មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធកាលពីម្សិលមិញថា ទាហានបីនាក់ដែលបានអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទវាយដំលើតំណាងរាស្ត្រគណបក្សប្រឆាំងនោះ មិនធ្លាប់ជាសមាជិកបញ្ជាការដ្ឋានអង្គរក្សទេ បើទោះជាការជាប់ទាក់ទិនរបស់ពួកគេត្រូវបានមជ្ឈដ្ឋាន ទូទៅនិយាយជាសាធារណៈ និងនិយាយនៅក្នុងតុលាការក៏ដោយ។
ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលោកបានមានប្រសាសន៍បន្ថែមថា “អត់មានទាក់ទិនជាមួយអង្គរក្សទេ សុំទោស។ បាទ អត់មានទាក់ទិនអីខាងខ្ញុំទេ”។
ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង សុត វន្នី អាយុ៤៥ឆ្នាំ បានសារភាពនៅក្នុងតុលាការថា បានវាយដំលោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខាងក្រៅ រដ្ឋសភាកាលពីខែតុលាឆ្នាំមុនមែន។
អំឡុងសវនាការ ម៉ៅ ហឿន បានផ្តល់សក្ខីកម្មថា គាត់បានទៅតវ៉ានៅខាងក្រៅរដ្ឋសភា”ដើម្បីប្រមូលព័ត៌មាន” ក្នុងនាមជា “សមាជិកក្រុមសើុបអង្កេត” របស់បញ្ជាការដ្ឋានអង្គរក្ស តែគាត់បានបដិសេធមិននិយាយថា នរណាបានចេញបញ្ជា ឬប្រាប់អត្តសញ្ញាណមន្ត្រីថ្នាក់លើរបស់ខ្លួនឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរាយការណ៍អំពីករណីនេះដោយផ្អែកលើបទសម្ភាសន៍ជាមួយប្រភព ជាច្រើននោះ បានលើកឡើងថា ការវាយប្រហារនេះជាផ្នែកមួយនៃប្រតិបត្តិការរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលមានទាហានជិត២០០នាក់ឈរជើងខាងក្រៅរដ្ឋសភាក្នុងសម្លៀកបំពាក់ស៊ីវិល។
បន្ទាប់ពីការដោះលែងមន្ត្រីទាំងនេះពីពន្ធនាគារកាលពីថ្ងៃសុក្រ លោក ហេង ដាលីន អ្នកនាំពាក្យបញ្ជាការដ្ឋាន អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនដឹងថា បុរសទាំងនេះនឹងត្រឡប់ទៅធ្វើការ វិញ ឬយ៉ាងណានោះឡើយ។
ប៉ុន្តែ កាលពីម្សិលមិញ ក្រុមមន្ត្រីក្រសួងការពារជាតិបានបដិសេធការងារពីមុនរបស់ពួកគេនៅបញ្ជាការដ្ឋានអង្គរក្សដោយលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងត្រឹមតែថា ពួកគេជាទាហានកងយោធពលខេមរភូមិន្ទ។ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា គាត់នៅឯណាទេ ឥឡូវ។
វាជារឿងឯកជនរបស់គេ”។លោកបានថ្លែងថា ទោះជាយ៉ាងណា ក្រុមប្រឹក្សា វិន័យរបស់ក្រសួងកំពុងពិចារណា ថា តើបុរសទាំងនេះគួរត្រូវទទួលយកមកបម្រើការងារវិញឬយ៉ាងណា ពីព្រោះ “គេអនុវត្តទោសហើយត្រូវដោះលែង។ យើងនឹងពិនិត្យមើលការអនុវត្តរបស់បុគ្គលហ្នឹងទៀត តើត្រូវចាត់ការ របៀបម៉េចទៀត”។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលអង្គការសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា មិនចាំបាច់ឆ្ងល់ទេ ពួកគេគឺជាសមាជិកបញ្ជាការដ្ឋានអង្គរក្សរបស់ លោក ហ៊ុន សែន ដោយហៅនាយឧត្តមសេនីយ៍ ហីុង ប៊ុនហៀងថា “និយាយកុហក”។
លោក ហ្វីល រ៉ូបឺតសុន បានលើកឡើងក្នុងអីុម៉េលថា “អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឃើញឯកសារសម្ងាត់ផ្លូវការដែលអះអាងពីសមាជិកភាពរបស់ពួកគេនៅក្នុងបញ្ជាការដ្ឋានអង្គរក្សនេះ ហើយបុរសទាំងបីនាក់នេះក៏បានសារភាពនៅក្នុងតុលាការរួចហើយដែរ”។
លោកបានបន្ថែមថា “ខ្ញុំសន្និដ្ឋានថា លោក ហីុង ប៊ុនហៀង មិនដែលទទួលខុសត្រូវជាយូរមកហើយ ជាហេតុធ្វើ ឲ្យគាត់គិតថាជារឿងឆ្កួតៗ បើនិយាយទទួលខុសត្រូវ ទោះវាជារឿងពិតប្រាកដក៏ដោយ ប៉ុន្តែវាជារឿងអាក្រក់ បំផុតសម្រាប់គាត់ ព្រោះអីពួកយើងទាំងអស់គ្នារស់ក្នុងពិភពមួយដែលផ្អែកលើអង្គហេតុ និងភ័ស្តុតាង ហើយត្រៀមខ្លួនសួរគាត់ពីរឿងនេះ”។
លោក គង់ សភា តំណាងរាស្ត្រមួយរូបក្នុងចំណោមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានវាយដំនៅក្នុងការវាយប្រហារនោះ បានមានប្រសាសន៍ថា មិនចាំបាច់ពិចារណាពីការអនុញ្ញតឱ្យបុរសទាំងនេះ ត្រឡប់ទៅធ្វើការវិញឡើយ។
លោក គង់ សភា បានថ្លែងថា “ជាធម្មតា នៅក្នុងប្រទេសមួយដែលមានច្បាប់ទម្លាប់វិន័យ មាននីតិរដ្ឋ មនុស្ស ឬមន្ត្រីដែលហ៊ានធ្វើកំហុសយ៉ាងធ្ងន់ធ្ងរដល់ជាតិរបស់ខ្លួន គឺត្រូវទទួលពិន័យយ៉ាងធ្ងន់ធ្ងរ ហើយជាពិសេស គឺត្រូវបញ្ឈប់ជាកងកម្លាំងប្រដាប់អាវុធ ព្រោះគាត់គ្មានវិន័យ គ្មានសីលធម៌ជាកងកម្លាំងប្រដាប់អាវុធជាតិត ទៅទៀតទេ”៕ សារុន រាយការណ៍បន្ថែមដោយ Michael Dickison)