34 C
Phnom Penh

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​ផ្អាក​​​ការ​​​បូម​​​ខ្សាច់​​​ទាំង​​​អស់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការក្រៅរដ្ឋាភិបាលមួយក្រុមបាននិយាយកាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំមួយជាមួយក្រសួងរ៉ែនិងថាមពលថា ប្រទេសកម្ពុជាគួរតែផ្អាករាល់ការបូមខ្សាច់ទាំងអស់នៅក្នុងខេត្តកោះកុង រហូតទាល់តែរដ្ឋាភិបាលជជីករកឲ្យឃើញតួលេខទាបគួរឲ្យសង្ស័យក្នុងការនាំខ្សាច់ចេញក្រៅប្រទេសជាមុនសិន។

លោក សន ជ័យ នាយកអង្គការបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមបាននិយាយថា រដ្ឋាភិបាលត្រូវតែពង្រឹងប្រព័ន្ធគ្រប់គ្រងជំនួញខ្សាច់ឲ្យល្អប្រសើរ “ព្រោះយើងមានឈ្មោះអាក្រក់ទៅលើការនាំចេញខ្សាច់ពេលនេះ”។

លោក សន ជ័យ នាយកអង្គការបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្ររវាងក្រសួងរ៉ែនិងថាមពល និងអង្គការសង្គមស៊ីវិល។ រូបថត ស៊ីវ ចាន់ណា
លោក សន ជ័យ នាយកអង្គការបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្ររវាងក្រសួងរ៉ែនិងថាមពល និងអង្គការសង្គមស៊ីវិល។ រូបថត ស៊ីវ ចាន់ណា

លោកបាននិយាយថា “គ្មានការឆ្លើយតបពីក្រសួងទាក់ទងនឹងសំណើនេះនៅឡើយទេ ព្រោះរដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងរង់ចាំឯកសារពិស្តារពីកោះកុងសិន” ដែលជាខេត្តមានការបូមខ្សាច់។

រដ្ឋាភិបាលរងសម្ពាធយ៉ាងខ្លាំងឲ្យពន្យល់ថា ហេតុអ្វីបានជាក្រសួងពាណិជ្ជកម្មបានរាប់បានចំនួនតែ១៤,៣លានតោននៃខ្សាច់នាំចេញពីឆ្នាំ២០០៥រហូតដល់ឆ្នាំមុន ចំណែកឯប្រទេសផ្សេងទៀតដែលដឹកនាំដោយប្រទេសសិង្ហបូរី បានកត់ត្រាថាមានការនាំចេញខ្សាច់ច្រើនជាង៧៥លានតោនក្នុងអំឡុងពេលនោះ។

ឆ្លើយតបនឹងលិខិតមួយច្បាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន៤១ដែលទាមទារឲ្យផ្តល់ចម្លើយនិងតម្លាភាពនោះ ក្រសួងបានចេញលិខិតចំហមួយ ដោយអញ្ជើញក្រុមអង្គការឲ្យមកចូលរួមប្រជុំបិទទ្វាររយៈពេលបីម៉ោងក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។

និយាយក្រោយពីកិច្ចប្រជុំចប់ លោក ជ័យ បាននិយាយថា តំណាង១០នាក់មកពីសង្គមស៊ីវិលដែលបានចូលរួមប្រជុំ នៅតែចង់បានចម្លើយទាក់ទងនឹងគម្លាតការនាំចេញ និងការនាំចូល។

លោកបាននិយាយថា “យើងត្រូវការព័ត៌មានច្រើនថែមទៀតលើបញ្ហានេះ ព្រោះវានៅមានមន្ទិលច្រើន”។ លោក ជ័យ បាននិយាយបន្ថែមថា អង្គការក្រៅរដ្ឋាភិបាលមានការព្រួយបារម្ភអំពីភាពស្របច្បាប់នៃប្រតិបត្តិការបូមខ្សាច់នៅពេលនេះ និងសក្តានុពលដែលបង្កឲ្យខូចខាតដល់ប្រព័ន្ធបរិស្ថាន។

លោកបាននិយាយថា “យើងក៏បានស្នើឲ្យគេចេញផ្សាយឯកសារទាំងអស់ដែរ រួមទាំងឈ្មោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ…នៅលើវិបសាយ [ក្រសួង] ប៉ុន្តែរដ្ឋាភិបាលមិនយល់ព្រមទេ។ គេបាននិយាយថា ប្រសិនបើយើងចង់មើលឯកសារទាំងនោះ សូមមកក្រសួងដើម្បីពិនិត្យមើលចុះ”។

លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងមិនបានឆ្លើតតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

លោក សាន ម៉ាឡា សហស្ថាបនិកនៃអង្គការមាតាធម្មជាតិបាននិយាយថា លោក ទីណា បានលើកឡើងថា គម្លាតជំនួញក្នុងការនាំចូលនិងការនាំចេញតែងតែកើតមានឡើងនៅក្នុងប្រព័ន្ធទិន្នន័យស្ថិតិជំនួញរបស់ប្រើប្រាស់សហប្រជាជាតិ ដែលមានតួលេខត្រូវរក្សាទុក។

លោក ម៉ាឡា បាននិយាយថា លោក ទីណា មិនអាចពន្យល់ថា”ហេតុអ្វីបានជាមានគម្លាតខុសគ្នាដូច្នេះទេ”។

អត្ថបទវិភាគរបស់កាសែត ខេមបូឌា ដេលី ទៅលើការនាំចេញឈើបានរកឃើញគម្លាតរាយការណ៍ក្នុងទិន្នន័យរបស់ប្រើប្រាស់ដែលមានទឹកប្រាក់ប្រហែល១ពាន់លានដុល្លារ ដែលអ្នកសេដ្ឋកិច្ចនិងសកម្មជនបាននិយាយថា ក៏ត្រូវតែមានការស៊ើបអង្កេតដែរ។

លោក ផ្ល័ររៀន អែប៊ឺត ជាមន្ត្រីស្ថិតិនៅអង្គការពាណិជ្ជកម្មពិភពលោកបានបញ្ជាក់កាលពីសប្តាហ៍មុនថា “វាតែងតែមានភាពមិនស៊ីគ្នាដោយអន្លើ”ក្នុងការប្រៀបធៀបទិន្នន័យនាំចូលនិងនាំចេញ។ លោកបាននិយាយថា ប៉ុន្តែអសមប្បមាណនៅក្នុងករណីនេះ “ហាក់ដូចជាធំមែនទែន”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស