29 C
Phnom Penh

បន្ទាប់ពី​លង់ទឹកស្លាប់​ ​​​ដំណើរកម្សាន្តតាមទូក​នៅ​​កំពត​ត្រូវបាន​ហាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តកំពតបានប្រកាសកាលពីម្សិលមិញថា ទូកទេសចរណ៍ត្រូវបានហាមមិនឲ្យដឹកភ្ញៀវជាបណ្តោះអាសន្ននៅក្នុងក្រុងកំពត បន្ទាប់ពីមានមនុស្សបួននាក់បានលង់ទឹកស្លាប់ ពេលទូកទេសចរណ៍ដឹកលើសចំណុះ កឿងខ្សាច់បាតព្រែករួចលិច។

ជនរងគ្រោះជនជាតិខ្មែរ ដែលមានបីនាក់ស្ថិតក្នុងគ្រួសារតែមួយ បានជាប់នៅក្នុងជាន់ខាងក្រោមនៃទូកទេសចរណ៍កាលពីថ្ងៃច័ន្ទ។ ម្ចាស់ទូកទេសចរណ៍នេះត្រូវបានឃាត់ខ្លួនភ្លាមៗ រីឯអ្នកបើកទូកបានហែលមកខាងរួចរត់គេចខ្លួនបាត់។

លោក សុឹម វុទ្ធា អភិបាលរងខេត្តកំពតបានលើកឡើងកាលពីម្សិលមិញថា ទូកទេសចរណ៍ទាំងអស់ ដែលភ្ញៀវទេសចរចូលចិត្តជិះមើលអំពិលអំពែកតាមព្រែកទឹកឈូនោះ នឹងត្រូវហាមមិនឲ្យដឹកភ្ញៀវជាបណ្តោះអាសន្នដោយសារហេតុការណ៍លិចទូកដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ។

លោកបានមានប្រសាសន៍ថា “យើងតែងតែអប់រំអ្នកបើកទូក ហើយជូនកាលយើងថែមទាំងបានឃាត់ទូករបស់ពួកគេទៀតផងដោយសារដឹកលើសចំណុះ ប៉ុន្តែ តើដឹងទេថា តើវាយ៉ាងម៉េចអំឡុងពិធីបុណ្យ គឺទាំងអ្នកបើកទូកនិងអ្នកដំណើរសុទ្ធតែនិយាយថា ‘ អូវាមិនអីទេ'”។

លោកបានបន្តថា “បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចម្សិលមិញ យើងបានសម្រេចហាមមិនឲ្យទូកទេសចរណ៍ទាំងអស់ដឹកភ្ញៀវជាបណ្តោះអាសន្ន”។ លោកបានបន្ថែមថា ទូកទេសចរណ៍ទាំងនេះគួរតែផ្អាកដំណើរការសិន ហើយនឹងមានដំណើរការឡើងវិញ នៅ “ប៉ុន្មានថ្ងៃ” ទៀត។

លោក ស៊ឹម វុទ្ធា បានលើកឡើងទៀតថា ទូកទេសចរណ៍នឹងចាប់ផ្តើមមានដំណើរការឡើងវិញ នៅពេលគណៈកម្មការថ្មីដែលមានសមាសភាពដូចជានគរបាល និងមន្ត្រីខេត្តត្រូវបានបង្កើតឡើងដើម្បីឃ្លាំមើលតាមដានសុវត្ថិភាពរបស់ទូកទេសចរណ៍ និងកំណត់ចំនួនអ្នកដំណើរដែលអនុញ្ញាតឲ្យជិះទូក។

លោកបានមានប្រសាសន៍ថា “ពីមុនមន្ទីរទេសចរណ៍ជាអ្នកគ្រប់គ្រង ប៉ុន្តែ ឥឡូវគណៈកម្មការខេត្តនឹងគ្រប់គ្រងដោយផ្ទាល់”។

កាលពីម្សិលមិញ អាជ្ញាធរកំពុងតាមស្វែងរកអ្នកបើកបរទូកឈ្មោះ រស់ ស្មាន់ អាយុ៥០ឆ្នាំនៅឡើយ នេះបើយោងតាមលោក ធៀវ សាមិត្ត ស្នងការរងនគរបាលខេត្ត។

លោកបានមានប្រសាសន៍ថា “ម្ចាស់ទូកត្រូវតែទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ អ្នកបើកទូកបានរត់គេចខ្លួនបាត់ ពេលទូកកំពុងលិច ហើយឥឡូវកំពុងគេចខ្លួននៅឡើយ។ យើងកំពុងតែតាមស្វែងរកជននេះ”។

លោក សុខ លីម អាយុ៤៤ឆ្នាំដែលជាម្ចាស់ទូកទេសចរណ៍នេះត្រូវបានសាកសួរនៅសាលាដំបូងខេត្តកាលពីម្សិលមិញ ប៉ុន្តែមិនត្រូវបានចោទប្រកាន់នោះឡើយ នេះបើយោងតាមលោក ខាន់ សុផល អ្នកនាំពាក្យសាលាដំបូង។

មានទូកប្រហែល១០គ្រឿងបានទៅជួយសង្គ្រោះភ្ញៀវទេសចរជនជាតិខ្មែរចន្លោះពី៧០នាក់ទៅ៨០នាក់ដែលមកពីខេត្តកំពត និងរាជធានីភ្នំពេញ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស