របាយការណ៍ថ្មីមួយនិយាយថា សេរីភាពអ៊ីនធឺណិតបានធ្លាក់ចុះនៅប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ ដោយសារតែមានការចាប់ខ្លួនទាក់ទងនឹងការបង្ហោះសារតាមបណ្តាញព័ត៌មានសង្គម និងច្បាប់ស្តីពីទូរគមនាគមន៍ថ្មី ដែលផ្តល់ការគ្រប់គ្រងដ៏ទូលំទូលាយរបស់រដ្ឋាភិបាលលើទូរស័ព្ទចល័តនិងក្រុមហ៊ុនអ៊ីនធឺណិត។
ការទទួលបានអ៊ីនធឺណិតបានលូតលាស់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាគច្រើនដោយសារតែមានស្មាតហ្វូនច្រើន ជានិន្នាការដែលបន្ធូរបន្ថយការក្តោបក្តាប់ព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច ហើយធ្វើឲ្យប្រជាជនភាគច្រើនពឹងផ្អែកតិចតួចលើបណ្តាញព័ត៌មានប្រពៃណី។
អង្គការផ្ទះសេរីភាពមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយក្នុងរបាយការណ៍ថ្មីរបស់ខ្លួនដែលមានចំណងជើងថា “បំបិទមាត់អ្នកនាំសារ៖ អែពស៍ប្រាស្រ័យទាក់រងការគំរាមកំហែង”ថា ប៉ុន្តែរដ្ឋាភិបាលបានចាត់វិធានការកាលពីឆ្នាំកន្លងទៅ ដើម្បីគ្រប់គ្រងកាន់តែខ្លាំងលើវិបសាយ ដោយបណ្តាលឲ្យធ្លាក់ចុះយ៉ាងគំហុកនូវសេរីភាពអ៊ិនធឺណិត។
របាយការណ៍ផ្តល់ពិន្ទុដល់កម្ពុជាចំនួន៥២ក្នុងបណ្តា១០០ពិន្ទុ ហើយចាត់ទុកថា “មានសេរីភាពខ្លះ” ដោយដាក់ឲ្យប្រទេសនេះនៅមុខប្រទេសវៀតណាម ដែលមានសេរីភាពអ៊ីនធឺណិតតិចតួចបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ហើយនៅពីក្រោយប្រទេសហ្វីលីពីន ដែលមានអ៊ិនធឺណិតបើកចំហបំផុតនៅក្នុងតំបន់។
របាយការណ៍និយាយថា “កម្ពុជាបានអនុម័តច្បាប់ស្តីពីទូរគមនាគមន៍ទូលំទូលាយពេកដែលធ្វើឲ្យឧស្សាហកម្មនេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដោយធ្វើឲ្យខូចប្រយោជន៍ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវានិងសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។ ដោយឡែក នគរបាលកម្ពុជាបានចាប់ខ្លួនមនុស្សបីបួននាក់ ដោយសារតែពួកគេបង្ហោះសារតាមហ្វេសប៊ុក រួមមានការបង្ហោះមួយទាក់ទងនឹងជម្លោះព្រំដែនជាមួយវៀតណាម”។
លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំងដែលត្រូវគេចាប់ខ្លួនកាលពីខែមេសា ដោយសារតែបង្ហោះសារហ្វេសប៊ុករិះគន់ការងារព្រំដែនរបស់រដ្ឋាភិបាល គឺស្ថិតក្នុងចំណោមជនកម្ពុជាកាន់តែច្រើននាក់ដែលត្រូវជាប់ពន្ធនាគារ ដោយសារតែបង្ហោះសារតាមហ្វេសប៊ុកដែលចាត់ទុកថាជាបទល្មើសដោយរដ្ឋាភិបាល។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបាននិយាយថា សារបង្ហោះតាមហ្វេសប៊ុកទាំងនោះតាមពិតជាបទល្មើស ហើយថា ក្រុមអង្គការក្រៅរដ្ឋាភិបាលនឹងមានប្រយោជន៍កាន់តែខ្លាំង ប្រសិនបើពួកគេជួយអប់រំពលរដ្ឋអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ។
លោកបាននិយាយថា “ខ្ញុំមិនគិតថា គ្រាន់តែដោយសារតែមានមនុស្សពីរបីនាក់ត្រូវចាប់ខ្លួន… សេរីភាពត្រូវរឹតត្បិតនោះទេ។ វាមិនពិតទេ”។ លោកបាននិយាយបន្ថែមថា ការទទួលបានអ៊ីនធឺណិតកាន់តែច្រើននិងការមិនមានការពិនិត្យចាប់ពិរុទ្ធបង្ហាញឲ្យឃើញនូវការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងសេរីភាពអ៊ីនធឺណិត។
លោកបាននិយាយថា “មិនមាននិយតកម្ម ឬការរឹតត្បិតទៅលើអ្នកប្រើប្រាស់អ៊ីនធឺណិតទេ។ គេអាចបើកនៅកន្លែងណាក៏បានដែរ”៕