នគរបាលខេត្តសៀមរាបកាលពីថ្ងៃពុធបានចាប់ខ្លួនមន្ត្រីអាជ្ញាធរអប្សរាពីរនាក់ដោយសារតែកាប់ផ្តួលដោយគ្មានការអនុញ្ញាតនូវឈើក្រញូងមានអាយុរាប់សតវត្សរ៍ ដែលគោរពដោយអ្នកភូមិដែលតែងតែបន់ស្រន់អ្នកតាដែលគេជឿងថារស់នៅក្នុងដើមឈើនេះ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តបាននិយាយថា លោក ឈរ ថាណាត អគ្គនាយករងអាជ្ញាធរអប្សរា ដែលគ្រប់គ្រងឧទ្យានបុរាណវិទ្យាអង្គរនិងកូនចៅរបស់លោកគឺ ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរអប្សរាត្រូវឃុំខ្លួនកាលពីថ្ងៃពុធនៅឯស្នងការដ្ឋាននគរបាលខេត្ត។
លោក លីណា បាននិយាយថា “យើងចាប់ខ្លួនមន្ត្រីពីរនាក់ ព្រោះគេបញ្ជាឲ្យកូនចៅគេកាប់ដើមឈើ។ មន្ត្រីពីរនាក់បានប្រព្រឹត្តកំហុស ព្រោះគេកាប់ដើមឈើ ដោយគ្មានសុំការអនុញ្ញាតពីថ្នាក់លើ”។
លោក លីណា បាននិយាយថា គេកំពុងស្វែងរកអ្នកផ្សេងទៀត ដែលរួមមានអ្នកដែលប្រើរណាយន្តកាត់ដើមឈើ។
ការកាប់រំលំដើមឈើក្នុងសង្កាត់គោកចក ក្រុងសៀមរាបបានធ្វើឲ្យអ្នកភូមិប្រហែល៣០០នាក់មកជួបជុំគ្នានៅកន្លែងកើតហេតុកាលពីថ្ងៃអាទិត្យ។
ពួកគេបានចោទអាជ្ញាធរអប្សរាថាមានបំណងលក់ឈើដ៏មានតម្លៃនេះ ដែលអាចមានតម្លៃរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប ហើយបានព្យាយាមរារាំងមន្ត្រីមិនឲ្យដឹកឈើចេញទេ។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរអប្សរាអះអាងថា ខ្លួនគ្រាន់តែអារផ្តួលឈើនោះកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមអ្នកកាប់ឈើមិនស្គាល់អត្តសញ្ញាណមួយក្រុមបានលួចអារជ្រៅដល់គល់ឈើកាលពីយប់ថ្ងៃសុក្រ ហើយខ្លាចវាបង្កការខូចខាត ប្រសិនដើមវាដួល។
លោក ថាណាត អគ្គនាយករងអាជ្ញាធរអប្សរាបានសរសេរសំបុត្រសុំទោសកាលពីថ្ងៃអង្គារ ហើយសុំឲ្យចៅហ្វាយរបស់លោកអភ័យទោស ដោយសារតែបញ្ជាឲ្យកូនចៅលោកកាត់ដើមឈើ។
លោកបានសរសេរក្នុងលិខិតថា “ខ្ញុំពិតជាមានការសោកស្តាយដែលបានបញ្ជាឲ្យបុគ្គលិកកាប់ផ្តួលដើមឈើនេះដោយមិនបានពិគ្រោះយោបល់និងស្នើសុំការអនុញ្ញាត។ រាល់ផលវិបាក ការចោទប្រកាន់និងការរិះគន់នានាមកលើអាជ្ញាធរអប្សរានិងថ្នាក់ដឹកនាំអាជ្ញាធរអប្សរាដែលកើតចេញពីការងារនេះ គឺជាកំហុសខុសផ្ទាល់របស់ខ្ញុំ និងមិនមែនជាការទទួលខុសត្រូវរបស់អាជ្ញាធរអប្សរានោះទេ”។
លោក ម៉ឺន រិទ្ធ មេភូមិនគរក្រៅ សង្កាត់គោកចកបាននិយាយថា ឈើអារហើយត្រូវបានដឹកជញ្ជូនកាលពីថ្ងៃពុធមកកាន់វត្តដំរីសែនជ័យក្នុងសង្កាត់នេះ ដោយធ្វើឲ្យអ្នកភូមិសប្បាយចិត្ត ដែលបានអាក់អន់ចិត្តនឹងការបាត់បង់ដើមឈើអ្នកតារបស់គេ។
លោកបាននិយាយថា “ពួកគេសប្បាយចិត្ត នៅពេលដែលគេបានឃើញដើមឈើដឹកមកដាក់ក្នុងវត្តនៅរសៀលនេះ”។
លោក រិទ្ធបាននិយាយថា អ្នកភូមិបានធ្វើពិធីសែនអ្នកតាដើមឈើនេះរាល់ខែធ្នូ នៅពេលដែលគេបួងសួងសុំសេចក្តីសុខនិងផលដំណាំល្អ និងក៏សែនអាហារដល់អ្នកតាដែរ។
លោកបាននិយាយថា “ខ្ញុំគិតថា អ្នកតានៅក្នុងដើមក្រញូងមានបារមីខ្លាំង ព្រោះមនុស្សពីរនាក់ត្រូវចាប់ខ្លួន ក្រោយពីដើមឈើត្រូវកាប់”។
លោក ហង្ស សុផាត ភារម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាននិយាយថា មន្ត្រីអាជ្ញាធរអប្សរាទាំងពីរនាក់នឹងត្រូវបញ្ជូនទៅតុលាការថ្ងៃនេះ ប៉ុន្តែបដិសេធមិនអត្ថាធិប្បាយទេ៕