26 C
Phnom Penh

មន្ត្រី​រក្សា​សន្តិភាព​​​បី​រូប​​បាត់​បង់​​ជីវិត​ ក្រោយ​ករណី​ឃាតកម្ម​ និង​អត្តឃាត​ដោយ​សារ​រឿង​ស្នេហា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបានឲ្យដឹងថា ផ្ទុះកំហឹងដោយសារការបដិសេធស្នេហ៍ និងភ្លើងប្រច័ណ្ឌ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួរកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ នៃកងរាជអាវុធហត្ថបានបាញ់សម្លាប់មន្ត្រីពីររូបនៅមជ្ឈមណ្ឌលដែលស្ថិតក្នុងរាជធានីភ្នំពេញ ខាងលើនេះមុនពេលធ្វើអត្តឃាត។

វរសេនីយ៍ឯក សែម រដ្ឋា អាយុ៣២ឆ្នាំ ប្រធានកងការពារមន្ត្រីនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងរងកងកម្លាំងរក្សាសន្តិភាពដែលប្រដាប់ដោយកាំភ្លើង បានចូលទៅក្នុងអគារការិយាល័យក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅពេលព្រឹក ហើយបានឡើងទៅជាន់ទី២ភ្លាមៗ នេះបើយោងតាមការលើកឡើងរបស់លោក ផល សាម៉ន អនុប្រធានមជ្ឈមណ្ឌលនេះ។

មន្ត្រីកងរាជអាវុធហត្ថយាមនៅច្រកចូលមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
មន្ត្រីកងរាជអាវុធហត្ថយាមនៅច្រកចូលមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ផល សាម៉ន មានប្រសាសន៍ថា សែម រដ្ឋា បានតាមរកឧត្តមសេនីយ៍ទោ អ៊ុំ សុភា អាយុ៣៥ឆ្នាំ ប្រធាននាយកដ្ឋានជំនាញគ្រប់គ្រងធនធានមនុស្សដែលខ្លួនចង់សងសឹកដោយសារជនរងគ្រោះមាន ”ទំនាក់ទំនងស្និទ្ធស្នាល” ជាមួយនារីម្នាក់ដែលខ្លួនស្រឡាញ់។

លោកបានរៀបរាប់ថា “នៅម៉ោងប្រហែល៨និង៤០ព្រឹក លោក រដ្ឋា បានទៅបាញ់ឧត្ដមសេនីយ៍ទោ សុភា ដល់ក្នុងការិយាល័យ។ បន្ទាប់មក គាត់បានរត់ឡើងទៅជាន់ទី៥ដើម្បីរក ម៉ារីណា ហើយក៏បាញ់នាងតែម្តង”។ អនុសេនីយ៍ទោ សេង ម៉ារីណា អាយុ៣៧ឆ្នាំ បានរងរបួសធ្ងន់ មុនពេល សែម រដ្ឋា “បាញ់ចំក្បាលខ្លួនឯងមួយគ្រាប់”។

លោកបានលើកឡើងទៀតថា មន្ត្រីកងរាជអាវុហត្ថប្រមាណ២០នាក់បានទៅដល់កន្លែងកើតហេតុនៅម៉ោងប្រហែល៩ព្រឹក ដើម្បីធ្វើការស៊ើបអង្កេត។ ទាំងមន្ត្រីកងរាជអាវុហត្ថ ទាំងលោក ផល សាម៉ន សុទ្ធតែមិនអាចផ្ដល់ព័ត៌មានលម្អិតបានស្ដីពីរបួសរបស់ជនរងគ្រោះ។

លោក រ័ត្ន ស្រា៊ង មេបញ្ជាការកងរាជអាវុហត្ថរាជធានីភ្នំពេញ  បានបញ្ជាក់ថាពិតជាមានហេតុការណ៍នេះកើតឡើងមែន ប៉ុន្តែលោកថា មូលហេតុនៃរឿងនេះមិនទាន់មានភាពច្បាស់លាស់ទេ។ លោកថ្លែងថា “យើងមិនដឹងថា  ហេតុអ្វីបានជាគាត់ធ្វើអត្តឃាតទេ។ យើងមិនចាត់ទុកវាជាករណីសងសឹកទេ ព្រោះយើងមិនទាន់ស៊ើបអង្កេតចប់”។

លោកបានមានប្រសាសន៍ទៀតថា សេង ម៉ារីណា  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដែលនៅក្បែរនោះ ប៉ុន្តែគាត់បានបាត់បង់ជីវិតដោយសាររបួសធ្ងន់នៅម៉ោងប្រហែល១០ព្រឹក។

cam-photo-shootingយោងតាមលោក ផល សាម៉ន បានឱ្យដឹងថា ការវាយប្រហារនេះកើតឡើងដោយសារការបដិសេធស្នេហ៍ពីរលើកដែលធ្វើឱ្យជនល្មើសខឹងយ៉ាងខ្លាំង។ កាលពីពេលថ្មីៗនេះ សែម រដ្ឋា បានសុំស្ត្រីឈ្មោះ កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពដើម្បីរៀបការជាមួយខ្លួន។ មិនយូរប៉ុន្មាន វរសេនីយ៍ឯករូបនេះបានសុំស្ត្រីម្នាក់ទៀតឈ្មោះ សេង ម៉ារីណា ប៉ុន្តែក៏ត្រូវគេបដិសេធម្តងទៀត  ”ពីព្រោះគាត់មិនចង់បានប្ដីថ្មី បន្ទាប់ពីលែងលះ”។

លោកលើកឡើងទៀតថា “លោក អ៊ុំ សុភា មានទំនាក់ទំនងស្និទ្ធស្នាលជាមួយ ម៉ាលីនដា ដែល រដ្ឋា សុំរៀបការជាមួយមិនបាន។ វាធ្វើឱ្យ រដ្ឋា ខឹងរហូតដល់សម្រេចចិត្តសម្លាប់ឧត្ដមសេនីយ៍ទោ សុភា”។

លោកគូសបញ្ជាក់ថា បើកុំតែ “គាប់ជួន ម៉ាលីនដា ថ្ងៃនេះមិនមកធ្វើការ” ម៉្លេះនាងក៏ប្រហែលជាស្លាប់ដែរហើយ។

ពេលទាក់ទងបានក្នុងថ្ងៃដដែល ស្ត្រីឈ្មោះ កុសល ម៉ាលីនដា និយាយថា គាត់គ្មានព័ត៌មានស្ដីពីហេតុការណ៍នេះទេ ពីព្រោះគាត់ “ថ្ងៃនេះមិននៅការិយាល័យ”។ ពេលទាក់ទងស្ត្រីរូបនេះម្តងទៀតដើម្បីសុំការបំភ្លឺ គឺទាក់ទងមិនបានទេ។

ព្រះសង្ឃដែលមកពីវត្តក្បែរនោះបាននិមន្តដើរជុំវិញការិយាល័យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពដើម្បីបាចផ្កាម្លិះ រលាស់ទឹកមន្ត និងសូត្រធម៌ដើម្បីបណ្ដេញចង្រៃឧបទ្រពដោយសារឃាតកម្មនេះ។

លោក ផល សាម៉ន បានមានប្រសាសន៍អំពីលោក អ៊ុំ សុភា ថា “ឧត្ដមសេនីយ៍ទោរូបនេះស្លូតបូត និងស្មោះត្រង់។ ខ្ញុំចាត់ទុកគាត់ដូចកូនអ៊ីចឹង។ ហើយ រដ្ឋា ក៏មិនមែនជាមនុស្សអាក្រក់ដែរ”។

លោកបានបញ្ជាក់ថា សាកសពជនរងគ្រោះទាំងបីនាក់ត្រូវបានដឹកទៅកាន់ស្រុកកំណើតរបស់ពួកគេវិញកាលពីពេលរសៀល ហើយការដង្ហែសពគ្រោងនឹងរៀបចំឡើងនៅទីនោះ។ លោកបានថ្លែងថា “រឿងនេះមិនគួរកើតឡើងដោយសាររឿងស្នេហាទេ។ យើងមានការសោកស្ដាយចំពោះការបាត់បង់ជីវិតមន្ត្រីក្រោមឱវាទរបស់យើង”៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស