40.3 C
Phnom Penh

មន្ត្រី​​​អាជ្ញាធរ​​​អប្ស​​​រា​​​ប្រាំ​នាក់​​​ជាប់​​​ចោទ​ពី​​​បទ​​​កាប់​​​រំលំ​​​ដើម​​​ឈើ​​​អ្នកតា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអភិបាលខេត្ត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនមន្ត្រីអាជ្ញាធរអប្សរាប្រាំនាក់ ដែលជាប់ចោទកាល ពីម្សិលមិញពីបទពាក់ព័ន្ធក្នុងការកាប់ដើមឈើក្រញូងចំណាស់២០០ឆ្នាំ ដែលជាទីសក្ការៈបូជារបស់អ្នកភូមិក្នុងខេត្តសៀមរាប។

cam-cap-spirit-treeក្នុងការបង្ហោះតាមហ្វេសប៊ុករបស់លោក លោក ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាប បានសរសេរថា លោក ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួន។ លោកក៏បានមានប្រសាសន៍ ដែរថា ឈើនោះនឹងយកទៅប្រគល់ឲ្យវត្តជិតភូមិ ហើយនឹងធ្វើជាព្រះពុទ្ធបដិមា។

លោក មឹក រិទ្ធ មេភូមិនគរក្រៅ ឃុំគោកចក បានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកភូមិ ដែលជឿថាឈើនោះមានអ្នកតានៅ បានស្ងប់ចិត្តទៅវិញដោយការប្រគល់ឈើនោះទៅឲ្យវត្តមួយក្បែរនោះ ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយ ថាតើពួកគាត់ចង់បានកំណាត់ឈើនោះធ្វើជាព្រះពុទ្ធបដិមាឬយ៉ាងណានោះ។

ចំពោះការចាប់ខ្លួនវិញលោកបាននិយាយថា “ខ្ញុំគិតថា វាជាការត្រឹមត្រូវ ហើយអាជ្ញាធរ ធ្វើការបានល្អ”។

លោក ឈរ ថាណាតអគ្គនាយករងអាជ្ញាធរអប្សរា ដែលគ្រប់គ្រងឧទ្យានបុរាណវិទ្យាអង្គរ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរអប្សរាត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធនៅស្នងការដ្ឋាននគរបាលខេត្ត ពីព្រោះពួកគេបានបញ្ជាឲ្យបុគ្គលិកកាប់រំលំដើមឈើនោះ។

លោក ហង្ស សុផាត ភារម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាននិយាយកាលពីម្សិលមិញថា មន្ត្រីអាជ្ញាធរអប្សរាបីនាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធដែរ ពីបទអនុវត្តបញ្ជានេះ។ លោកបានបដិសេធមិនផ្តល់ឈ្មោះ ឬតំណែងរបស់ពួកគេទេ។

លោក សុផាត ភារម្យ បាននិយាយថា មន្ត្រីទាំងប្រាំនាក់ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ និងដាក់ឃុំរង់ចាំសវនាការ។

ព្រះរាជអាជ្ញារងខេត្តសៀមរាបលោក ឈួន សុបញ្ញា ដែលបានស្នើដាក់ការចោទប្រកាន់ទាំងនេះបាននិយាយថា បទចោទរួមមានការផ្តើមឲ្យប្រព្រឹត្តបទល្មើសសម្រាប់លោក ថាណាត និងការកាប់ឈើកម្រគ្មានការអនុញ្ញាត សម្រាប់មន្ត្រីបីនាក់ផ្សេងទៀត។ លោកក៏បានបដិសេធមិនប្រាប់អត្តសញ្ញាណពួកគេដែរ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានមានប្រសាសន៍ថា លោកបានស្គាល់អត្តសញ្ញាណអ្នកកាប់ឈើតែម្នាក់ប៉ុណ្ណោះ ដែលលោកបានប្រាប់ថាឈ្មោះ ទូច តេត្រា ប្រធានការិយាល័យទេសភាពវប្បធម៌របស់អាជ្ញាធរអប្សរា។

លោកបាននិយាយថា “នេះជាសកម្មភាពរបស់បុគ្គល មិនមែនជាការទទួលខុសត្រូវដោយអាជ្ញាធរអប្សរានោះទេ”។

មន្ត្រីអាជ្ញាធរអប្សរាបានកាប់រំលំដើមឈើនោះកាលពីថ្ងៃសៅរ៍។ ពួកគេបានអះអាងថា ការលួចអារជ្រៅដល់គល់ឈើកាលពីយប់ថ្ងៃសុក្រដោយពួកអារឈើដែលគេមិនស្គាល់ ដែលប្រហែលត្រឡប់មកវិញនៅពេលបន្ទាប់ដើម្បីអារបង្ហើយ បានធ្វើឲ្យវាអាចមានគ្រោះថ្នាក់ដល់អ្នកភូមិ ប្រសិនដើមវាដួល។

ប៉ុន្តែអ្នកភូមិ ដែលបន់ស្រន់ដើមឈើនេះរាល់ឆ្នាំដើម្បីសុំលាភសំណាង បានសង្ស័យអាជ្ញាធរនេះថាបានកាប់រំលំដើមឈើ ដោយសង្ឃឹមថានឹងលក់ឈើដ៏មានតម្លៃរបស់ខ្លួន ដែលអាចបានថ្លៃរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប៕ មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស