38 C
Phnom Penh

កម្មវិធី​សិល្បៈ​វប្បធម៌​និពន្ធ និង​អាន​​ឆ្លុះ​បញ្ចាំង​​ពី​​វប្បធម៌​អាន​​​​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការអានកម្សាន្តគឺជាទស្សនៈថ្មីសម្រាប់ខ្ញុំ។ ធំដឹងក្ដីនៅភូមិតូចមួយនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលធ្វើដំណើរប្រមាណ២០នាទីពីក្រុងព្រះសីហនុ សៀវភៅសិក្សាគឺជាសម្ភារសម្រាប់ជំនួយការអានតែមួយគត់ដែលមាននៅផ្ទះរបស់ខ្ញុំ និងថ្នាក់រៀនកាលនៅកុមារភាព។ ខ្ញុំជាសិស្សស្ដាប់បង្គាប់ ប៉ុន្តែនៅក្នុងសាលារៀន ឬសហគមន៍ គ្មានបណ្ណាល័យទេ ហើយមិនធ្លាប់មានការជំរុញលើកទឹកចិត្តឲ្យអានកម្សាន្តនោះទេ ឬសូម្បីលើកឡើងជាគំនិតក៏អត់ដែរ។

cam-photo-writersនៅពេលខ្ញុំចាប់ផ្ដើមចូលសិក្សានៅសាលកវិទ្យាល័យក្នុងឆ្នាំ២០០៩ ខ្ញុំបានចាប់ផ្ដើមពង្រីកចំណេះដឹងអក្សរសាស្ត្ររបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែ មិនអានអ្វីលើសពីសៀវភៅសិក្សា ព័ត៌មាន និងខ្លឹមសារផ្សេងទៀតតាមបណ្ដាញអុីនធឺណិតឡើយ ដែលជាញឹកញាប់បានទាក់ទាញចំណាប់អារម្មណ៍របស់ខ្្ញុំ នៅពេលខ្ញុំអូសកាត់ Facebook Feed របស់ខ្ញុំ។ ពេលនេះ ស្ថិតក្នុងវ័យ២៤ឆ្នាំ និងក្លាយជាអ្នកយកព័ត៌មានឱ្យកាសែតខេមបូឌា ដេលី ខ្ញុំមិនដែលអានចប់សៀវភៅមួយក្បាលទេ ឬសូម្បីអានសៀវភៅមួយក្បាលលើសពី៣០ទំព័រក៏អត់ដែរ។

លោក ខារ៉ូលីន ខក់ហេដ (Carolyn Coxhead) អ្នកគ្រប់គ្រងមូលនិធិនៅអង្គការអក្សរសាស្ត្រ NGO Books for Cambodia បានមានប្រសាសន៍ថា មិនមែនមានតែខ្ញុំម្នាក់ឯងទេ។ ការអានកម្សាន្តមិនមែនជាអ្វីដែលសិស្សនិស្សិតចូលចិត្តបង្ហាញឡើយនៅក្នុងប្រទេសកម្ពុជា។

លោកស្រីលើកឡើងទៀតថា “សូម្បីអ្នកយើងស្គាល់ ប្រជាជនខ្មែរដែលយើងស្គាល់ ដែលមានចំណេះដឹងជ្រៅជ្រះ ដែលជាគ្រូបង្រៀនជំរុញលើកទឹកចិត្ត  ក៏ឃើញថាពួកគាត់មិនអានសម្រាប់ការកម្សាន្តនោះដែរ”។

ដូច្នេះហើយ នៅពេលខ្ញុំទៅដល់កម្មវិធីសិល្បៈវប្បធម៌និពន្ធ និងអានខេត្តកំពតប្រចាំឆ្នាំទី២នៅចុងសប្ដាហ៍នេះ កង្វះខាតនៃការយល់ពីតម្លៃអក្សសាស្ត្រត្រូវបានបង្ហាញឲ្យឃើញតាមរយៈអតុល្យភាពរវាងចំនួនអ្នកចូលរួមជាជនជាតិខ្មែរ និងជនបរទេស។

ចាប់ពីសិក្ខាសាលារហូតដល់ការពិភាក្សារវាងក្រុមអ្នកនិពន្ធ និងអ្នកជំនាញ សុទ្ធតែគ្មានការបកប្រែភាសាជាភាសាខ្មែរ ហើយភាគច្រើនវាមិនចាំបាច់ទេ។ អ្នកចូលរួមមានភាគច្រើនជាជនបរទេស ហើយប្រជាជនខ្មែរដែលខ្ញុំបានជួបដោយចៃដន្យ ភាគច្រើនជាអ្នកដើរលេងកម្សាន្តនៅចុងសប្ដាហ៍។

ស្ត្រីឈ្មោះ ថុន ថាវរី អាយុ២៧ឆ្នាំ ជាអ្នកចូលចិត្តអាន និងជាអ្នកនិពន្ធសៀវភៅកុមារ និងរឿងលើកទឹកចិត្តស្ថិតក្នុងចំណោមគណៈកម្មការអ្នកនិពន្ធមួយចំនួនតូច។ សៀវភៅចុងក្រោយរបស់គាត់មានចំណងជើងថា “A Proper Woman” រៀបរាប់ពីការតស៊ូរបស់គាត់ក្នុងការជម្នះប្រពៃណីដើម្បីស្វែងរកក្ដីសុបិនរបស់ខ្លួន។

គាត់និយាយថា “ខ្ញុំនិពន្ធដោយមានក្តីសង្ឃឹមជំរុញលើកទឹកចិត្តស្ត្រីវ័យក្មេងៗឲ្យសម្រេចក្ដីសុបិនរបស់ខ្លួនតាមរយៈបទពិសោធន៍របស់ខ្ញុំ នៅពេលពួកគាត់អាន”។ គាត់មានគម្រោងបកប្រែជាភាសាខ្មែរ នូវសៀវភៅជីវប្រវត្តិដែលគ្រោងនឹងចេញផ្សាយនៅខែមករាខាងមុខនេះ “ដើម្បីធានាថា សៀវភៅនេះនឹងធ្លាក់ដល់ដៃរបស់ស្ត្រីនៅតាមតំបន់ជនបទ ហើយក្លាយជាការជំរុញលើកទឹកចិត្តមួយ”។

ប៉ុន្តែនៅពេលអ្នកនិពន្ធទាំងនេះពិភាក្សាគ្នាអំពីបញ្ហាប្រឈមនៅក្នុងការទាក់ទាញអារម្មណ៍របស់អ្នកអាន  បញ្ហាដ៏សំខាន់មួយត្រូវបានលើកឡើងយ៉ាងច្រើន។

លោក យាង ឈាងលី វ័យ២៩ឆ្នាំ ជាអ្នកនិពន្ធ និងជាសហស្ថាបនិកអង្គការ Magic Library ដែលចែកចាយសៀវភៅទៅដល់ភូមិដាច់ស្រយាលនានាទូទាំងប្រទេសលើកឡើងថា ”ខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិចដោយសារតែគ្មានបងប្អូនខ្មែរមកច្រើន”។

កញ្ញា គឹម ឌីណា អាយុ២៥ឆ្នាំ ជាសមាជិកមិត្តអ្នកអាន និងជាអ្នកយកព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាសបានចោទជាសំណួរថា “តើឱ្យអ្នកនិពន្ធយើងបញ្ចេញឥទ្ធិពលលើក្មេងជំនាន់ក្រោយនៅកម្ពុជាបានតាមវិធីណា ជាពិសេសនៅក្នុងប្រទេសដែលប្រជាជនមិនចូលចិត្តអាន?”។

នៅពេលសំណួរនេះត្រូវបានពិភាក្សាពេញក្នុងបន្ទប់ មតិរួមបានលើកឡើងថា ចំណង់នៃការអាននឹងជំរុញឱ្យអ្នកនិពន្ធវ័យក្មេងឈានឆ្ពោះទៅមុខ។ ប៉ុន្តែបញ្ហានេះមិនមែនមានត្រឹមតែការមិនចាប់អារម្មណ៍លើអក្សរសាស្ត្រប៉ុណ្ណោះទេ។ យោងតាមអង្គការយូណេស្កូបានឱ្យដឹងថា មនុស្សពេញវ័យប្រមាណ២,១លាននាក់នៅក្នុងប្រទេសកម្ពុជា មិនចេះអាន ឬសរសេរអក្សរនោះទេគិតមកទល់នឹងឆ្នាំ២០១៥។

យោងតាមលោក ជូលៀន ភូលសុន (Julien Poulson) ស្ថាបនិកអ្នករៀបចំកម្មវិធីសិល្បៈវប្បធម៌នេះបានឱ្យដឹងថា គោលបំណងមួយក្នុងចំណោមគោលបំណងនៃកម្មវិធីនេះ គឺ “បង្វែរការចាប់អារម្មណ៍” លើបញ្ហានេះ។ លោកថ្លែងថា “ខ្ញុំគិតថា វាផ្ដល់ឱកាសឱ្យអ្នករៀបចំ គ្រូបង្រៀន អ្នកនិពន្ធ និងអ្នកអានបានជួបជុំគ្នា ហើយសម្លឹងមើលបញ្ហានោះដោយខ្លួនឯង” ហើយថា ក្រុមអ្នកនិពន្ធ និងកម្មវិធីច្នៃប្រឌិតផ្សេងៗទៀតត្រូវបានបង្កើតឡើងបន្ទាប់ពីកម្មវិធីនេះបានចាប់ផ្តើមកាលពីឆ្នាំមុន។

លោកបានលើកឡើងបន្តទៀតថា កម្មវិធីនេះមានគោលបំណងជម្នះអនក្ខរកម្ម  និងឧបសគ្គផ្នែកភាសា ហើយ “បង្កើតឲ្យមានរចនាសម្ព័ន្ធមួយដើម្បីផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋខ្មែរ ដែលជាអ្នកអានរបស់យើង។ គោលបំណងដ៏សាមញ្ញរបស់យើងគឺដើម្បីលើកកម្ពស់អក្ខរកម្មដើម្បីចែករំលែករឿងរ៉ាវ។ យើងទាំងអស់គ្នាសុទ្ធតែមានរឿងរ៉ាវ”។

ប៉ុន្តែកង្វះការជំរុញលើកទឹកចិត្តប្រជាជនខ្មែរ ឱ្យអានព្រមទាំងការមិនសូវសម្បូរសៀវភៅ គឺគួរឲ្យធុញទ្រាន់ទាំងសម្រាប់អ្នកអាន  និងអ្នកដែលនឹងក្លាយជាអ្នកអាន។

ដោយបានចូលរួមកម្មវិធីនេះ និងបានស្តាប់រឿងរ៉ាវរបស់ប្រជាជនខ្មែរ និងជនបរទេសដែលមានគំនិតច្នៃប្រឌិត វាច្បាស់ណាស់ថា អក្សរសាស្ត្រអាចបង្កើនគំនិត និងការអភិវឌ្ឍ។ ប៉ុន្តែប្រសិនបើយើងមិនត្រូវបានបង្រៀនឱ្យចេះឱ្យតម្លៃវាទេនោះ អ្នកនិពន្ធប្រហែលសារភាពចុះចាញ់ ហើយប្រទេសនេះនឹងបន្តខ្វះសៀវភៅដែលគួរឱ្យទាក់ទាញ។

ខណៈការផ្ដោតលើអក្សរសាស្ត្រទូទាំងប្រទេសនឹងមិនកើតមានក្នុងពេលដ៏ខ្លី កម្មវិធីសិល្បៈវប្បធម៌និពន្ធ និងអានខេត្តកំពតអាចមានផ្នែកស័ក្តិសមមួយនៅក្នុងការផ្លាស់ប្ដូរវប្បធម៌អាននៅកម្ពុជា។

វាបានជំរុញឱ្យខ្ញុំឱ្យតម្លៃថ្មីទៅលើការអានកម្សាន្តរួចទៅហើយ។ពេលចាកចេញពីតំបន់ខេត្តកំពត និងវិលត្រឡប់មករាជធានីភ្នំពេញវិញ ខ្ញុំគ្រោងអានសៀវភៅឱ្យលើសពី៣១ទំព័រ៕ សុខុម

(រាយការណ៍បន្ថែមដោយ Janelle Retka)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស