33 C
Phnom Penh

នគរបាល​​មាន​គម្រោង​ទប់ស្កាត់​​អំពើ​ចោរកម្ម​អំឡុង​ពិធី​បុណ្យ​​អុំទូក​តាម​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលជាតិបានលើកឡើងក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃសុក្រថា អាជ្ញាធរក្រុងភ្នំពេញនឹងបង្ហោះរូបថតជនសង្ស័យជាចោរតាមហ្វេសប៊ុក  អំឡុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃក្នុងក្រុងភ្នំពេញនាសប្តាហ៍ក្រោយ ដើម្បីក្រើនរំឭកដល់ប្រជាពលរដ្ឋ  និងជួយចាប់ជនល្មើស។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកច្បាប់ដ៏ល្បីម្នាក់បាននិយាយថា ផែនការនេះគឺមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញទេ  ពីព្រោះវាបានចាត់ទុកជនសង្ស័យថាមានទោសដោយគ្មានការជំនុំជម្រះ។

លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ បាននិយាយក្នុងសេចក្តីប្រកាសមួយដែលផ្សព្វផ្សាយតាមអីុនធឺណិតថា “យើងនឹងបង្ហោះរូបថតជនសង្ស័យជាចោរ ចោរឆក់កាបូប ឬជនបោកប្រាស់ផ្សេងទៀត”។ លោកបានពន្យល់ថា មធ្យោបាយបែបនេះអាចនិងប្រើដើម្បីការពារអ្នកដើរលេងក្នុងពិធីបុណ្យ។

សេចក្តីប្រកាសបាននិយាយថា “គេមានស្មាតហ្វូនក្នុងដៃ ពួកគេអាចពិនិត្យមើល ហើយប្រុងប្រយ័ត្ន  និងរាយការណ៍ទៅសមត្ថកិច្ច នៅពេលពួកគេស្គាល់ជនសង្ស័យដែលគេបានឃើញតាមហ្វេសប៊ុក”។

ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បាននិយាយថា វិធីនេះជាផ្នែកមួយនៃវិធានការសន្តិសុខបន្ថែមដែលត្រូវប្រើអំឡុងពិធីបុណ្យដែលគេប្រមាណថា នឹងមានមនុស្សដល់ទៅពីរលាននាក់ចូលរាជធានី។

លោកបាននិយាយថា នឹងមានកម្លាំងសន្តិសុខជាង១០.០០០នាក់ ក្នុងនោះមានមន្ត្រីនគរបាល៥.០២៨នាក់ អង្គរក្ស២.១២៧នាក់ កម្លាំងរាជអាវុធហត្ថ១.១៨០នាក់ និងមន្ត្រីទ័ពជើងទឹក៣៥០នាក់ ដាក់ពង្រាយក្នុងពិធីបុណ្យនេះ ដែលចាប់ផ្តើមពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកា។

លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានជំរុញឱ្យអ្នកដើរលេងបុណ្យប្រុងប្រយ័ត្ន ជាពិសេសប្រយ័ត្នប្រយែងរបស់របរផ្ទាល់ខ្លួន។ ជាយូរមកហើយដែលចោរឆក់កាបូប និងចោរលូកហោប៉ៅ តែងតែឆ្លៀតឱកាសនៅតាមផ្លូវកកស្ទះ និងពេលមនុស្សច្រើនណែនតាន់តាប់ក្នុងពិធីបុណ្យ។

លោកបាននិយាយថា  ”បើទោះជាមានវិធានការតឹងរ៉ឹងនិងកម្លាំងច្រើនក៏ដោយ  ក៏យើងនៅតែការពារមិនបានគ្រប់គ្នាទេ។ មន្ត្រីសមត្ថកិច្ចម្នាក់មិនអាចការពារមនុស្សតែម្នាក់បានទេ …មនុស្សម្នាក់ៗអាចក្លាយជាមន្ត្រីមានសមត្ថកិច្ចដែលអាចការពារខ្លួនឯង  និងផ្តល់ព័ត៌មានទៅសមត្ថកិច្ច”។

លោក សុក សំអឿន មេធាវីសិទ្ធិមនុស្សដ៏ឆ្នើមម្នាក់ បាននិយាយថា បើទោះជាមិនមានច្បាប់ជាក់លាក់ដែលហាមសមត្ថកិច្ចមិនឲ្យបង្ហោះរូបថតរបស់ជនសង្ស័យជាចោរតាមអីុនធឺណិតក៏ដោយ ក៏ការធ្វើនេះប៉ះពាល់ដល់សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការទទួលបានការជំនុំជម្រះត្រឹមត្រូវ។

លោក សំអឿន បាននិយាយថា “ប្រសិនបើគាត់គ្រាន់តែជាជនសង្ស័យ គាត់មិនទាន់ទទួលការកាត់ទោស យើងមិនដឹងពិតប្រាកដទេ” ថាតើមនុស្សនោះជាចោរឬក៏អត់។ ”ប្រជាពលរដ្ឋមានសិទ្ធិ”។

លោកបាននិយាយថា ប្រសិនបើសាលាក្រុងធ្វើតាមផែនការនេះ វានឹងបង្ហាញការមិនគោរពរបស់ពួកគេចំពោះច្បាប់។

លោកបាននិយាយថា “បើធ្វើបែបហ្នឹង វានឹងបង្ហាញថា រដ្ឋាភិបាល អាជ្ញាធរ មិនខ្វល់នឹងសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ”។

ទាំងលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ទាំងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ គៀត ន្ទ័ថារិទ្ធ មិនអាចទាក់ទងសុំការពន្យល់បានទេ៕ និត (រាយការណ៍បន្ថែមដោយ Hannah Hawkins)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស