33 C
Phnom Penh

រដ្ឋាភិបាល​​​ចាត់ទុក​​​ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​សហប្រជាជាតិ​​​​​​ថា “​​​ខុស​​​ច្បាប់”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីក្រសួងការបរទេសនិយាយថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ “ធ្វើហួសព្រំដែនកំណត់” ដោយសារការរិះគន់របស់ខ្លួនចំពោះសេចក្តីសម្រេច និរទេសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងចេញពីប្រទេសរួចមក កាលពីម្សិលមិញ អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកស្ថាប័ននេះថា “ខុសច្បាប់” ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលើកឡើងថា ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)ប្រចាំកម្ពុជា នឹងធ្វើប្រតិបត្តិការដោយខុសច្បាប់ ប្រសិនបើខ្លួនមិនបន្តអនុស្សរណៈនៃការយោគយល់ (MoU) របស់ខ្លួនជាមួយក្រសួងការបរទេសទេនោះ។

លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនយកចិត្តទុកដាក់ចំពោះការិយាល័យមួយនេះឡើយទុកជាការពិន័យ។ លោកមានប្រសាសន៍សំដៅដល់ MoU នោះថា “យើងមិនអើពើជាមួយពួកគេទេ។ យើងមិនចាត់ទុកជាផ្លូវការទេរាល់របាយការណ៍ ឬការអនុវត្តរវាងរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិនោះ។ គ្មានទម្ងន់អ្វីទាំងអស់ដោយសារតែពិធីសារមិនត្រូវចុះហត្ថលេខា។ វាគ្មានហត្ថលេខាជាមួយក្រសួងការបរទេសទេ វាមានន័យថា វាខុសច្បាប់”។

វាមានរយៈពេលជិតមួយឆ្នាំមកហើយចាប់តាំងពីកិច្ចព្រមព្រៀងរបស់ OHCHR ធ្វើសហប្រតិបត្តិការជាមួយក្រសួងការបរទេសផុតសុពលភាព ប៉ុន្តែការិយាល័យនេះនៅតែបន្តធ្វើសកម្មភាពជួបជាមួយមន្ត្រីរដ្ឋាភិបាល ទទួលប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមកកាន់កម្ពុជា និងចូលរួមពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាកាន់តែយ៉ាប់យឺុនទៅ ខណៈការបោះឆ្នោតខិតជិតមកដល់។

រដ្ឋាភិបាលនឹងមិនព្រមបន្ត MoU ឡើយប្រសិនបើគ្មានការដាក់បញ្ចូលចំណុចបន្ថែមស្តីពីអង្គការសហប្រជាជាតិគោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទេនោះ។

ក្នុងលិខិតមួយផ្ញើជូនលោកស្រី គ្លែរ វ៉ានដឺ វ៉ារ៉េន (Claire Van der Vaeren) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានបន្ទោសការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំពោះការទាមទារការបកស្រាយជុំវិញសេចក្តីសម្រេចកាលពីខែមុនហាមលោក សម រង្ស៊ី មិនឲ្យចូលប្រទេសកម្ពុជាវិញ។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ការលើកឡើងរបស់លោកស្រី វ៉ាន ហៀលី (Wan-Hea Lee) តំណាង OHCHR ប្រចាំប្រទេសកម្ពុជា “ធ្វើហួសព្រំដែនកំណត់របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ” ហើយថា លោកស្រី “បានបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា”។

លិខិតនោះមានខ្លឹមសារថា ដោយសារតែស្ថានភាពទាំងនេះ និង MoU ផុតសុពលភាព “ការធ្វើប្រតិបត្តិការ និងសកម្មភាពបច្ចុប្បន្នរបស់ OHCHR នៅកម្ពុជា រួមទាំងការធ្វើប្រតិបត្តិការ និងសកម្មភាពនៃតំណាងប្រចាំប្រទេសរបស់ខ្លួនផង គឺសុទ្ធតែខុសច្បាប់”។

ទោះជាយ៉ាងណា លោកស្រី វ៉ាន ហៀលី មិនបានឆ្លើយតបទេក្រោយមានសំណើជាច្រើនសុំលោកស្រីធ្វើអត្ថាធិប្បាយចាប់តាំងពីថ្ងៃសុក្រមក។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេទាក់ទិនលិខិតរបស់លោករដ្ឋមន្ត្រី។

នៅក្នុងការលើកឡើងដែលនាំឲ្យមានការស្តីបន្ទោសលើកចុងក្រោយេនះ លោកស្រី វ៉ាន ហៀលី មានប្រសាសន៍ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលហាមឃាត់លោក សម រង្ស៊ី ដែលមានសញ្ជាតិខ្មែរ និងបារាំងត្រូវការការបកស្រាយ ឬកែប្រែជាបន្ទាន់ ពីព្រោះវាបំពានច្បាប់អន្តរជាតិផ្សេងៗដែលការពារសិទ្ធិរបស់ពលរដ្ឋ។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយផ្ញើមកកាន់កាសែត ខេមបូឌា ដេលី ថា “សេចក្តីសម្រេចបិទច្រកមិនឲ្យលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា ដែលត្រូវបានប្រកាសជាសាធារណៈ គ្មានធាតុផ្សំណាមួយដែលអាចឲ្យវាយតម្លៃបានថាវាសមហេតុផលឡើយ ពោលគឺវាបង្ហាញថា សេចក្តីសម្រេចេនះគ្មានហេតុផល និងធ្វើឡើងតាមអំពើចិត្ត”។

ការនិរទេសលោក សម រង្ស៊ី ដែលកំពុងរស់នៅបរទេសរួចទៅហើយដើម្បីគេចវេះទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ត្រូវបានធ្វើឡើងតាមរយៈសារាចរណែនាំមួយចេញកាលពីថ្ងៃទី១៨ ខែតុលា ដោយនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

សារាចរណែនាំនោះបញ្ជាឲ្យមន្ត្រីនៅតាមអាកាសយានដ្ឋាន និងច្រកព្រំដែនអន្តរជាតិនានាប្រុងប្រយ័ត្ន និង “ចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងប្រទេសកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់”។ក្រៅពីបំពានអនុសញ្ញាអន្តរជាតិដែលកម្ពុជា បានចុះហត្ថលេខាទទួលស្គាល់ សារាចរណែនាំនេះក៏បំពានរដ្ឋធម្មនុញ្ញដែលធានាការពារសិទ្ធិរបស់ពលរដ្ឋក្នុងការវិលត្រឡប់មកកាន់ប្រទេសវិញដែរ។ រដ្ឋធម្មនុញ្ញចែងថា “ពលរដ្ឋខ្មែរត្រូវមានសិទ្ធិធ្វើដំណើរ និងតាំងលំនៅឯបរទេស និងវិលត្រឡប់មកប្រទេសវិញ”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា លោក សម រង្ស៊ី បង្កហានិភ័យសន្តិសុខខ្លាំងពេក ទើបបានជាមិនអនុញ្ញាតឲ្យចូលប្រទេសវិញ ទោះបីជារដ្ឋធម្មនុញ្ញចែងបែបណាក៏ដោយ។

លើកឡើងពីបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលដឹកនាំដោយលោក សម រង្ស៊ី ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ដ៏ចម្រូងចម្រាស លោកថ្លែងថា “លោក សម រង្ស៊ី មិនចង់បានសន្តិភាពទេ គាត់ចង់ឲ្យតែកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាម ធ្លាក់ចូលក្នុងស្ថានភាពចលាចល។ យើងតែងតែការពាររដ្ឋធម្មនុញ្ញរបស់យើង ប៉ុន្តែយើងមិនអាចស្វាគមន៍អ្នកណាដែលចង់ឲ្យកម្ពុជា វិលទៅរកសង្គ្រាមស៊ីវិលវិញទេ”។

លោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា រដ្ឋាភិបាលគ្មានកាតព្វកិច្ចបកស្រាយសេចក្តីសម្រេចរបស់ខ្លួនប្រាប់អង្គការសហប្រជាជាតិ ឬរដ្ឋាភិបាលបរទេសឡើយ។”យើងមិនមែនជារដ្ឋជាប់អាណានិគមដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិទេ។ យើងធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ វាខុសគ្នា”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស