31 C
Phnom Penh

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ​លាលែង​​ពី​តំណែង​​​ដើម្បី​​​បន្ត​​​ការ​​​សិក្សា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសកម្មជនព្រះសង្ឃដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជា និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម នឹងលាលែងពីក្រុមនេះដោយព្រះអង្គមានគម្រោងទៅបន្តការសិក្សានៅបរទេស។

cam-photo-buntenhព្រះសង្ឃអង្គនេះដែលជាអ្នកធ្វើយុទ្ធនាការបរិស្ថានឥតឈប់ឈរ និងជាអ្នកគាំទ្របុព្វហេតុនានាដែលជារឿយៗមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ បានប្រកាសពីការចាកចេញរបស់ព្រះអង្គដំបូងនៅក្នុងសារមួយបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ វេលាម៉ោង៥ល្ងាច។

ព្រះអង្គបានសរសេរថា “៣៥ម៉ោងទៀតអាត្មាភាពភិក្ខុ ប៊ុត ប៊ុនតិញ នឹងប្រគល់ការងារ និងសម្ភាររបស់បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ប្រគេនដល់ព្រះសង្ឃវ័យក្មេងក្លាហានឱ្យដឹកនាំការងារបន្ត”។ ព្រះអង្គបានលើកឡើងពីមូលហេតុមួយចំនួនជាបំណងប្រាថ្នា “ចង់ឃើញពន្លកថ្មីនៃអ្នកដឹកនាំច្រើនក្នុងសង្គម” ដោយព្រះអង្គមានគម្រោងចាកចេញពីប្រទេសទៅបន្តការសិក្សានៅពាក់កណ្ដាលឆ្នាំក្រោយ និងដោយសារសុខភាពរបស់ព្រះអង្គមិនស្រួលខ្លាំង ពោលគឺបាត់ការចងចាំ និងអស់កម្លាំង។

សាររបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ចប់ជាមួយនឹងមោទនភាពអំពីប្រសិទ្ធភាពរបស់បណ្ដាញនេះ បើទោះជាមានថវិកាតិចតួចក្តី តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមានស្ថានីយផ្សាយវិទ្យុចល័តមួយផ្សាយចេញពីក្នុងឡាន ដែលព្រះសង្ឃអង្គនេះមានសង្ឃដីកាថា ចំណាយថវិកាមិនដល់២០.០០០ដុល្លារផង។

ព្រះតេជគុណមានសង្ឃដីកាថា “ហេតុអ្វីរដ្ឋាភិបាលចំណាយលុយច្រើនតែមិនសូវមានប្រសិទ្ធភាព ជាពិសេសការផ្សព្វផ្សាយអំពីការការពារព្រៃឈើ។ បណ្ដាញព្រះសង្ឃឯករាជ្យមានបទពិសោធន៍សមល្មមអាចរួមចំណែកការពារព្រៃឈើខ្មែរបាន តែសុំចិត្តអ្នកមានអំណាចកុំរារាំងបណ្ដាញព្រះសង្ឃ”។

ព្រះសង្ឃអង្គនេះដែលមានព្រះជន្មជាង៣០ព្រះវស្សាមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។

សកម្មជនមួយចំនួនទៀតបានលើកឡើងថា ការចាកចេញរបស់ព្រះអង្គពីសកម្មភាពបរិស្ថាននឹងប៉ះពាល់ដល់បុព្វហេតុនេះ ប៉ុន្តែពួកគាត់សង្ឃឹមថា អ្នកផ្សេងទៀតនឹងបន្តការងាររបស់ព្រះអង្គ។

លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមជាមួយព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅក្នុងគម្រោងផែនការពង្រឹងកេរដំណែលលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករបាញ់សម្លាប់នោះបានមានប្រសាសន៍ថា “ព្រះអង្គគឺជាព្រះសង្ឃដ៏ល្អ និងជាគំរូល្អដែលបាននិងកំពុងធ្វើការងារដ៏ល្អពីការការពារបរិស្ថាន។

លោក អ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា ការចាកចេញរបស់ព្រះអង្គ “នឹងមានផលប៉ះពាល់អវិជ្ជមានលើការងារនោះ។ ខ្ញុំសង្ឃឹមថា មនុស្សជាច្រើនទៀតនឹងចូលរួម”។

ជុំ ហួរ ជាមួយបងប្អូនប្រុសភ្លោះរបស់ខ្លួនឈ្មោះ ជុំ ហួត តែងតែបានចួលរួមជាមួយព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅគ្រប់ការតវ៉ា ឬសកម្មភាពផ្សេងៗទៀតនោះ បាននិយាយថា គាត់គិតថា ព្រះសង្ឃអង្គនេះនឹងត្រឡប់ពីសិក្សាវិញជាមួយបេសកកម្មថ្មី។

គាត់បាននិយាយថា “ខ្ញុំឮថា ព្រះអង្គបានលាលែង ពីព្រោះព្រះអង្គចង់ទៅបន្តការសិក្សានៅប្រទេសមហាអំណាច  ដូចជាអាមេរិកជាដើម ហើយនៅពេលព្រះអង្គត្រឡប់មកវិញ ព្រះអង្គនឹងចូលរួមដឹកនាំគណបក្សនយោបាយ។ គេប្រាប់ខ្ញុំថា ព្រះអង្គពិតជាមានមហិច្ឆតា  ហើយមិនចង់ធ្វើជាសកម្មជនទេ ប៉ុន្តែចង់ចូលប្រឡូកក្នុងនយោបាយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស