33.3 C
Phnom Penh

ព្រះរាជពិធី​សម្រក់ទៀន​​ក្នុង​ព្រះ​​​បរមរាជវាំង​​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់ច្រើននៅ​​ឆ្នាំ​២០១៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល “ព្រះចន្ទពេញវង់” រះចំពីលើបរមរាជវាំងកាលពីយប់ថ្ងៃច័ន្ទ  ទៀនចំនួន២៥ដើមដែលដោតតម្រៀបជាជួរលើជើងទម្រមួយត្រូវបានលើកចូលក្នុងសាលដ៏ធំ។ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បញ្ចប់ការបួងសួង ទៀននីមួយៗដែលតំណាងឱ្យខេត្តនីមួយៗទូទាំងប្រទេសកម្ពុជាត្រូវបានបង្វិលក្បាលចុះក្រោមឱ្យស្រក់ក្រមួនលើស្លឹកចេក។

តាមរយៈក្រមួនដែលស្រក់ពូនផ្ដុំព្យាករពីជោគវាសនារបស់ប្រជាកសិករទូទាំងប្រទេសថា ឆ្នាំ២០១៧គឺជាឆ្នាំដែលនឹងសម្បូរទឹកភ្លៀង និងផ្ដល់ទិន្នផលកសិកម្មខ្ពស់។

លោក កង កេន ប្រធានអាចារ្យព្រាហ្មបុរោហិតប្រចាំនៅព្រះបរមរាជវាំងដែលបានបកស្រាយទៅតាមក្រមួនដែលស្រក់ពូនផ្ដុំថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍ថា “យើងពិនិត្យមើលគ្រប់ខេត្ត និងរាជធានី។ ពេលក្រមួនស្រក់ពីទៀនច្រើនឬតិច យើងត្រូវវិភាគដោយផ្អែកលើនេះ។ ខ្ញុំអាចប្រាប់បានថា ភ្លៀងអាចធ្លាក់ជាងឆ្នាំមុនច្រើនស្ទើរតែគ្រប់ខេត្ត”។

លោកបានគូសបញ្ជាក់ថា ពិធីប្រពៃណីនេះមានអាយុកាលរាប់សតវត្សរ៍មកហើយ ដោយធ្វើឡើងភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក។ យោងតាមពិធីនេះ ក្រមួនដែលស្រក់ពូនផ្ដុំធំមានន័យថា អាចមានភ្លៀងធ្លាក់ច្រើននៅក្នុងខេត្តនោះ។ “មានកន្លែងខ្លះភ្លៀងនឹងធ្លាក់តិចតួច កន្លែងខ្លះភ្លៀងធ្លាក់មធ្យម ហើយកន្លែងខ្លះភ្លៀងធ្លាក់ច្រើននៅចុងឆ្នាំនេះ”។

ដោយកាលពីឆ្នាំមុនប្រទេសកម្ពុជា ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥០ឆ្នាំ ធ្វើឱ្យរដូវវស្សាចាប់ផ្ដើមយឺតយ៉ាវ ធ្វើឱ្យអាងស្តុកទឹក និងអណ្ដូងទឹករីងស្ងួត និងបំផ្លិចបំផ្លាញ ឬធ្វើឱ្យការប្រមូលផលទាំងមូលត្រូវពន្យារពេលនោះ ដំណឹងនេះអាចធ្វើឱ្យប្រជាកសិករភាគច្រើនដែលនៅតែពឹងផ្អែកលើទឹកភ្លៀងធូរចិត្តច្រើន។

លោក សម វិទូ នាយកប្រតិបត្តិនៃអង្គការកសិកម្មសេដាកមានប្រសាសន៍ថា “បើវាអ៊ីចឹងមែន វាជាការល្អសម្រាប់កសិកម្ម សម្រាប់ប្រជាកសិករនៅកម្ពុជា។ ខ្ញុំមិនអាចនិយាយបានទេថាវាត្រឹមត្រូវ ឬមិនត្រឹមត្រូវ ប៉ុន្តែវាជាប្រពៃណីដ៏ល្អ”។

លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មមានប្រសាសន៍ថា  ដំណឹងនេះប្រហែលជាផ្ដល់ការជំរុញលើកទឹកចិត្ត ដោយអាងស្តុកទឹកថ្មីៗត្រូវបានសាងសង់ក្រោយគ្រោះរាំងស្ងួត ប៉ុន្តែបែរជាខ្សត់ទឹកភ្លៀង នៅពេលអាងស្តុកទឹកទាំងនោះស្ថាបនារួចរាល់។

លោកថ្លែងថា “យើងសង្ឃឹមថា ឆ្នាំក្រោយនឹងមានលទ្ធផលកាន់តែល្អប្រសើរ  ព្រោះពេលនេះរដូវប្រាំងចាប់ផ្ដើមហើយ”។

លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា លោកជឿថា  ការព្យាករអាកាសធាតុអាចនឹងក្លាយជាការពិត ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធគឺជាដំណោះស្រាយត្រូវឆ្លើយតបទៅនឹងវិបត្តិរដូវប្រាំង។ លោកបានបន្តថា  ”អ្វីដែលយើងសង្ឃឹមចង់ឃើញគឺរដ្ឋាភិបាលអភិវឌ្ឍប្រព័ន្ធធារាសាស្ត្របន្ថែមទៀត។  ពេលនោះយើងសង្ឃឹមថា យើងអាចបង្កើនផលិតកម្ម និងទិន្នផលបាន នោះជាចំណុចសំខាន់”។

លោក អ៊ុំ រីណា អ្នកនាំពាក្យនាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹកមានប្រសាសន៍ថា តាមលក្ខណៈវិទ្យាសាស្ត្រ វាឆាប់រហ័សពេកហើយក្នុងការនិយាយថា ទឹកភ្លៀងប៉ុន្មាននឹងស្រោចស្រពលើផ្ទៃប្រទេសនៅឆ្នាំក្រោយ។

លោកបន្តថា ”យើងមិនអាចព្យាករទុករហូតដល់ឆ្នាំក្រោយបានទេ ព្រោះយើងត្រូវការមូលដ្ឋាននិងភ័ស្តុតាងជាច្រើនសម្រាប់ការព្យាកររយៈពេលវែង។ វាមិនមែនតែប្រទេសរបស់យើងទេ ប្រទេសផ្សេងៗទៀតក៏គេព្យាករមួយជំហានម្ដងៗសម្រាប់រយៈពេលខ្លី១ខែឬ២ខែដែរ”។

និយាយពីការព្យាកររបស់ព្រះបរមរាជវាំង លោក អ៊ុំ រីណា លើកឡើងថា “ខ្ញុំមិនចូលរួមពាក់ព័ន្ធការវាយតម្លៃបច្ចេកទេសទេ ដូច្នេះខ្ញុំគ្មានយោបល់អ្វីទេពេលនិយាយអំពីប្រពៃណីនេះ”។

ប៉ុន្តែលោក អៀន ថូម៉ាស (Ian Thomas) អ្នកផ្ដល់ប្រឹក្សាផ្នែកបរិស្ថាននៅកម្ពុជាមានប្រសាសន៍ថា លោក “រីករាយខ្លាំង” យល់ស្របតាមលទ្ធផលនៃព្រះរាជពិធីនេះ។ លោកបានលើកឡើងអំពីវដ្ដអាកាសធាតុពិភពលោកដែលធ្វើឱ្យគ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជាកាន់តែធ្ងន់ធ្ងរទៅថា  ”វាគួរតែមិនអីនៅឆ្នាំ២០១៧។ វាមានទំនាក់ទំនងយ៉ាងរឹងមាំរវាងគ្រោះរាំងស្ងួត និងបាតុភូត El Nino ដូច្នេះពេលវាមិនមែនជាឆ្នាំ El Nino ទេ វាគួរតែមិនអី”។

លោកមានប្រសាសន៍ទៀតថា តាមការរំពឹងទុកថា ឆ្នាំនេះនឹងមានវដ្ដអាកាសធាតុ La Nina ដែលនាំមកនូវលទ្ធផលផ្ទុយ ប៉ុន្តែពិបាកនឹងព្យាករ។ រដូវវស្សានេះគួរតែជារដូវវស្សាធម្មតា “ហើយឆ្នាំ២០១៧នឹងមានភ្លៀងធ្លាក់រាងខ្លាំងបន្តិច ដែលអាចធ្វើឱ្យមានការជន់លិចខ្លះ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស