31 C
Phnom Penh

ជន​ភៀសខ្លួន​ទី​៦​ពី​ប្រទេស​ណូរូ​មក​ដល់​តាម​កិច្ចព្រមព្រៀង​ចម្រូងចម្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរកម្ពុជានិយាយថា ជនភៀសខ្លួនចុងក្រោយបំផុតទទួលយកសំណើតាំងលំនៅថ្មីក្នុងប្រទេសនេះ តាមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសជាមួយប្រទេសអូស្ត្រាលី បានមកដល់ក្រុងភ្នំពេញហើយកាលពីថ្ងៃអាទិត្យ ជាជនភៀសខ្លួនទី៦ដែលព្រមមក ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅខែកញ្ញាឆ្នាំ២០១៤។

ជនភៀសខ្លួនបួននាក់ដំបូង ដែលបានមកដល់នៅខែមិថុនាឆ្នាំមុនពីប្រទេសណូរូ ដែលប្រទេសអូស្ត្រាលីកំពុងឃាត់ទុកជនភៀសខ្លួនរាប់រយនាក់ដែលចាប់បាននៅសមុទ្រខណៈដែលព្យាយាមមកប្រទេសនេះ បានត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញអស់ហើយ នៅសល់តែបុរសរ៉ូហ៊ីងយ៉ាម្នាក់ប៉ុណ្ណោះមកពីប្រទេសភូមា ដែលបានមកដល់មួយឆ្នាំមកហើយ។

លោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកមកដល់ចុងក្រោយនេះកំពុងស្នាក់នៅជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលប្រទេសអូស្ត្រាលីបានជួលឲ្យជួយក្នុងការផ្ទេរនេះ។

លោកបាននិយាយថា “ជនភៀសខ្លួនម្នាក់ពីប្រទេសស៊ីរីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ហើយឥឡូវនេះកំពុងស្នាក់នៅឯការិយាល័យ IOM ក្នុងក្រុងភ្នំពេញ ប៉ុន្តែពីរនាក់ផ្សេងទៀតមិនបានមកទេ ពីព្រោះពួកគេបានដូរចិត្តគេវិញ”។

គណៈប្រតិភូខ្មែរមួយក្រុមដែលទៅប្រទេសណូរូកាលពីខែមុន បានជួបជាមួយអ្នកស្ម័គ្រចិត្ត មានបុរសស៊ីរីម្នាក់ អាហ្វហ្គានីស្ថានម្នាក់ និងប៉ាគីស្ថានម្នាក់ និងបានសម្រេចលើការតាំងលំនៅថ្មីសម្រាប់អ្នកទាំងបីនាក់។

លោក សុវិជ្ជា បាននិយាយថា “ខ្ញុំមិនដឹងថា ហេតុអ្វីជនភៀសខ្លួនពីរនាក់ផ្សេងទៀតប្ដូរចិត្តទេ ពីព្រោះខាងអូស្ត្រាលីមិនបានប្រាប់មូលហេតុយើងទេ”។

លោកបាននិយាយថា ពីមុនលោកបានកំណត់អត្តសញ្ញាណបុរសស៊ីរីនោះខុសថាជាជនជាតិស្រីលង្កា។ មិនមែនជាលើកដំបូងទេដែលអ្នកស្ម័គ្រចិត្តបានដកខ្លួនចេញពីការព្រមព្រៀង។

នៅពេលដែលជនភៀសខ្លួនមកពីប្រទេសភូមាបានមកដល់ទីនេះកាលពីខែវិច្ឆិកាឆ្នាំមុន គេសន្មតថា គាត់ជាអ្នកមកដល់ថ្មីម្នាក់ក្នុងចំណោមអ្នកមកថ្មីពីរនាក់ ប៉ុន្តែបុរសម្នាក់ទៀតបានប្តូរចិត្តនៅនាទីចុងក្រោយ។ រឿងនេះក៏កើតមានបន្ទាប់ពីអ្នកស្ម័គ្រចិត្តបួននាក់ផ្សេងទៀតដែលរៀបចំដោយប្រទេសអូស្ត្រាលី បានបដិសេធមិនព្រមជួបជាមួយមន្ត្រីខ្មែរដែលមកប្រទេសណូរូជើងមុនដែរ។

ទាំងប្រទេសកម្ពុជា ទាំងប្រទេសអូស្ត្រាលី និង IOM មិនដែលបានផ្តល់ការពន្យល់ណាមួយទេ។

ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងតាំងលំនៅថ្មីនៅឆ្នាំ២០១៤ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកជនភៀសខ្លួនចំនួនរាប់រយនាក់ ដែលត្រូវគេឃាត់ទុកនៅប្រទេសណូរូ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជាថ្នូរនឹងជំនួយ៣០.៧លានដុល្លារបន្ថែមពីប្រទេសអូស្ត្រាលី សម្រាប់បួនឆ្នាំបន្ទាប់។

ក្នុងពេលតែប៉ុន្មានខែបន្ទាប់ពីកិច្ចព្រមព្រៀងបានសម្រេច ប្រទេសអូស្ត្រាលីក៏បានចាប់ផ្តើមផ្សព្វផ្សាយលិខិតមួយដល់ជនភៀសខ្លួននៅកោះណូរូ ដោយមានទាំងការអះអាងមិនពិតមួយចំនួនអំពីប្រទេសកម្ពុជាដែរ។

លិខិតមានខ្លឹមសារថា ពលរដ្ឋកម្ពុជា “មានសេរីភាពគ្រប់ទាំងអស់នៃសង្គមប្រជាធិបតេយ្យ” ក្នុងនោះមានទាំងសេរីភាពនៃការបញ្ចេញមតិ ហើយថាប្រទេសនេះមិនប្រឈមនឹងបញ្ហាជាមួយបទល្មើសហិង្សាទេ និងមាន “ស្តង់ដារថែទាំសុខភាពខ្ពស់”។

ការអះអាងទាំងនេះមានភាពផ្ទុយគ្នាស្រឡះ មិនត្រឹមតែចំពោះចំណាត់ថ្នាក់អន្តរជាតិដ៏ច្រើនទេ តែថែមទាំងផ្ទុយពីការកត់សម្គាល់មួយចំនួនចំពោះការណែនាំរបស់រដ្ឋាភិបាលអូស្ត្រាលីឲ្យពលរដ្ឋរបស់ខ្លួនគិតពិចារណាអំពីការមកលេងប្រទេសកម្ពុជាផង។

នៅដើមឆ្នាំនេះ ជនភៀសខ្លួនមកពីប្រទេសភូមាបានប្រាប់បណ្តាញព័ត៌មានអូស្ត្រាលីថា គាត់មានអារម្មណ៍ថាបោះបង់ចោលដោយអាជ្ញាធរដែលទទួលខុសត្រូវមើលថែគាត់ ខ្លាចស្លាប់នៅទីនេះនិងស្តាយក្រោយដែលព្រមមកទីនេះ។

លោក សុវិជ្ជា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ បាននិយាយកាលពីថ្ងៃច័ន្ទថា តាំងពីពេលនោះមក បុរសនោះបានផ្លាស់ចេញពីការិយាល័យនៅភ្នំពេញរបស់ IOM ហើយចូលនៅក្នុងផ្ទះជួលមួយក្នុងខណ្ឌឫស្សីកែវ។ លោកបាននិយាយថា បុរសនោះទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសង្ឃឹមថានឹងរកបានការងារធ្វើ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស