26 C
Phnom Penh

ភាព​​​អសកម្ម​​​កើត​​​ឡើង​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​​​​លើ​​​ឃាតកម្ម​​​លោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកអង្គរជុំ ខេត្តសៀមរាប -អាជ្ញាធរនិយាយថា ពួកគេកំពុងបន្តស៊ើបអង្កេតលើឃាតកម្មលោក កែម ឡី អ្នកវិភាគនយោបាយ ដែលត្រូវឃាតករបាញ់សម្លាប់ក្នុងក្រុងភ្នំពេញរយៈពេល៤ខែមុននៅថ្ងៃនេះចំពោះអ្វីដែលមជ្ឈដ្ឋានភាគច្រើនជឿថាជាឃាតកម្មផ្នែកនយោបាយ។

ប៉ុន្តែនៅទីនេះក្នុងស្រុកកំណើតជនជាប់ចោទជាឃាតករ អឿត អាង នោះ គេមានអារម្មណ៍ថា នគរបាលមិនបានធ្វើអ្វីសោះ។

លោក កែត ហាន់ វ័យ៣២ឆ្នាំ ជាប្អូនជីដូនមួយរបស់ អាង វ័យ៤៣ឆ្នាំ ដែលបានរស់នៅចម្ងាយដើរពីបីនាទីប៉ុណ្ណោះតាមផ្លូវលំបត់ឡើងបត់ចុះក្នុងឃុំនគរភាសបាននិយាយថា “ក្រោយពីព្រឹត្តិការណ៍គួរឲ្យតក់ស្លុតបានកើតឡើង ពួកគេបានមក ប៉ុន្តែចាប់ពីពេលនោះមក មិនមានគេមកទេ”។

លោក ហាន់ បាននិយាយថា “វាចម្លែកណាស់។ គេគួរតែមកទីនេះដើម្បីរកព័ត៌មានបន្ថែម ប៉ុន្តែគេគ្រាន់តែមកម្តងប៉ុណ្ណោះ ហើយមិនដែលមកទៀតទេ”។

cam-photo-kem-ley_jump-2_SOVANNARAឃាតកម្មលោកកែម ឡី បានធ្វើឡើងកណ្តាលថ្ងៃចែសនៅក្នុងហាងស្ថានីយចាក់សាំងមួយកន្លែងនៅក្នុងក្រុងភ្នំពេញ បានធ្វើឲ្យមានការតក់ស្លុតយ៉ាងខ្លាំងក្នុងចំណោមពលរដ្ឋ នៅពេលដែលមានការគំរាមសម្លាប់គឺជាផ្នែកនៃនយោបាយទល់នឹងបក្សប្រឆាំងនិងភាពសកម្មនិយម។ រដ្ឋាភិបាលបានបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មទេ ប៉ុន្តែបាននិយាយថា ខ្មាន់កាំភ្លើងទំនងជាឃាតករស៊ីឈ្នួល។

អ្នកដែលអាចជួលលោក អាង នៅតែជាអាថ៌កំបាំង ជារឿងមួយដែលរដ្ឋាភិបាលទំនងជាមិនមានភាពរីកចម្រើនក្នុងការគិតគូរ ដោយបង្កឲ្យមានការសន្និដ្ឋានថា បក្សកាន់អំណាចកំពុងតែលាក់បាំងអ្វីមួយ។

លោក មាស នី អ្នកវិភាគនយោបាយបាននិយាយថា “ខ្ញុំគិតថា នៅពេលដែលអ្នកក្រឡេកមើលករណីកែម ឡី វាមិនខុសគ្នាពីករណីផ្សេងទៀតនៃឃាតកម្មលើសកម្មជនសង្គមផ្សេងទៀតទេ។ រដ្ឋាភិបាលតែងតែគិតថា ឬគេរំពឹងថា ករណីនោះអាចរលាយបាត់បន្តិចម្តងៗ អ៊ីចឹងពួកគេមិនចាំបាច់ធ្វើកិច្ចការអ្វីទេ”។

លោក នី បាននិយាយថា លោកមិនភ្ញាក់ផ្អើលដោយឮថា នគរបាលមិនអនុវត្តការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយនោះ។

លោកបាននិយាយថា “តុលាការគួរពន្លឿនការស៊ើបអង្កេតដោយសម្ភាសអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ជាពិសេសគ្រួសារជនសង្ស័យ។ វាបង្ហាញនិងឆ្លុះបញ្ចាំងឲ្យឃើញនូវកង្វះការប្រឹងប្រែងពីរដ្ឋាភិបាល ដើម្បីស៊ើបអង្កេតស៊ីជម្រៅក្នុងករណីនេះ”។

ក្នុងរយៈពេលមួយម៉ោងនៃឃាតកម្មនៅថ្ងៃទី១០ ខែកក្កដា នគរបាលបានបង្ហាញលោក អាង ដែលបានប្រាប់ឈ្មោះថា ជួប សម្លាប់ នៅពីមុខកាម៉េរា ដោយជនសង្ស័យអះអាងថា គាត់បានបាញ់សម្លាប់ កែម ឡី ដោយសារតែជំពាក់ប្រាក់មិនព្រមសង។

មន្ទិលសង្ស័យកាន់តែកើនឡើង បន្ទាប់ពីគ្រួសារនិងមិត្តភក្តិរបស់ជនជាប់ចោទជាឃាតករបានបង្ហាញអត្តសញ្ញាណគាត់ថាជាអតីតព្រះសង្ឃនិងទាហាន ដែលពួកគេនិយាយថា មិនដែលឮនិយាយពីឈ្មោះកែម ឡី ទេ ហើយបានបាត់ខ្លួនពីភូមិមកក្រុងភ្នំពេញ១០ថ្ងៃមុននឹងមានការបាញ់ប្រហារ ដោយប្រាប់មិត្តម្នាក់ថា គាត់បានចូលធ្វើទាហាន។

ទោះបីជា ទាំងប្រពន្ធលោក អាង គឺអ្នកស្រី ហឿម ហ៊ត់ ទាំងម្តាយរបស់គាត់ឈ្មោះ ឯក តាប់ មិនដឹងទៅទីណាទេនៅសប្តាហ៍នេះក៏ដោយ ក៏អ្នកជិតខាងបាននិយាយថា ពួកគេនៅឯខេត្ត ហើយគ្មានទូរស័ព្ទដៃទេ ហើយអ្នកជិតខាងនិងសមាជិកគ្រួសារបាននិយាយថា ពួកគេមិនបានឃើញ ឬឮដំណឹងពីក្រុមអ្នកស៊ើបអង្កេតចុះមកតំបន់នេះចាប់តាំងពីខែកក្កដាដែរ។

អ្នកកាន់ទុក្ខចូលរួមគោរពសពលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោនៅវត្តចាស់ក្នុងខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកកាន់ទុក្ខចូលរួមគោរពសពលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោនៅវត្តចាស់ក្នុងខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ជីវ កែម ជាអតីតអ្នកជិតខាងលោក អាង ដែលនៅតែជាមិត្តជិតស្និទ្ធនឹងប្រពន្ធគាត់បាននិយាយថា “មានមនុស្សច្រើនមក បន្ទាប់ពីការបាញ់បានកើតឡើង ប៉ុន្តែខ្ញុំមិនដែលឃើញគេមកទៀតទេចាប់តាំងពីពេលនោះមក”។

លោកបាននិយាយថា “យើងជាអ្នកជិតខាងនិងជាមិត្តភក្តិ។ អ្នកស្រីមិនដែលនិយាយរឿងហ្នឹងទេ”។

លេងបៀរនៅខាងក្នុងអតីតផ្ទះលោក អាង មានស្ត្រីបីនាក់ ដែលរួមមានអ៊ុំស្រីរបស់អ្នកស្រី ហ៊ត់ គឺវ៉ាង ងូច អាយុ៨០ឆ្នាំដែរ បានអះអាងថា ពួកគេមិនបានឃើញ ឬឮដំណឹងពីនគរបាលទេ ចាប់តាំងពីការចុះមកដំបូង បន្ទាប់ពីការបាញ់ប្រហារនោះ។

អ្នកស្រី ងូច បាននិយាយអំពីក្មួយស្រីថា “គេមិនដែលមកទីនេះទេ។ ខ្ញុំមិនដែលឮវានិយាយតាមទូរស័ព្ទជាមួយអ្នកដទៃទេ ហើយវាក៏មិនដែលប្រាប់ខ្ញុំអំពីរឿងនេះដែរ”។

អាជ្ញាធរស្ទើរតែមិនបានបញ្ចេញព័ត៌មានថ្មីទាក់ទងនឹងឃាតកម្ម កែម ឡី ឬការស៊ើបអង្កេរតរបស់ពួកគេទេ ចាប់តាំងពីថ្ងៃមានឃាតកម្មនោះ ហើយបន្តមិននិយាយទេកាលពីថ្ងៃពុធ។

ចៅក្រមស៊ើបអង្កេត សេង លាង បានបដិសេធមិននិយាយអំពីករណីនេះទេ ហើយបានបង្វែរសំណួរទៅលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការ ដែលក៏បានបដិសេធមិនពិភាក្សាអំពីការស៊ើបអង្កេតដែរ។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបាននិយាយថា នគរបាលបានគិតពិចារណាអំពីឈ្មោះពិតរបស់ឃាតករ ដែលគេស្គាល់អត្តសញ្ញាណជាទូទៅចាប់តាំងពីប៉ុន្មានថ្ងៃក្រោយពីឃាតកម្ម ហើយថា មានជនម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានឲ្យកាំភ្លើងមួយដើមមកខ្លួន។

នាយឧត្តមសេនីយ៍ ច័ន្ទថារិទ្ធបាននិយាយថា “យើងបានរកឃើញថា អត្តសញ្ញាណជួប សម្លាប់គឺ អឿត អាង។ គាត់បានសារភាពថា មានមនុស្សម្នាក់បាននាំគាត់មកភ្នំពេញ ហើយទិញកាំភ្លើងឲ្យគាត់មួយដើម”។

ទោះជាយ៉ាងនេះក្តី លោកបាននិយាយថា នគរបាលមិនទាន់ដឹងថាមនុស្សម្នាក់នោះជានរណាទេ។

នាយឧត្តមសេនីយ៍ ច័ន្ទថារិទ្ធបាននិយាយថា “ចម្លើយគាត់មិនច្បាស់ទេ ហើយយើងមិនអាចរកអត្តសញ្ញាណឃើញទេ អ៊ីចឹងយើងមានតម្រុយតិចតួច”។ លោកបានបដិសេធមិននិយាយបន្តទៀតទេ។

លោក ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំបាននិយាយថា នគរបាលមូលដ្ឋានមិនបានធ្វើសម្ភាសបន្ថែមទៀតទេ ក្រោយពីធ្វើរបាយការណ៍ដំបូងជូនថ្នាក់ដឹកនាំជាន់ខ្ពស់។

លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុសលោក កែម ឡី បានចូលរួមជាមួយមិត្តភក្តិនិងអ្នកគាំទ្រ ក្នុងការអំពាវនាវឲ្យនគរបាលបញ្ចេញវីដេអូកាម៉េរ៉ាសន្តិសុខទាក់ទងនឹងការបាញ់ប្រហារ។ ក្នុងខណៈដែលលោកបាននិយាយថា លោកជឿប្រាកដថា លោក អាងជាខ្មាន់កាំភ្លើងស៊ីឈ្នួលនោះ លោកក៏មិនរំពឹងថារកឃើញការពិតដែរ។

លោកបាននិយាយថា “ខ្ញុំជឿថា ជួប សម្លាប់មិនបានធ្វើរឿងនេះម្នាក់ឯងទេ។ មានអ្នកសហការនៅពីក្រោយជាសម្ងាត់។ យុត្តិធម៌ពិតប្រាកដមិនមានក្នុងសង្គមខ្មែរបច្ចុប្បន្នទេ”។

វាមិនត្រឹមតែអ្នកដែលស្វែងរកយុត្តិធម៌ឲ្យកែម ឡី ទេដែលចង់ឃើញវីដេអូនៃឃាតកម្មនោះ។ ត្រឡប់មកឃុំនគរភាសវិញ លោក ហាន់ បាននិយាយថា លោកនៅតែប្រាកដថា បងជីដូនមួយរបស់គាត់មិនមែនទទួលខុសត្រូវចំពោះឃាតកម្មលោក កែម ឡីទេ។

លោកបាននិយាយថា “គេគួរបង្ហាញវីដេអូកាម៉េរ៉ា ដើម្បីបង្ហាញភ័ស្តុតាង។ ខ្ញុំចង់ដឹងថាមានអ្វីកើតឡើង”៕

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស