41.3 C
Phnom Penh

លោក សម រង្ស៊ី មានទោសនៅក្នុងសំណុំរឿងពាក់ព័ន្ធ ‘Like’ លើហ្វេសប៊ុករបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានរកឃើញថា មានទោសកាលពីម្សិលមិញ ពីបទបរិហារកេរ្តិ៍ដោយសារតែលោកអះអាងថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានស្វះស្វែងជួយជំរុញជាប្រព័ន្ធដើម្បីបង្កើនប្រជាប្រិយភាពហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការចេញបទបញ្ជាឲ្យមន្ត្រីទិញ ‘Like’  ក្លែងក្លាយពីគណនីនៅក្រៅប្រទេស។

គេឃើញថា ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ទទួលបានការគាំទ្រខ្លាំងមួយឆ្នាំកន្លងមកនេះ ពីគណនីនៅ ក្នុងប្រទេសមួយចំនួន រួមមាន ប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីន ជាដើម ជាប្រទេសដែលគេដឹងថា  “Click Farms” ជាក្រុមហ៊ុនដែលលក់ ‘Like’ ក្លែងក្លាយកំពុងមានប្រតិបត្តិការ។

លោក សោម សឿន ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឈ្នះក្ដីលើលោក សម រង្ស៊ី នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ពាក់ព័ន្ធ Like លើហ្វេសប៊ុករបស់លោក ហ៊ុន សែន។  រូបថត : ស៊ីវ ចាន់ណា /ឌឹ ខេមបូឌា ដេលី
លោក សោម សឿន ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឈ្នះក្ដីលើលោក សម រង្ស៊ី នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ពាក់ព័ន្ធ Like លើហ្វេសប៊ុករបស់លោក ហ៊ុន សែន។  រូបថត : ស៊ីវ ចាន់ណា /ឌឹ ខេមបូឌា ដេលី

ទោះជាយ៉ាងណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អឹុម វណ្ណៈ បានចេញសេចក្តីសម្រេចដោយផ្តោត លើបញ្ហាថា តើភ័ស្តុតាងរបស់លោក សម រង្ស៊ី  ដែលជាសាររបស់លោក សោម សឿន រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលផ្ញើទៅកាន់មន្ត្រីផ្សេងៗទៀតក្នុងជួរគណបក្សរបស់ខ្លួន ពិតជាមានចេតនាបំភ្លៃដោយមេដឹកនាំគណបក្សប្រឆាំង រូបនេះ ឬយ៉ាងណា។

ចៅក្រមរូបនេះបានមានប្រសាសន៍នៅក្នុងតុលាការថា “សកម្មភាពរបស់ចុងចោទ សម រង្ស៊ីដែលសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៩ខែមីនា ឆ្នាំ២០១៦ មានបំណងធ្វើឲ្យសាធារណជនយល់ច្រឡំ ហើយជឿថា វាជាការពិត។ វាជាការស្តីបន្ទោសក្នុងបំណងមិនល្អដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូររបស់ជនរងគ្រោះ”។

លោក សម រង្ស៊ី ដែលត្រូវបានកាត់ទោសកំបាំងមុខនៅពេលព្រឹក ត្រូវបានបង្គាប់នៅពេលរសៀល ឲ្យបង់ប្រាក់ ពិន័យចំនួន១០លានរៀល និងសំណងជំងឺចិត្ត១៥លានរៀលទៅឲ្យដើមចោទ គឺលោក សោម សឿន។

ចៅក្រម អឹុម វណ្ណៈ ក៏បានលើកឡើងផងដែរថា សាលក្រមនេះនឹងមានផ្សព្វផ្សាយចំនួនបីថ្ងៃតាមប្រព័ន្ធផ្សព្វផ្សាយ ទោះបីជាមិនទាន់ច្បាស់ភ្លាមៗថា តើនឹងត្រូវអនុវត្តដូចម្តេចនោះក៏ដោយ។អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានលើកឡើងថា លោកមិនទាន់ទទួលបានព័ត៌មានណាមួយអំពីសេចក្តីសម្រេចេនះនៅឡើយទេ ហើយក៏មិនបានដឹងអំពីការបង្គាប់បែបនេះដែរ។

លោក សោម សឿន ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឈ្នះក្ដីលើលោក សម រង្ស៊ី នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ពាក់ព័ន្ធ Like លើហ្វេសប៊ុករបស់លោក ហ៊ុន សែន។  រូបថត : ស៊ីវ ចាន់ណា /ឌឹ ខេមបូឌា ដេលី
លោក សោម សឿន ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឈ្នះក្ដីលើលោក សម រង្ស៊ី នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ពាក់ព័ន្ធ Like លើហ្វេសប៊ុករបស់លោក ហ៊ុន សែន។  រូបថត : ស៊ីវ ចាន់ណា /ឌឹ ខេមបូឌា ដេលី

សារជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ ដែលលោក សោម សឿន ផ្ញើមកតាមរយៈកម្មវិធីតេឡេក្រាម ណែនាំឲ្យ មន្ត្រីចាត់វិធានការផ្សេងៗដើម្បីជំរុញសមាជិកគណបក្សប្រជាជនកម្ពុជាឲ្យជួយបង្កើន ‘Like’ សម្រាប់ទំព័រ ហ្វេសប៊ុករបស់លោក ហ៊ុន សែន  និងធ្វើឲ្យ ‘Like’សម្រាប់លោក សម រង្ស៊ី ធ្លាក់ចុះ។

ការណែនាំនេះបានណែនាំមន្ត្រីឲ្យបង្កើនប្រជាប្រិយភាពនៃទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន តាមរយៈការពិភាក្សាអំពីផែនការនេះនៅក្នុងរាល់កិច្ចប្រជុំបក្សទាំងអស់ ដោយប្រាប់មិត្តភក្តិនិង”ក្រុមការងារ” ដែលគេបាន រៀបចំ ឲ្យបង្កើនចំនួនគណនីដែលចុច ‘Like’ ទំព័រនេះ។

សារនេះមានខ្លឹមសារថា “គណបក្សគ្រប់ថ្នាក់ត្រូវតាមដានអនុវត្តការងារនេះជាប្រចាំ ជាយុទ្ធនាការទូលំទូលាយនៅមូលដ្ឋានឆ្ពោះទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត”។

នៅក្នុងខំមិន (comment) បន្ថែម ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី  អមដោយរូបភាព ផ្ទាំងស្គ្រីន (screenshot) នៃសារដែលបានបែកធ្លាយនោះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានអះអាងថា  មន្ត្រីរាជការ និងកងសន្តិសុខត្រូវបានគេណែនាំឲ្យបង្កើត ‘Like’ ក្លែងក្លាយ ប៉ុន្តែការអះអាងនេះត្រូវបានចាត់ទុក ថា  ជាការបរិហារកេរ្តិ៍។

លោកបានមានប្រសាសន៍ថា “ការណែនាំទាំងនេះបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចកំពុងជំរុញមន្ត្រី អ្នកគាំទ្រ និងបណ្តាញរបស់ខ្លួនរួមមានដូចជាមន្ត្រីរាជការ នគរបាល  និងទាហានឲ្យ បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បី ផ្តល់ ‘Like’ ក្លែងក្លាយដល់ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន “។

លោក សម រង្ស៊ី ដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសវិញជាផ្លូវការ បាននិយាយការពារការអះអាងរបស់ លោកកាលពីម្សិលមិញ។

លោកបានមានប្រសាសន៍ថា “នៅក្នុងប្រព័ន្ធបែបកុម្មុយនីស្ត ដែលគណបក្សនេះនិងរដ្ឋាភិបាលពិតជាបានបង្កើតអង្គភាពមួយនោះ បងប្អូនអាចដឹងបានអំពីអត្ថន័យបង្កប់នៅក្នុងការណែនាំពីគណបក្សនេះ។ការបង្កើតក្រុម បច្ចេកទេសដើម្បីជួយ’បង្កើន Like របស់លោក ហ៊ុន សែន’  មានន័យថា វាមានវិធីនិងកលល្បិចដែលអាច ទៅរួចរាប់មិនអស់ដើម្បីសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា”។

ពេលសួរថា តើលោកពិតជាមានបំណងធ្វើឲ្យសាធារណជនយល់ច្រឡំអំពីខ្លឹមសារពិតប្រាកដនៅក្នុងសាររបស់លោក សោម សឿន មែនឬយ៉ាងណានោះ លោក សម រង្ស៊ី បានលើកឡើងថា “ទេ គឺលោកហ៊ុនសែនទេ ដែលធ្វើ ឲ្យសាធារណជនយល់ច្រឡំ ពេលលោកនិយាយអួតអាងអំពីប្រជាប្រិយភាព [ក្លែងក្លាយ]  ដោយផ្អែកលើ Like [ក្លែងក្លាយ] របស់លោកនោះ”។

លោកបានបន្ថែមថា “ខ្ញុំនឹងប្តឹងទាស់នឹងសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃនេះដើម្បីស្វែងរកយុត្តិធម៌ ព្រោះការធ្វើដូចនេះនឹងផ្តល់ឱកាសឲ្យខ្ញុំស្នើសុំឲ្យក្រុមហ៊ុនហ្វេសប៊ុកមានមូលដ្ឋាននៅអាមេរិកផ្តល់ទិន្នន័យពិតប្រាកដ និងអព្យាក្រឹត អំពីភាពត្រឹមត្រូវនិងភាពពិតប្រាកដនៃ Like របស់លោក ហ៊ុន សែន “។

លោក សម រង្ស៊ី ប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំស្រាប់ទៅហើយនៅក្នុងការផ្តន្ទាទោសពាក់ព័ន្ធបទបរិហាកេរ្តិ៍ដាច់ដោយឡែកមួយទៀត។

ពេលនិយាយទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅបន្ទប់សវនាការ លោក សោម សឿន បានលើកឡើងថា  លោកទទួលបានយុត្តិធម៌ហើយ ប៉ុន្តែ បានបដិសេធមិននិយាយថា តើ ‘Like’ ដែលមានការកើនឡើងខ្លាំង របស់លោក ហ៊ុន សែន ស្របច្បាប់ឬក៏អត់នោះឡើយ។

លោកបាននិយាយទាក់ទិននឹង’Like’ ថា “វាជាបញ្ហាក្រុមហ្វេសប៊ុក”។ លោកបានបន្ថែមថា លោក សម រង្ស៊ី  គឺជាអ្នកចាញ់យ៉ាងឈឺចាប់ដោយសារលោក ហ៊ុន សែន បានវ៉ាដាច់ប្រជាប្រិយភាពតាមអីុនធឺណិត។

លោកបាននិយាយថា “វាមិនខុសអីពីគាត់ចាញ់ឆ្នោតនោះទេ។ គាត់បន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការបន្លំសន្លឹកឆ្នោត។ វាគ្រាន់តែជាវិធីសាស្ត្រដើម្បីកុំឲ្យខ្លួនបាក់មុខដោយសារតែចាញ់ឆ្នោតប៉ុណ្ណោះ”។

បើទោះជាបានបញ្ចេញរបាយការណ៍ប្រាំទំព័រកាលពីខែមីនា ដោយច្រានចោលការចោទប្រកាន់ដែលថា លោក ហ៊ុន សែន បានទិញ’Like’ ក៏ដោយ ក៏រដ្ឋាភិបាលមិនបានពន្យល់ថា តើហេតុអ្វីបានជាគេឃើញប្រជាប្រិយភាព តាមអីុនធឺណិតរបស់លោកនាយករដ្ឋមន្ត្រីកើនឡើងភ្លាមៗពីប្រទេសមួយចំនួនដែលគេដឹងថា ជាកន្លែងសម្រាប់បង្កើត’Like’ ក្លែងក្លាយដែរ។

កាសែតភ្នំពេញប៉ុស្តិ៍ ដំបូងឡើយបានពញ្ញាក់អារម្មណ៍ឲ្យផ្តោតលើទីតាំងភូមិសាស្ត្រដ៏គួរឲ្យចម្លែកក្នុងចំណោមអ្នកគាំទ្រហ្វេសប៊ុករបស់លោក ហ៊ុន សែន ។អត្ថបទដែលចេញផ្សាយនៅថ្ងៃទី៩ខែមីនា  បង្ហាញថា  កាលពីខែមុន នោះ  ក្នុងចំណោមអ្នកគាំទ្រហ្វេសប៊ុកថ្មីប្រមាណ៧៧៩.០០០នាក់ មានត្រឹមតែ១៥៧.៣៣១នាក់ប៉ុណ្ណោះ ដែល មានគណនីនៅក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃ ‘Like’ថ្មី មានប្រភពចេញមកពីប្រទេសឥណ្ឌា  ហ្វីលីពីន  និងភូមា។

ទោះបីជានិន្នាការនោះមានសភាពមិនសូវសកម្មក៏ដោយ តែវាមិនបានបញ្ឈប់នោះទេ ហើយការបែងចែកក្នុង ពេលបច្ចុប្បន្នដែលបង្ហាញថា លោក ហ៊ុន សែន ទទួលបាន ‘Like’ ចំនួន៦,១លាន ហើយលោក សម រង្ស៊ី មាន ៣,៣លាន ‘Like’ នោះ បង្ហាញឲ្យឃើញថា មានការជួយជ្រោមជ្រែងពីក្រៅប្រទេស នេះបើផ្អែកលើការ រកឃើញ របស់គេហទំព័រ SocialBackers។

គណនីដែលចុច ‘Like’ទំព័រហ្វេសប៊ុក “Samdech Hun Sen Cambodian Prime Minster” មានតែ៥១ភាគរយ ប៉ុណ្ណោះដែលនៅកម្ពុជា។ ជាង១២ភាគរយនៅក្នុងប្រទេសឥណ្ឌា ៨ភាគរយនៅហ្វីលីពីន និងប្រហែល៧ភាគរយនៅក្នុងប្រទេសថៃ។ កាលពីខែមុនគេឃើញថា ទំព័រហ្វេសហ៊ុកនេះមាន’Like’កើនឡើង៣,៨ភាគរយ នៅកម្ពុជា  រីឯ ‘Like’ មានប្រភពចេញពីប្រទេសហ្វីលីពីនបានកើន១២,៨ភាគរយ៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស