34 C
Phnom Penh

មនុស្ស​៤​នាក់​ស្លាប់​បន្ទាប់ពី​ទូក​ទេសចរណ៍​លិច​នៅ​ខេត្ត​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សបួននាក់ ដែលបីនាក់ស្ថិតក្នុងគ្រួសារតែមួយ បានលង់ទឹកស្លាប់បន្ទាប់ពីទូកទេសចរណ៍មានមនុស្សជិះលើសចំណុះបានលិចនៅព្រែកទឹកឈូ កណ្តាលក្រុងកំពត បណ្តាលឲ្យជាប់ជនរងគ្រោះនៅជាន់ក្រោមទូក។

ម្ចាស់ទូកត្រូវបានឃាត់ខ្លួនភ្លាមៗ ហើយនគរបាលបានសួរចម្លើយកាលពីថ្ងៃអង្គារ ខណៈដែលក្រុមមន្ត្រីកំពុងស្វែងរកអ្នកបើកទូកទេសចរណ៍ ដែលត្រូវគេសង្ស័យថាបានរត់ចោលទូក បន្ទាប់ពីទូកមានពីរជាន់នោះបានបុកពំនូកខ្សាច់បាតព្រែកនិងលិចនៅម៉ោងប្រហែល៩យប់នៅថ្ងៃច័ន្ទ។

លោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បាននិយាយកាលពីថ្ងៃអង្គារថា ទូកដែលដឹកអ្នកទេសចររវាងពី៧០នាក់ទៅ៨០នាក់ក្នុងដំណើរកម្សាន្តមើលអំពិលអំពែកនោះ ប្រហែលជាបានផ្ទុកមនុស្សលើសចំណុះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទមធុរិទ្ធ បាននិយាយថា “ទូកនោះប្រហែលជាដឹកអ្នកទេសចរលើសចំណុះ ហើយបន្ទាប់មកបានបុកខ្សាច់និងថ្មបាព្រែក ដែលបណ្តាលឲ្យទូកនោះបែកបាត”។

លោកបាននិយាយថា “នៅពេលទូកចាប់ផ្តើមលិច មនុស្សម្នាចាប់ផ្តើមជ្រួល…ហើយអ្នកខ្លះបានលោតចូលទឹក។ រំពេចនោះ ទូកនគរបាល ទូកទ័ពជើងទឹករបស់យើង និងទូកទេសចរណ៍ផ្សេងទៀត បានទៅសង្គ្រោះបងប្អូនរបស់យើង”។

លោកបាននិយាយថា ជនរងគ្រោះដែលគេបញ្ជាក់ដំបូងឈ្មោះ ផាន់ យីវ អាយុ៧២ឆ្នាំ ត្រូវបានស្រង់ចេញពីទូកមុនគេ ប៉ុន្តែបានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯសព សុខ សុខុម អាយុ៦១ឆ្នាំ ត្រូវបានរកឃើញក្នុងបាតទូកនៅម៉ោងប្រហែល៨ព្រឹកថ្ងៃអង្គារ។

មន្ត្រីនគរបាលខេត្តលោក ឡុង គិន ដែលចូលរួមក្នុងការស៊ើបអង្កេត បាននិយាយថា លឹម អាន អាយុ៤៧ឆ្នាំ ជាកូនស្រីរបស់ ផាន់ យីវ ត្រូវបានរកឃើញស្លាប់នៅពេលប្រហែលថ្ងៃត្រង់ ហើយសព សាន សុខហេង កូនប្រុសអាយុ៩ឆ្នាំរបស់ លឹម អាន រកឃើញនៅពេលប្រហែលពីរម៉ោងក្រោយមក។

លោកបាននិយាយថា ទូកប្រហែល១០គ្រឿងបានជួយសង្គ្រោះភ្ញៀវទេសចរ ដែលមកពីខេត្តកំពតនិងក្រុងភ្នំពេញ។

លោក គិន បាននិយាយថា “ខ្ញុំអាចបញ្ជាក់ថា នៅត្រឹមពេលរសៀលនេះ ជនរងគ្រោះទាំងអស់រកឃើញហើយ”។

លោកឧត្តមសេនីយ៍ទោ ច័ន្ទមធុរិទ្ធ បាននិយាយថា ម្ចាស់ទូក សុខ លឹម អាយុ៤៤ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួននឹងសាកសួរនៅថ្ងៃអង្គារ ខណៈដែលនគរបាលកំពុងស្វែងរកអ្នកបើកបរទូក ឈ្មោះ រស់ ស្មាន់ អាយុ៥០ឆ្នាំ ដែលបានរត់ពេលទូកនោះលិច។ លោកបាននិយាយថា សមត្ថកិច្ចកំពុងពិនិត្យទូកនោះនៅឡើយ។

លោក ងួន សារឿន ចៅសង្កាត់កំពង់បាយ បានបន្ទោសចំពោះការស្លាប់នេះលើលោក ស្មាន់ ដោយសារតែដាក់មនុស្សច្រើនពេក។
លោកបាននិយាយថា ជនរងគ្រោះបួននាក់នោះអង្គុយនៅជាន់ក្រោម ហើយមិនអាចរំដោះខ្លួនចេញទាន់ពេល។

លោកបាននិយាយថា “ទូកបានលិចពីព្រោះអ្នកបើកទូកបានដាក់អ្នកដំណើរលើសចំណុះ។ ទូកនេះអាចដាក់មនុស្សបានតែ៥០នាក់ប៉ុណ្ណោះ ប៉ុន្តែគាត់បានដាក់មនុស្សច្រើនជាង៨០នាក់”។

លោកបាននិយាយថា “តាមសាក្សីឲ្យដឹងថា នៅពេលទូកចាប់ផ្តើមលិច អ្នកបញ្ជាទូកបានហែលទៅច្រាំងមិននៅទទួលខុសត្រូវទេ។ ពេលនេះ ប៉ូលិសកំពុងស្វែងរកគាត់”។

ឧប្បត្តិហេតុបាត់បង់ជីវិតមនុស្សកាលពីថ្ងៃច័ន្ទកើតឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចំណុះទូកពីរនាក់ក្នុងពិធីបុណ្យអុំទូកបានលង់ទឹកស្លាប់ ក្រោយពីទូករបស់ពួកគេបានលិច នៅពេលដែលកប៉ាល់ដឹកទេសចរវៀតណាមបានបុកទូករបស់ពួកគេនៅភ្នំពេញ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស