ពេលនេះប៉េងប៉ោងមកវិញហើយ។ កាលពី២ខែមុន អាជ្ញាធរបានហាមប្រាមអ្នកលក់ប៉េងប៉ោងមិនឱ្យលក់នៅតាមតំបន់នានាដែលសម្បូរភ្ញៀវទេសចរនៅក្នុងរាជធានីភ្នំពេញ ដូចជានៅមាត់ទន្លេ ព្រះបរមរាជវាំង និងវិមានឯករាជ្យជាដើម ដោយនិយាយថា ធុងឧស្ម័នរបស់អ្នកលក់ទាំងនោះអាចបង្កការផ្ទុះ ការផ្អើលរត់ជាន់គ្នា និងអំពើភេរវកម្ម។
ប៉ុន្តែសម្រាប់អ្នកលក់ដូរដែលលក់នៅតាមបណ្ដោយដងមហាវិថីព្រះសីហនុ បម្រាមនេះគឺដូចជាល្បែងឆ្មាចាប់កណ្ដុរអ៊ីចឹងជាមួយអាជ្ញាធរ។
អ្នកលក់ម្នាក់ឈ្មោះ អាអេង អាយុ២៥ឆ្នាំ បាននិយាយកាលពីម្សិលមិញថា “នគរបាល និងសន្តិសុខមកដេញរូបគេ “រាល់ថ្ងៃ មួយថ្ងៃបីដង។ ពេលដេញខ្ញុំម្ដងៗ ខ្ញុំត្រូវបង់លុយ១.០០០រៀល” ហើយរូបគេតែងតែរំពៃមើលខ្លាចសមត្ថកិច្ចឆ្លងកាត់កន្លែងដែលខ្លួនលក់ដូរ។
អ្នកលក់ប៉េងប៉ោងជាច្រើននាក់ទៀតនៅតំបន់នេះដូចបុរសឈ្មោះ អេង ដែលមកពីខេត្តស្វាយរៀងដែរ បានសើចដោយការហួសចិត្តចំពោះការបង់ប្រាក់ប្រចាំថ្ងៃ និងការដេញជាប្រចាំ។
បុរសម្នាក់ទៀតឈ្មោះ ណន ស្មី អាយុ២៣ឆ្នាំ បានលើកឡើងអំពីប្រាក់១.០០០រៀលដែលខ្លួនបង់ឱ្យមន្ត្រីនគរបាលខណ្ឌចំការមនម្នាក់ឈ្មោះ “ឃាង” ថា “មិនថាលក់ដាច់ឬមិនដាច់ទេ ពួកគេដឹងតែពីយកលុយ។ គាត់មកយកលុយពីពួកយើងថ្លៃកន្លែង ហើយបន្ទាប់មកគេក៏ដេញពួកយើង” ហើយថា ការដេញនេះគឺធ្វើឡើងបីទៅបួនដងក្នុងមួយថ្ងៃ។
បុរសរូបនេះនិយាយទៀតថា “ខ្ញុំមិនដឹងថា ហេតុអីបានជាពួកគេមកប្រមូលលុយទេ” ខណៈប៉េងប៉ោងរបស់គាត់ដែលមានសរសេរអក្សរ “Love” និង “Happy Birthday” ប៉ើងទៅតាមខ្យល់បក់។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានផ្ដាច់ទូរស័ព្ទ នៅពេលអ្នកយកព័ត៌មានម្នាក់សួរអំពីការបង្ក្រាបប៉េងប៉ោងនេះ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា មានតែធុងឧស្ម័នប៉ុណ្ណោះដែលត្រូវបានហាមឃាត់មិនឱ្យមាននៅតំបន់នោះ មិនមែនប៉េងប៉ោង ឬអ្នកលក់នោះទេ។ លោកបញ្ជាក់ថា “មិនមែនរឿងប៉េងប៉ោងទេ។ យើងហាមតែអ្នកលក់ដែលមានធុងហ្គាសប៉ុណ្ណោះ ពីព្រោះវាប៉ះពាល់ដល់សន្តិសុខ។ មានករណីផ្ទុះហ្គាសចំនួន៤០០ករណីនៅក្នុងឆ្នាំ២០១៤ ដោយសារតែកម្ដៅ”។
អ្នកលក់ម្នាក់ទៀតឈ្មោះ កេន ទីណា និយាយថា អាជ្ញាធរ “តឹងតែងពេកហើយ” នៅក្នុងការអនុវត្តបម្រាមនេះ ហើយគាត់បញ្ជាក់ថា អាជ្ញាធរមិនដែលទារឱ្យគាត់បង់លុយទេ គឺមិនដូចអ្នកលក់ផ្សេងទៀតនៅក្នុងតំបន់នោះឡើយ។
បុរសវ័យ២៩ឆ្នាំរូបនេះ និយាយទៀតថា “ពេលគេមកដេញខ្ញុំ ខ្ញុំរង់ចាំពី១០ទៅ១៥នាទីទើបត្រឡប់មកវិញ។ គេប្រាប់ខ្ញុំថា វាជាកន្លែងហាមឃាត់ ជាកន្លែងទេសចរណ៍…។ គេប្រាប់ខ្ញុំថា ខ្ញុំលក់នៅជិតផ្ទះរបស់នាយករដ្ឋមន្ត្រីខ្លាំងពេក ហើយ [ធុង] អាចនឹងផ្ទុះ”។
ការព្រួយបារម្ភបែបនេះមិនមែនថា គ្មានហេតុផលនោះទេ។ ដោយសារតែនៅក្នុងពិភពលោកខ្វះឧស្ម័នអេល្យូម ជាឧស្ម័ននិចលគ្មានចំហេះ ដែលជាទូទៅត្រូវបានប្រើប្រាស់សម្រាប់សប់ប៉េងប៉ោង បានធ្វើឱ្យអ្នកលក់មួយចំនួនងាកទៅប្រើប្រាស់ឧស្ម័នអុីដ្រូសែនដែលមានគ្រោះថ្នាក់ខ្លាំង។
ជាក់ស្ដែងកុមារពីរនាក់នៅក្នុងទីក្រុងបាងហ្គាល័រ (Bangalore) ប្រទេសឥណ្ឌាបានរងរបួសកាលពីឆ្នាំមុន នៅពេលប៉េងប៉ោងផ្ទុះក្នុងពិធីខួបកំណើត នេះបើយោងតាមកាសែត The Times of India របស់ឥណ្ឌា។ ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបស់ចិនបានចុះផ្សាយថា សិស្សជិត១០០នាក់បានរងរបួសនៅក្នុងប្រទេសចិន នៅពេលប៉េងប៉ោងតូចៗប្រមាណ១.៦០០បានផ្ទុះឆេះនៅក្នុងពិធីរបស់សាលារៀនមួយកាលពីឆ្នាំ២០០៧។
និស្សិតស្រីវ័យ២៥ឆ្នាំ ឈ្មោះ សឿ ប៉ាន់ ដែលដើរលេងជាមួយមិត្តភក្ដិនៅក្បែរអ្នកលក់ទាំងនោះ ហាក់ដូចជាមិនព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួនឡើយ។ និស្សិតរូបេនះចោទជាសំណួរថា “តើធ្លាប់មានការផ្ទុះទេពីមុនមក? ខ្ញុំមិនបារម្ភទេ ព្រោះខ្ញុំមិនដែលឃើញផ្ទុះផង”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)