33 C
Phnom Penh

អង្គរក្ស​​​​នាយក​រដ្ឋមន្ត្រី​ដែល​​​ជាប់​​​ទោស​ពីបទ​​​វាយ​​​ដំ​​លើ​តំណាង​​​​​​រាស្ត្រ​​ ចេញ​ពី​​ពន្ធនា​គារ​​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គរក្សបីនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានចោទប្រកាន់ពីបទវាយដំលើតំណាងរាស្ត្រគណបក្សប្រឆាំងយ៉ាងព្រៃផ្សៃកាលពីឆ្នាំមុនត្រូវបាន  ដោះ លែងពីពន្ធនាគារកាលពីថ្ងៃសុក្រ  បន្ទាប់ពីជាប់ពន្ធនាគារយៈពេល១ឆ្នាំ ហើយនៅតែមិនទាន់មានសញ្ញានៃការស៊ើបអង្កេតឱ្យបានកាន់តែស៊ីជម្រៅលើការចោទប្រកាន់ដែលថា ការវាយដំនេះរៀបចំដោយមន្ត្រីថ្នាក់លើ។

cam-photo-bodyguardsលោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានទាញចេញពីរថយន្តរបស់ខ្លួនភ្លាមៗបន្ទាប់ពីចេញពីរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា ហើយត្រូវបានទាត់ធាក់  និងជាន់ជញ្ជ្រំនៅលើផ្ទៃមុខ និងរាងកាយយ៉ាងរន្ថើនដោយបុរសស្លៀកពាក់ស៊ីវិលមួយចំនួន។

ក្រោយមក  បុរសបីនាក់ដែលត្រូវបានកំណត់អត្តសញ្ញាណថា  ជាសមាជិកនៃកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន នោះ បានប្រគល់ខ្លួននៅប៉ុន្មានថ្ងៃក្រោយមក ហើយបានសារភាពចំពោះការវាយដំនោះ  ប៉ុន្តែអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងបានច្រានចោលដោយចាត់ទុកពួកគេថាជាអ្នករងថ្មបាក់។

ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង សុត វន្នី អាយុ៤៥ឆ្នាំ បានលើកឡើងថា ពួកគេបានធ្វើការវាយដំ បន្ទាប់ពីតំណាងរាស្ត្រទាំងពីររូបនេះជេរប្រមាថពួកគេពីក្នុងរថយន្ត។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពួកគេពីបទបង្កអំពើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ ទោសកាលពីខែឧសភា  ហើយបានសម្រេចផ្ដន្ទាទោសឱ្យពួកគេជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៤ឆ្នាំ  ប៉ុន្តែតម្រូវឱ្យអនុវត្តទោស១ឆ្នាំ ដោយទោសនៅសល់ត្រូវបានព្យួរ។

លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានលើកឡើងថា បុរសទាំងបីនាក់នេះត្រូវបានដោះលែងពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ហើយថា លោកសង្ឃឹមថា ពួកគេនឹងទទួលបានការងារត្រឡប់មកវិញ។

លោកបានមានប្រសាសន៍ថា  ”តាមពិតទៅយើងមិនត្រូវរើសអើងអតីតទណ្ឌិតទេ យើងចង់លើកទឹកចិត្តឱ្យគ្នាចេញទៅវិញហ្នឹងមានការងារធ្វើទៅ។ កុំឱ្យតែទៅប្រព្រឹត្តបទល្មើសអ្វីផ្សេងទៀត”។

លោក ហេង ដាលីន អ្នកនាំពាក្យបញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកមិនដឹងទេថាតើបុរសទាំងនេះនឹងត្រឡប់ទៅកងអង្គរក្សវិញឬក៏អត់នោះ។

តំណាងរាស្ត្រទាំងពីររូបនេះ និងមេធាវីរបស់ខ្លួនបានរិះគន់ភ្លាមៗថា ទោសជាប់ពន្ធនាគារដែលសម្រេចដោយសាលាដំបូងរាជធានី គឺស្រាលពេកហើយ ហើយបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ភ្លាមៗតែម្តង។

លោក ជូង ជូងី មេធាវីមួយរូបក្នុងចំណោមមេធាវីរបស់ពួកគេបានលើកឡើងកាលពីម្សិលមិញថា លោកមិនទទួលបានដំណឹងពីសាលាឧទ្ធរណ៍អំពីសំណុំរឿងនេះតាំងពីពេលនោះមក។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយការពារការអូសបន្លាយពេលនេះ។  លោកបានមានប្រសាសន៍ថា “សួរថាតើដំណើរការរយៈពេលហ្នឹងវាខុសនឹងច្បាស់ដែរឬអត់? វាអត់មានខុសនឹងច្បាប់ទេ ពីព្រោះច្បាប់មិនបានកំណត់រយៈពេលប៉ុន្មានដែលត្រូវដោះនៅឧទ្ធរណ៍ទេ”។

លោកបានបន្ថែមថា “ជាទូទៅនៅឧទ្ធរណ៍រឿងខ្លះឆាប់ រឿងខ្លះយូរ ហ្នឹងវាអាស្រ័យទៅតាមភាពស្មុគស្មាញនៃសំណុំរឿងនីមួយៗ មិនមែនបានន័យរឿងដាក់មុនត្រូវតែដោះមុននោះទេ។ លោកបានបន្ថែមទៀតថា “ប៉ុន្តែយើងដឹងហើយសំណុំរឿងគ្រប់រាជធានីខេត្តទាំងអស់ មកបុកនៅឧទ្ធរណ៍តែមួយ អ៊ីចឹងជួនកាលវាមិនអាចបានឆាប់ដូចដែលយើងចង់បាននោះបានទេ”។

បន្ទាប់ពីអង្គរក្សទាំងបីនាក់នេះប្រគល់ខ្លួន តំណាងរាស្ត្រទាំងពីររូបនេះ និងក្រុមមេធាវីការពារពួកគេក៏បានដាក់ពាក្យប្ដឹងក្រសួងមហាផ្ទៃដោយជំរុញឱ្យបន្តការស៊ើបអង្កេតផងដែរ។ វីដេអូស្ដីពីការវាយដំនេះបង្ហាញថា វាមានជាប់ពាក់ព័ន្ធជាមួយមនុស្សលើសពីបីនាក់។

លោក សំ សុគង់ មេធាវីម្នាក់ទៀតរបស់តំណាងរាស្ត្រទាំងពីររូបនេះបានលើកឡើងថា បណ្ដឹងក៏ទំនងជាមិនមានការវិវឌ្ឍទៅមុខដែរ។

លោកបានមានប្រសាសន៍ថា “ខ្ញុំដូចជាមិនមានជំនឿទេ បើសិនជាគេមានគោលបំណងស៊ើបអង្កេតអ្នកដែលជាប់ពាក់ព័ន្ធមែន គេស៊ើបអង្កេតតាំងពីដំណាក់កាលស៊ើបអង្កេតចំពោះជនជាប់ចោទបីនាក់ហ្នឹងម្លេ៉ះ”។ លោកបានបន្ថែមថា “រយៈពេលវាយតំណាងរាស្ត្រហ្នឹង រយៈពេលជាងមួយឆ្នាំ អ្នកដែលរកឃើញ គឺឃើញតែបីនាក់  បីនាក់ហ្នឹងបើសិនជាមិនចូលសារភាពក៏ចាប់មិនបានដែរ”។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបានធ្វើរបាយការណ៍លើសំណុំរឿងនេះដោយផ្អែកលើកិច្ចសម្ភាសជាមួយប្រភពមួយចំនួននោះ បានលើកឡើងថា បុរសដែលវាយដំលើតំណាងរាស្ត្រគឺជាផ្នែកនៃប្រតិបត្តិការដែលមានការរៀបចំបានយ៉ាងល្អដោយកងអង្គរក្សដែលបញ្ជូនបុរសជិត២០០នាក់ឱ្យទៅបង្ហាញខ្លួននៅខាងក្រៅរដ្ឋសភានៅថ្ងៃនោះក្នុងសម្លៀកបំពាក់ស៊ីវិល ជាផ្នែកនៃការតវ៉ាប្រឆាំងគណបក្សប្រឆាំង។

អង្គការសិទ្ធិមនុស្សនេះក៏បានរិះគន់ការបើកសវនាការ ដែលធ្វើឡើងតាមក្រោយនេះដែរ ចំពោះការរារាំងមេធាវីរបស់តំណាងរាស្ត្រទាំងពីររូបមិនឱ្យព្យាយាមស្វែងរកឱ្យឃើញថាតើថ្នាក់លើរូបណាខ្លះបញ្ជាឱ្យធ្វើប្រតិបត្តិការនេះ ឬរារាំងមិនឱ្យអង្គរក្សប្រាប់ឈ្មោះមន្ត្រីថ្នាក់លើរបស់ពួកគេ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោក គង់ សភា បានលើកឡើងថា លោកព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលនេះ ដោយសារជនដែលវាយដំមកលើរូបលោកមានសេរីភាពឡើងវិញហើយ ហើយថា ការផ្ដន្ទាទោសដ៏ស្រាលលើពួកគេមានតែលើកទឹកចិត្តឱ្យកើតមានអំពើហិង្សាដដែលៗកាន់តែច្រើនថែមទៀត។

លោកបានមានប្រសាសន៍ថា “វាអាចជាការលើកទឹកចិត្តឱ្យជនល្មើសផ្សេងទៀត គាត់មានឱកាសធ្វើបាបមកដល់តំណាងរាស្ត្រផ្សេងទៀតបាទ។ វាជាគំរូអាក្រក់”។

តំណាងរាស្ត្ររូបនេះបានលើកឡើងទៀតថា នឹងដាក់ពាក្យបណ្តឹងជំទាស់នឹងការឱ្យជាប់ទោស១ឆ្នាំនេះទៅតុលាការកំពូលប្រសិនបើចាំបាច់ ហើយបានប្រៀបធៀបទោសនេះទៅនឹងទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ដែលសាលាដំបូងសម្រេចដាក់មកលើលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិពីបទជាប់ពាក់ព័ន្ធនៅក្នុងការវាយដំលើសន្តិសុខរបស់រដ្ឋាភិបាលនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ មួយឆ្នាំមុននោះ។

លោក មាជ សុវណ្ណារា៉ និងមន្ត្រីគណបក្សប្រឆាំងចំនួន១០រូបផ្សេងទៀត ព្រមទាំងអ្នកគាំទ្រសុទ្ធតែត្រូវបានផ្តន្ទាទោសពីបទកុបកម្មពាក់ព័ន្ធការតវ៉ាប្រឆាំងការបិទទីលានប្រជាធិបតេយ្យនេះ  ដែលបានប្រែក្លាយទៅជាអំពើហិង្សានោះ។  ទោះជាយ៉ាងណាមន្ត្រីសន្តិសុខមិនអាចកំណត់អត្តសញ្ញាណនរណាម្នាក់ក្នុងចំណោមជនសង្ស័យទាំងនេះថា ជាជនដៃដល់បានឡើយ។

លោក គង់ សភា បានលើកឡើងទៀតថា “បង្ហាញថា  ស្ដង់ដារនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាវាមានស្ដង់ដារពីរ គឺស្ដង់ដាអ្នកក្រ អ្នកមាន និងអ្នកមានអំណាច និងអ្នកនយោបាយបក្សប្រឆាំង និងអ្នកកាន់អំណាច”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស