27 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​លោក ហុង ​​​សុខ​​​ហួរ ​​​ឱ្យ​ជាប់ពន្ធនាគារ​​​​៧​​​ឆ្នាំ​​​ ពី​​​បទ​​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេស​​​ប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំកាលពីម្សិលមិញ ពីបទក្លែងឯកសារ និងញុះញង់បន្ទាប់ពីបង្ហាញសន្ធិសញ្ញាព្រំដែនតាមទំព័រហ្វេសប៊ុក ដែលគណបក្សសង្គ្រោះជាតិលើកឡើងថា មានលក្ខណៈខុសឆ្គងដែលអាចបណ្តាលមកពីការបកប្រែ។

cam-photo-sok-hour-channaជាផ្នែកមួយនៃយុទ្ធនាការបង្កហេតុរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន ដែលមានបំណងបង្ហាញពីការលុកលុយរបស់វៀតណាមចូលក្នុងទឹកដីកម្ពុជានោះ លោក ហុង សុខហួរ មានមុខនៅក្នុងវីដេអូឃ្លីបបង្ហោះ តាមប្រព័ន្ធអុីនធឺណិតកាលពីខែសីហា បង្ហាញច្បាប់ចម្លងសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩រវាងកម្ពុជានិងវៀតណាមដែលត្រូវបានគេកែ ដែលក្រោយមកសមាជិកព្រឹទ្ធសភារូបនេះនិយាយថា លោកបានទាញយកពីហ្គូហ្គលកាលពីប៉ុន្មានឆ្នាំមុន។

លោក រស់ ពិសិដ្ឋ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា លោក ហុង សុខហួរ មានពិរុទ្ធភាពពីបទញុះញង់ ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង ដោយផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។

លោក ហុង សុខហួរ មិនមានវត្តមាននៅសវនាការនោះទេ ហើយមេធាវីរបស់លោកទាំងបួននាក់ក៏មិនមានវត្តមានដែរ។ នៅក្នុងកន្លែងរបស់ពួកគាត់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនមានវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញរួមមានលោក សុន ឆ័យដែលបានជំទាស់នឹងសាលក្រមនេះ។

លោក សុន ឆ័យ បានមានប្រសាសន៍ថា   “ការផ្ដន្ទាទោសនេះបង្ហាញអំពីភាពទន់ខ្សោយរបស់ប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា។ តុលាការតំណាងឱ្យយុត្តិធម៌ ប៉ុន្តែពួកគេមិនផ្ដល់យុត្តិធម៌ទេ។នេះគឺជារឿងក្ដីនយោបាយ ហើយរឿងក្ដីនយោបាយមិនបានដោះស្រាយអ្វីឡើយ លើកលែងតែដំណោះស្រាយនយោបាយ”។

យោងតាមលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា សន្ធិសញ្ញាដែលមានបញ្ហានេះរួមមានពាក្យ “រម្លាយ” ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរជុំវិញព្រំដែនរួមមិនមែន “ការកំណត់ឡើងវិញ”ដូចសន្ធិសញ្ញាដើមលើកឡើងទេ។

លោក សម រង្ស៊ី បានលើកឡើងនៅក្នុងអីុម៉េលថា “វាជាការប្រើពាក្យមិនត្រឹមត្រូវ ដែលទំនងជាដោយសារការបកប្រែដំបូងពីភាសាខ្មែរទៅភាសាអង់គ្លេសដោយបុគ្គលណាមួយ ហើយមានការបកប្រែជាបន្តបន្ទាប់ មកទៀត ដែលការបកប្រែលើកទី២ពីភាសាអង់គ្លេសទៅភាសាខ្មែរវិញដោយអ្នកដទៃទៀត ដែលទំនងជាមិនបានមើលសំណៅដើមជាភាសាខ្មែរ ដែលបានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទលោក ហុង សុខហួរ ថា ‘ក្បត់ជាតិ’ និងបញ្ជាឱ្យគេចាប់ខ្លួនលោកយកទៅឃុំឃាំង”។

ការផ្ដន្ទាទោសលោក ហុង សុខហួរ ធ្វើឡើងបន្ទាប់ពីសាលក្រមផ្ដន្ទាទោសកាលពីឆ្នាំមុនលើលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេជាង២ឆ្នាំជុំវិញការបង្ហោះតាមទំព័រហ្វេសប៊ុករិះគន់ការកំណត់ព្រំដែនរបស់រដ្ឋាភិបាលជាមួយវៀតណាម។

លោក អ៊ុំ សំអាន បានបង្ហោះសារដដែលៗ តាមទំព័រហ្វេសប៊ុកចោទរដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីមិនត្រឹមត្រូវ មិនអើពើនឹងការព្រមានថា ការអត្ថាធិប្បាយនេះអាចឱ្យលោកជាប់ពន្ធនាគារ ហើយត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់បង្កអសណ្ដាប់ធ្នាប់សង្គម និងញុះញង់ឱ្យមានការរើសអើង។

យោងតាមគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ទាំងលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានផ្ដន្ទាទោស បើទោះជាអភ័យឯកសិទ្ធិរបស់ពួកគាត់ដែលរួចផុតពីការចោទប្រកាន់មិនត្រូវបានដកក៏ដោយ ដោយធ្វើឱ្យការសម្រេចនេះផ្ទុយពីរដ្ឋធម្មនុញ្ញ។

ដំបូងរដ្ឋាភិបាលទំនងជាមានអារម្មណ៍រងសម្ពាធពីយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុនអំពីព្រំដែនវៀតណាម ដោយបញ្ជូនកំណត់ទូតខ្លីទៅក្រុងហាណូយអំពីការលុកលុយនេះ។ ប៉ុន្តែលោក ហ៊ុន សែន បានផ្លាស់ប្ដូរទិសដៅភ្លាមៗ ដោយបញ្ជាឱ្យចាប់ខ្លួនលោក ហុង សុខហួរ ហើយប្រកាសថា នរណាដែលចោទរដ្ឋាភិបាលថាប្រើប្រាស់ផែនទីមិនត្រឹមត្រូវ នឹងត្រូវប្រឈមវិធានការផ្លូវច្បាប់។

រឿងក្ដីទាំងពីរនេះត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ ហើយជាផ្នែកនៃយុទ្ធនាការដ៏ទូលំទូលាយរបស់គណបក្សកាន់អំណាចដើម្បីបំបិទមាត់អ្នកប្រឆាំង ដោយប្រឈមអ្នកប្រឆាំងដែលរួបរួមគ្នា និងអ្នកបោះឆ្នោតដែលទទួលបានព័ត៌មានកាន់តែច្រើនឡើងនិងដែលសកម្មតាមប្រព័ន្ធអីុនធឺណិត ហើយពំុសូវពឹងផ្អែកលើទូរទស្សន៍ ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជានោះ។

បច្ចុប្បន្ននេះ លោក សម រង្ស៊ី បាននិរទេសខ្លួនពីប្រទសកម្ពុជា ដែលលោកប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពាក្យបណ្ដឹងមួយចំនួនទៀត។ លោក កឹម សុខា ដែលជាអនុប្រធានរបស់លោក កំពុងប្រឈមការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែ ប្រសិនបើតុលាការកំពូលតម្កល់ការផ្តន្ទាទោសទាក់ទងរឿងក្ដី “សញ្ចរកម្ម”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា សាលក្រមថ្មីបំផុតនេះត្រូវបានធ្វើឡើងតាមឆន្ទានុសិទ្ធិរបស់តុលាការ និងតាមផ្លូវច្បាប់។

លោក សុខ ឥសាន បានបន្ថែមថា “បញ្ហានៅត្រង់ពួកប្រឆាំង ពួកគេមិនដែលយល់ស្របជាមួយរដ្ឋាភិបាលទេ។ វាជាវប្បធម៌របស់បក្សប្រឆាំងដែលតែងតែយ៉ាងនេះឯង។ អ្វីដែលយើងធ្វើ មិនដែលពេញចិត្តពួកគេទេ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស