26 C
Phnom Penh

មន្ទីរ​​​ពេទ្យ​​​ព្រះ​​​សីហនុ​​​​​​មណ្ឌល​​​នៃ​​​ក្តីសង្ឃឹម​​​ប្រារព្ធ​​​ខួប​​គម្រប់​​​​២០​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វានៅក្នុងឆ្នាំ១៩៩៦ ដែលលោកស្រី ខាស៊ី ពីនហ្គយ (Cathy Pingoy) គិលានុបដ្ឋាយិកា អាយុ២៥ឆ្នាំមកពីទីក្រុងម៉ានីល បានមកដល់រាជធានីភ្នំពេញ។ បញ្ជូនមកដោយអង្គការក្តីសង្ឃឹមពិភពលោកអន្តរជាតិ (Hope Worldwide) ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកវេជ្ជសាស្ត្រនោះ លោកស្រីត្រូវផ្លាស់ប្តូរការងារជាអ្នកព្យាបាលអ្នកជំងឺក្រីក្រពីតំបន់អនាធិបតេយ្យនៅក្នុងក្រុងដែលជាស្រុកកំណើតរបស់លោកស្រីមកកាន់មន្ទីរពេទ្យទើបសាងសង់មួយនៅកម្ពុជា។

ប៉ុន្តែជំនួសឲ្យការស្វែងរកមន្ទីរពេទ្យថ្មីពេលមកដល់ លោកស្រី ខាស៊ី ពីនហ្គយ បានទៅរស់នៅក្នុងតំបន់សំណង់ទ្រុឌទ្រោមជាមួយជនបរទេសមួយក្រុមតូច ហើយត្រូវទិញទំនិញជាច្រើនមានដូចជាគ្រែ និងតុដែលលោកស្រីអាចរកទិញបាននៅផ្សារធំថ្មីជាដើម។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រូវបានប្រជារាស្ត្រយ៉ាងច្រើនគោរពស្វាគមន៍អំឡុងពិធីរំឭកខួបលើកទី២០ នៃការបង្កើតមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នៅក្នុងរាជធានី កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/The Cambodia Daily
ព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រូវបានប្រជារាស្ត្រយ៉ាងច្រើនគោរពស្វាគមន៍អំឡុងពិធីរំឭកខួបលើកទី២០ នៃការបង្កើតមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នៅក្នុងរាជធានី កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/The Cambodia Daily

ពេលត្រឡប់ទៅកាន់ទីតាំងដដែលនៅក្នុងខណ្ឌ៧មករា ដើម្បីប្រារព្ធខួបទី២០នៃការបង្កើតមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នកក្រីក្រនោះលោកស្រីបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំនៅចាំបាន ‘តើអ្វីដែលខ្ញុំកំពុងធ្វើនៅទីនេះ?'”។

(តាមការផ្សព្វផ្សាយឲ្យដឹងជាសាធារណៈ៖ លោក បឺណាត គ្រីស័រ (Bernard Krisher) ចាងហ្វាងកាសែត ខេមបូឌា ដេលី គឺជាស្ថាបនិក នៃមន្ទីរពេទ្យនេះ និងក៏ជាប្រធានក្រុមប្រឹក្សានាយកនៃមន្ទីរពេទ្យនេះដែរ”។

ដោយបច្ចុប្បន្នជាអ្នកបង្រៀនគិលានុបដ្ឋាកនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកស្រី ខាស៊ី ពីនហ្គយ ដំបូងឡើយស្ថិតក្នុងចំណោមគិលានុបដ្ឋាកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រឹមតែ៤នាក់ប៉ុណ្ណោះដែលសុទ្ធតែត្រូវបានជ្រើសរើសពីបរទេស និងដែលមានភារកិច្ចជ្រើសរើសគិលានុបដ្ឋាកកម្ពុជា ពេលមន្ទីរពេទ្យនេះចាប់ផ្តើមបើកដំណើរការ។

លោកស្រីបានលើកឡើងថា “វាលំបាកនៅពេលដំបូង។តាមពិតមិនមែនត្រឹមតែលំបាកទេ គឺលំបាកណាស់”។ លោកស្រីបានបន្ថែមថា ដោយសារតែគ្មានជម្រើស ក្រុមរបស់លោកស្រីត្រូវតែពិចារណាជ្រើសរើសបេក្ខជនដែលមានបទពិសោធន៍មិនផ្លូវការ ឬមានកំណត់។ អ្នកដាក់ពាក្យមួយចំនួនធ្លាប់ធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តនៅជំរំជនភៀសខ្លួនបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ដោយទទួលបានការណែនាំតិចតួចប៉ុណ្ណោះពីបុគ្គលិកមនុស្សធម៌អំឡុងហ្វឹកហាត់ការងារ។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រូវបានប្រជារាស្ត្រយ៉ាងច្រើនគោរពស្វាគមន៍អំឡុងពិធីរំឭកខួបលើកទី២០ នៃការបង្កើតមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នៅក្នុងរាជធានី កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/The Cambodia Daily
ព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រូវបានប្រជារាស្ត្រយ៉ាងច្រើនគោរពស្វាគមន៍អំឡុងពិធីរំឭកខួបលើកទី២០ នៃការបង្កើតមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នៅក្នុងរាជធានី កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/The Cambodia Daily

លោកស្រីបានមានប្រសាសន៍ទៀតថា “កម្មវិធីសិក្សានៅកម្ពុជាមិនច្បាស់លាស់ដូចពេលឥឡូវទេ។ ការលំបាកមួយក្នុងចំណោមការលំបាកផ្សេងៗនៅពេលនោះ គឺពេលដែលយើងជ្រើសរើសគិលានុបដ្ឋាក ពួកគាត់ត្រូវបានផ្តល់វគ្គបណ្តុះបណ្តាលមិនត្រឹមត្រូវហេតុដូច្នេះយើងត្រូវតែផ្តល់វគ្គបណ្តុះបណ្តាលឡើងវិញ”។

អំឡុងពិធីរំឭកខួបកាលពីម្សិលមិញ ដែលមានការចូលរួមដោយសមាជិកបុគ្គលិក និងភ្ញៀវជាង២០០នាក់ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់បានកើតសរសើរការងាររបស់មន្ទីរពេទ្យនេះដែលដាក់ឈ្មោះតាមបិតាព្រះអង្គ គឺព្រះមហាក្សត្រ នរោត្តម សីហនុ។

ព្រះមហាក្សត្រ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា “មន្ទីរពេទ្យនេះនៅតែស្ថិតក្នុងបេះដូងរបស់ពលរដ្ឋខ្មែរ រួមទាំងរូបខ្ញុំផងដែរ”។ ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ចាប់តាំងពីចាប់ផ្តើមដំណើរការមក មន្ទីរពេទ្យនេះបានព្យាបាលប្រជាពលរដ្ឋក្រីក្រ១,៣លាននាក់ ហើយបានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលប្រហែល៥.០០០នាក់។

ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា ពលរដ្ឋខ្មែរ “បានធ្វើឲ្យមន្ទីរពេទ្យនេះរីកចម្រើនដុះដាល…ដូចដើមឈើមួយដើមដែលផ្តល់ម្លប់ដល់ពលរដ្ឋក្រីក្រ”។

បន្ទាប់ពីមានព្រះរាជបន្ទូលរួច ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលអមដោយសម្តេចម៉ែ នរោត្តម មុនីនាថ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនោះ បានយាងទៅសួរសុខទុក្ខអ្នកជំងឺមួយចំនួននៅក្នុងមន្ទីរពេទ្យនេះ ហើយថែមទាំងបានព្រះរាជទានអំណោយដល់ពួកគាត់ទៀតផង។

នេះមិនមែនជាសកម្មភាពមនុស្សធម៌លើកទី១ដែលលោកស្រី ខាស៊ី ពីនហ្គយ បានឃើញផ្ទាល់ភ្នែកនៅទីនោះឡើយ។

លោកស្រីបានមានប្រសាសន៍ថា “ពេលអ្នកធាក់ស៊ីក្លូដឹងថា មន្ទីរពេទ្យនេះព្យាបាលដោយឥតគិតថ្លៃ ប្រសិនបើពួកគាត់បានឃើញនរណាម្នាក់នៅតាមផ្លូវដែលមើលទៅឈឺខ្លាំង ឬរបួសនោះ ពួកគាត់បាននាំពួកគេមកព្យាបាលនៅមន្ទីរពេទ្យនេះ”។

cam-photo-sihanouk_oldយោងតាមលោក ឈុន សាវឿង អាយុ៤២ឆ្នាំ ដែលធ្វើការនៅមន្ទីរពេទ្យនេះតាំងពីចាប់ផ្តើមបើកដំណើរការមកនោះ គំរូនៃមនុស្សធម៌នេះក៏បានលើកទឹកចិត្តឲ្យបុគ្គលិកប្រតិបត្តិតាមផងដែរ។

លោក សាវឿង ដែលធ្វើការងារជាសន្តិសុខអស់រយៈពេល១៦ឆ្នាំរហូតដល់លោកទទួលបានបរិញ្ញាបត្រផ្នែកវិស្វករ ហើយបានក្លាយជាអ្នកគ្រប់គ្រងផ្នែកជួសជុលថែទាំនៅក្នុងឆ្នាំ២០១៣នោះ បាននិយាយថា “បុគ្គលិកដែលធ្វើការនៅទីនេះអស់រយៈពេល២០ឆ្នាំមកហើយនៅតែចង់ជួយអ្នកក្រីក្រដដែល”។

លោកបានបន្ថែមថា ពេលប្រជាពលរដ្ឋដំបូងឡើយដឹងថា មន្ទីរពេទ្យនេះព្យាបាលមិន យកប្រាក់កម្រៃនោះ មន្ទីរពេទ្យនេះបានដល់ចំនួនកំណត់ភ្លាមៗលែងអាចទទួលយកអ្នកជំងឺបានទៀតហើយ ហើយបានដាក់ចេញដំណើរការចាប់ឆ្នោតដែលអ្នកជំងឺត្រូវទៅយកសំបុត្រ ហើយដាក់ឲ្យគេចាប់ឆ្នោតពេញមួយថ្ងៃ។

លោកបានថ្លែងថា “ដំបូងឡើយមានអ្នកជំងឺមកច្រើនពេក យើងត្រូវតែរកដំណោះស្រាយ ហេតុដូច្នេះយើងបានបង្កើតប្រព័ន្ធចាប់ឆ្នោត”។

លោក ហ្គារី ហ្សាក់ (Gary Jacques) អនុប្រធានផ្នែកសុខាភិបាលនិងសេវាសង្គមនៅអង្គការក្តីសង្ឃឹមពិភពលោកអន្តរជាតិ ដែលធ្លាប់ធ្វើជាប្រធានមន្ទីរពេទ្យព្រះសីហនុ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ បានលើកឡើងថា មន្ទីរពេទ្យនេះមានការរីកចម្រើនច្រើនចាប់តាំងពីលោកបានមកបំពេញការងារ។

លោកបានមានប្រសាសន៍ថា “នៅក្នុងឆ្នាំ២០០២ មានបុគ្គលិកបរទេសច្រើននៅក្នុងតួនាទីសំខាន់ ឥឡូវពួកគាត់សុទ្ធតែជាខ្មែរទាំងអស់”។ លោកបានបន្ថែមថា ឥឡូវនេះក៏មានស្ត្រីច្រើនផងដែរនៅក្នុងតួនាទីខ្ពស់ៗរួមមានដូចជាតួនាទីជាប្រធានជាដើម។

ទោះបីជាថវិការបស់មន្ទីរពេទ្យនេះបានកើនឡើងជាងទ្វេដងក្នុងរយៈពេល១៥ឆ្នាំពោលគឺពី២លានដុល្លារដល់៤,៥លានដុល្លារ ក៏ដោយ ក៏លោក ហ្គារី ហ្សាក់ បានលើកឡើងថា មូលនិធិនៅតែជាបញ្ហាប្រឈមដ៏ធំដែរ។

លោកបានមានប្រសាសន៍ថា “ខ្ញុំចង់ឃើញមូលនិធិបន្ថែមទៀតមកពីក្នុងប្រទេសកម្ពុជា។ខ្ញុំសំដៅដល់ធនាគារ ពាណិជ្ជករមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រមទាំងបុគ្គលដែលមានភ័ព្វវាសនារកស៊ីមានបាននៅក្នុងប្រទេសនេះ”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស