27 C
Phnom Penh

មនុស្ស​​​មួយ​​​ក្រុម​​​ជាប់​​​ចោទ​​​ពី​​​បទ​​​កាប់​​​ឆ្ការ​​​ព្រៃ​​​រដ្ឋ​​​នៅ​​​ខេត្ត​​​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃម្សិលមិញថា កាលពីថ្ងៃសៅរ៍ តុលាការខេត្តសៀមរាបបានចោទប្រកាន់មនុស្សប្រាំនាក់ពីបទសង្ស័យពាក់ព័ន្ធក្នុងការកាប់ឆ្ការព្រៃសហគមន៍ប្រហែល១០ហិកតា ក្នុងស្រុកស្វាយលើ បន្ទាប់ពីត្រូវបានជួលដោយឈ្មួញដែលគេមិនប្រាប់ភិនភាគម្នាក់។

លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បាននិយាយថា ជនសង្ស័យប្រាំនាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីតាមទាន់ពេលកំពុងកាប់ឆ្ការព្រៃក្នុងឃុំកន្ទួតកាលពីថ្ងៃសុក្រ ជាមួយមនុស្សប្រហែល១០នាក់ផ្សេងទៀត ដែលបានរត់ចេញពីព្រៃនោះនិងកំពុងគេចខ្លួននៅឡើយ។

លោក គឹមសុទ្ធ បាននិយាយថា “អ្នកទាំងនោះបានប្រើរណារយន្តកាត់ដើមឈើ ហើយពួកគេបានដុតព្រៃដើម្បីយកដីឲ្យគេ”។ លោកបាននិយាយបន្ថែមថា ជនសង្ស័យមិនព្រមប្រាប់ឈ្មោះថៅកែរបស់ពួកគេទេ។

“ជនល្មើសទាំងប្រាំនាក់បានប្រាប់យើងថា ពួកគេត្រូវបានគេជួលដើម្បីកាប់ឆ្ការព្រៃឲ្យឈ្មួញម្នាក់ ប៉ុន្តែពួកគេមិនបានប្រាប់ឈ្មោះទេ ដូច្នេះឥឡូវនេះយើងកំពុងស៊ើបអង្កេតរកមនុស្សដែលពាក់ព័ន្ធក្នុងការកាប់បំផ្លាញនេះ”។

លោកបាននិយាយថា ក្រុមនេះបាននិងកំពុងកាប់ឆ្ការព្រៃអស់រយៈពេលបីខែមកហើយ បើទោះជាអាជ្ញាធរបញ្ជាឲ្យពួកគេឈប់ជាច្រើនលើកក្តី។

លោកបាននិយាយថា “យើងបានប្រាប់មនុស្សទាំងនេះកុំឲ្យកាប់ឆ្ការព្រៃ ពីព្រោះនេះជាព្រៃរដ្ឋ ប៉ុន្តែពួកគាត់មិនដែលស្តាប់យើងទេ។ លើកនេះ យើងបានឃាត់មនុស្សប្រាំនាក់ និងបាននាំខ្លួនពួកគាត់ទៅតុលាការដើម្បីព្រមានអ្នកផ្សេងទៀត”។

លោក គឹមសុទ្ធ បាននិយាយថា អ្នកស្រុកពឹងផ្អែកលើព្រៃសហគមន៍ដើម្បីជីវភាពរស់នៅរបស់ពួកគាត់ ដោយដើរប្រមូលអនុផលព្រៃឈើដើម្បីលក់នៅទីផ្សារ។

លោក យិន ស៊្រាង អ្នកនាំពាក្យតុលាការខេត្តសៀមរាប បាននិយាយថា ជនសង្ស័យប្រាំនាក់ ឈ្មោះ សឿន សម្បត្តិ អាយុ២៩ឆ្នាំ សឿន សំបាន អាយុ២៤ឆ្នាំ សឿន ក្រាញ់ អាយុ៣៧ឆ្នាំ ឡាត់ ឡុញ អាយុ៤៥ឆ្នាំ និង វ៉ាន់ ណែត អាយុ៣០ឆ្នាំ ជាប់ចោទពីបទបំផ្លាញទ្រព្យសម្បត្តិរដ្ឋ តាមច្បាប់ព្រៃឈើ ហើយប្រឈមមុខនឹងទោសជាប់ពន្ធនាគារដល់ទៅ១០ឆ្នាំ។

លោកបាននិយាយថា “ជនល្មើសទាំងប្រាំនាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃសៅរ៍ ដោយលោក រ៉ែម សុភក្តិ ចៅក្រមស៊ើបសួរ ហើយឥឡូវនេះពួកគាត់ស្ថិតក្នុងការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តដោយរង់ចាំសវនាការ”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស