33 C
Phnom Penh

ភ្នំពេញ​ប្រឹង​ដោះស្រាយ​បញ្ហា​សំរាម​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សនៅតែច្រើននិងដើរចុះឡើងជុំវិញវិមានឯករាជ្យនាយប់ថ្ងៃច័ន្ទ ពេលដែល គា សារ៉ន និង មាស សុខចាន់ ដើរតាមមហាវិថីសុរាម្រិតប្រមូលសំរាមដែលគរនៅថ្ងៃទី២នៃពិធីបុណ្យអុំទូកក្នុងក្រុងភ្នំពេញ។

លោក សុខចាន់ បានអូសធុងសំរាមពណ៌ខៀវមានកង់ពីរតាមបណ្តោយជាយសួន ខណៈដែលលោក សារ៉ន បានលើកថង់ប្លាស្ទិក ចូកសំណល់អាហារ និងសំណល់ផ្សេងទៀត បោះចូលរទេះ និងសង្កត់បង្ហាប់វាចុះ។

ដោយត្អូញថា ធុងសំរាមសាធារណៈរបស់សាលាក្រុងមានតិចពេកនិងតូចពេក មិនអាចដាក់សំរាមរបស់អ្នកដើរលេងក្នុងពិធីបុណ្យអស់ ហើយអ្នកលក់ដូរបោះចោលសំរាមតែរហូតនោះ លោក សុខចាន់ បាននិយាយថា “គេគួរចោលសំរាមក្នុងធុងសំរាម”។

ប្រុសៗបោសសំរាមដែលបន្សល់ទុកដោយអ្នកដើរលេងបុណ្យអុំទូកនៅមាត់ទន្លេក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ។ (Nick Sells Photography)
ប្រុសៗបោសសំរាមដែលបន្សល់ទុកដោយអ្នកដើរលេងបុណ្យអុំទូកនៅមាត់ទន្លេក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ។ (Nick Sells Photography)

ដៃគូការងាររបស់លោក គឺលោក សារ៉ន បាននិយាយថា “នឿយហត់ណាស់នៅថ្ងៃបុណ្យ។ គេគួរដាក់ធុងសំរាមថែមទៀត។ មានមិនគ្រប់គ្រាន់ទេ”។

ស៊ីនទ្រី ជាក្រុមហ៊ុនឯកជន ដែលសាលាក្រុងឲ្យសំអាតផ្លូវក្នុងក្រុងនោះ បានជួលបុគ្គលិក២០០នាក់បន្ថែមដើម្បីជួយបុគ្គលិក១.៥៧០នាក់របស់ខ្លួន។ ក្រៅពីនោះ ធុងសំរាមនៅតាមបណ្តោយទន្លេសាបក៏ពេញហូរហៀរដែរកាលពីយប់ថ្ងៃច័ន្ទ។

អ្នកបោសសំអាតមួយចំនួនដែលទំនងជាធ្វើការឲ្យសាលាក្រុង ត្រូវគេថតឃើញបោសប្រមូលថង់ប្លាស្ទិក ប្រអប់ដាក់ម្ហូប និងសំរាមផ្សេងទៀតនៅមាត់ទន្លេចុះទៅក្នុងទឹក។

លោក និក សែល អ្នកថតរូបដែលរស់នៅក្នុងក្រុងភ្នំពេញ បាននិយាយថា លោកបានថតរូបភាពនោះបន្ទាប់ពីពេលអធ្រាត្រ និងបានបង្ហោះតាមហ្វេសប៊ុកនៅព្រឹកថ្ងៃអង្គារ។

លោក សែល បាននិយាយក្នុងអីុម៉េលមួយនៅថ្ងៃអង្គារថា បុរសប្រហែល៧នាក់ ដែលចេញពីរថយន្តពណ៌ខៀវរបស់សាលាក្រុងនៅជិតផ្សាររាត្រី “ពិនិត្យមើលកន្លែងនោះយ៉ាងរហ័ស បន្ទាប់មកបានចាប់ផ្តើមបោសសំរាមចូលទន្លេ”។

trash-3អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បាននិយាយថា លោកមិនបានដឹងអំពីវីដេអូនេះទេ ប៉ុន្តែបានបញ្ជាក់ថា សាលាក្រុងបានខិតខំធ្វើយ៉ាងណាឲ្យក្រុងភ្នំពេញស្អាតនៅពេលបុណ្យទានម្តងៗ។

ដោយមិនប្រាកដថាធុងសំរាមថ្មីប៉ុន្មានដែលដាក់នៅពេលបុណ្យនេះ លោក ច័ន្ទយ៉ាដា បាននិយាយថា “មានធុងសំរាមច្រើនណាស់”។ លោកបាននិយាយថា បួនឬប្រាំដងលើសចំនួនធម្មតា។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានជួលអ្នកសំអាតសួនសាធារណៈ២៩០នាក់បន្ថែមទៀតដែរ។

លោកបាននិយាយថា “បើយើងមិនបានបន្ថែមអ្នកសំអាតទេ ប្រហែលជាក្រុងភ្នំពេញរបស់យើងនឹងក្លាយជាទីក្រុងសំរាមហើយ”។

តាមទិន្នន័យពីក្រុមហ៊ុនស៊ីនទ្រីដែលបង្ហោះតាមអីុនធឺណិតដោយសាលាក្រុង សំរាមជិត២.០០០តោនត្រូវបានប្រមូលក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ និងច្រើនជាង២.១០០តោននៅថ្ងៃមុននោះ។

ទិត ចាន់ដា ប្រធានផ្នែកបោសសំអាតរបស់ក្រុមហ៊ុនស៊ីនទ្រី បាននិយាយថា កម្មករទទួលបានប្រាក់បន្ថែមសម្រាប់ការងារនៅពេលថ្ងៃបុណ្យ គឺប្រហែល៣,៧៥ដុល្លារក្នុងមួយថ្ងៃសម្រាប់អ្នកបោសសំអាតផ្លូវ និងទ្វេដងនៃចំនួននេះសម្រាប់អ្នកប្រមូលសំរាម។

ឈរនៅម្ខាងផ្លូវពីសួនវត្តបទុមនាម៉ោងប្រហែល១យប់ឈានចូលថ្ងៃអង្គារ អ្នកបោសសំអាតផ្លូវ អ្នកស្រី ឡេង ណែត បាននិយាយថា អ្នកស្រីមានគម្រោងធ្វើការទាំងបីថ្ងៃនៅពេលបុណ្យនេះ។ អ្នកស្រីបាននិយាយថា “ខ្ញុំគ្រាន់តែចង់រកលុយបន្ថែមប៉ុណ្ណោះ”។

នៅពេលយប់នោះ ពេលដែលកាំជ្រួចផ្ទុះលាន់រំពងបំភ្លឺមេឃ អ្នកដើរលេងក្នុងពិធីបុណ្យ កញ្ញា សួង ស៊ីថា បាននិយាយថា យប់នេះនឹងរឹតតែសប្បាយថែមទៀត បើមិនសូវមានសំរាមរាយប៉ាយពាសវាលពាសកាលទេ។

កញ្ញា ស៊ីថា បាននិយាយថា “មានមនុស្សម្នាច្រើនណាស់។ ក៏មានសំរាមច្រើនណាស់ដែរ។ មានធុងសំរាម ប៉ុន្តែវាសុទ្ធតែពេញអស់”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស