួមជាមួយកងទ័ពវៀតណាមក្នុងការបណ្តេញរបបនេះចេញពីអំណាចក្នុងខែមករា ឆ្នាំ១៩៧៩។ លោកបានក្លាយជានាយករដ្ឋមន្ត្រីនៃរបបដែលគាំទ្រដោយវៀតណាមក្នុងឆ្នាំ១៩៨១ ប៉ុន្តែក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ លោកត្រូវបានបណ្តេញចេញ ហើយត្រូវបានចាប់ដាក់ពន្ធនាគារក្នុងប្រទេសវៀតណាមចំពោះការព្យាយាមប្រឆាំងការត្រួតត្រារបស់វៀតណាម។

បើទោះមជ្ឈដ្ឋានជាច្រើនចាត់ទុកលោក ជា “បិតា” នៃកងកម្លាំងដែលទីបំផុតបានផ្តួលរំលំរបប ប៉ុល ពត នោះ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានព្យាយាមចាត់ទុកលោកជា”មេដឹក នាំចិត្តចង្អៀតចង្អល់” ដែលបានផ្តោតអាទិភាពលើអធិបតេយ្យកម្ពុជាជុំវិញការការពាររបបថ្មីប្រឆាំងការគំរាមកំហែងបន្តដោយឧទ្ទាមខ្មែរក្រហម និងកងកម្លាំងផ្សេងទៀតតស៊ូប្រឆាំងនឹងរបបនេះ។
លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា ការដែល គាត់ត្រូវបានបណ្តេញ ចេញភ្លាមៗពីនាយករដ្ឋមន្ត្រីនោះ គឺជាភ័ស្តុតាងនៃភាពស្នេហាជាតិរបស់គាត់។
ដោយលើកឡើងពីការរិះគន់ដែលជារឿយៗត្រូវបានលើកឡើងដដែលៗដោយគណបក្សសង្គ្រោះជាតិនោះ លោកបានមានប្រសាសន៍ថា “ដោយសារតែភាពស្មោះត្រង់ និងប្តេជ្ញាដើម្បីផលប្រយោជន៍ជាតិ គាត់បានធ្វើឱ្យមេដឹកនាំវៀតណាមមិនសប្បាយចិត្តជាមួយគាត់។ គាត់មិនគាំទ្រការហូរចូលរបស់ជនជាតិវៀតណាមរាប់ពាន់គ្រួសារមកក្នុងខេត្តទាំង២៤របស់កម្ពុជា។គាត់ក៏ប្រឆាំងការកាត់ទឹកដីខ្មែរនៅតាមព្រំដែនឱ្យទៅជាទឹកដីវៀតណាមផងដែរ” ។
រដ្ឋាភិបាលបានច្រានចោលសំណើសុំបូជាសពលោក ប៉ែន សុវណ្ណនៅសួនមុខវត្តបទុមកណ្តាលរាជធានី ដោយពន្យល់ថា មានតែថ្នាក់ដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ដែលកំពុងកាន់អំណាចប៉ុណ្ណោះទើបមានសិទ្ធិទទួលបានការរៀបចំពិធីនៅទីសាធារណៈនេះ។
អ្នកស្រី កែម ថន អាយុ៦៥ឆ្នាំ ជាមិត្តភក្តិរបស់លោក ប៉ែន សុវណ្ណ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០នោះបាននិយាយថា កន្លែងរៀបចំពិធីនេះមិនស័ក្តិសមចំពោះមនុស្សម្នាក់ដែលសំខាន់បំផុតចំពោះប្រវត្តិសាស្ត្ររបស់កម្ពុជាឡើយ។
អ្នកស្រីបាននិយាយដល់ពន្ធនាគារធំបំផុតក្នុងរាជធានីថា “វាមិនស័ក្តិសមសម្រាប់គាត់ដែលបានលះបង់ពេញមួយជីវិតរបស់គាត់ដើម្បីជាតិឡើយ ហើយត្រូវបានបូជានៅជិតពន្ធនាគារព្រៃសបែបនេះ”។
អ្នកស្រីបានបន្ថែមថា “ឥឡូវនេះគាត់បានទទួលមរណភាពទៅហើយមែន ប៉ុន្តែភាពក្លាហាន និងសេចក្តីថ្លៃថ្នូររបស់គាត់មិនស្លាប់ឡើយ មិនដូចមនុស្សគ្មានការអប់រំមួយចំនួនដែលបានធ្វើឲ្យរឿងអាក្រក់ទៅជារឿងល្អ និងសទៅជាខ្មៅឡើយ”៕សារុន