30 C
Phnom Penh

គ្រូវិទ្យាល័យម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុ១២ឆ្នាំនៅក្នុងខេត្តកំពង់ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា កាលពីម្សិលមិញ គ្រូវិទ្យាល័យម្នាក់ក្នុងខេត្តកំពង់ធំបង្រៀនមុខវិជ្ជារូបវិទ្យា ត្រូវបានចោទប្រកាន់ពីបទរំលោភមានស្ថានទម្ងន់ទោសបន្ទាប់ពីរំលោភក្មេងស្រីជិតខាងអាយុ១២ឆ្នាំជាច្រើនលើកកាលពីសប្តាហ៍មុន។

លោក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តបានកំណត់អត្តសញ្ញាណជនសង្ស័យរូបនេះថា ឈ្មោះ ស្រី ឃីម អាយុ៦៤ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យបល្ល័ង្កដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនៅផ្ទះរបស់គាត់ក្នុងក្រុងស្ទឹងសែន បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹង។

យោងតាមក្រុមមន្ត្រីនិងអង្គការនានាធ្វើការទាក់ទងការការពារស្ត្រី និងកុមារបានឱ្យដឹងថា មានហេតុការណ៍ចាប់រំលោភខ្ពស់នៅក្នុងប្រទេសកម្ពុជាហើយកាន់តែធ្ងន់ធ្ងរទៅៗ។

យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ករណីរំលោភដែលត្រូវបានរាយការណ៍បានកើនឡើង១២ភាគរយកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។ សមាគមសិទ្ធិមនុស្សអាដហុកដែលធ្វើការយ៉ាងទូលំទូលាយលើបញ្ហានេះក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗបានកត់ត្រាថា មានករណីរំលោភ២៣៨ករណីកាលពីឆ្នាំមុន គឺកើនឡើង១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។ ជាង៧៥ភាគរយក្នុងចំណោមករណីទាំងនេះជាអនីតិជន។

លោក កែ ខាន់ណារ៉ា បានមានប្រសាសន៍ថា នៅក្នុងករណីថ្មីបំផុតក្នុងខេត្តកំពង់ធំ គ្រូបង្រៀនរូបនេះសារភាពថាបានរំលោភក្មេងស្រីរូបនេះចំនួន៤ថ្ងៃកាលពីសប្តាហ៍មុនបន្ទាប់ពីឪពុកម្តាយរបស់នាងបានចេញទៅធ្វើការអស់នៅពេលព្រឹកដោយបានឲ្យលុយនាងពី៣.០០០រៀល ទៅ៥.០០០រៀល ក្នុងការរំលោភម្តងៗ។ លោកបានថ្លែងថា “គាត់បានគំរាមនាងកុំឲ្យប្រាប់នរណាម្នាក់ពីរឿងនេះ”។

លោក កែ ខាន់ណារ៉ា បានមានប្រសាសន៍ ថា ម្តាយក្មេងស្រីរងគ្រោះបានដឹងពីហេតុការណ៍នេះនៅពេលកូនស្រីរបស់គាត់បានសុំលុយគាត់ទៅទិញថ្នាំលេបបន្ទាប់ពីនាងមានអាការៈហើម ជាំ និងឈឺចាប់។

លោកបានមានប្រសាសន៍ថា ដំបូង ម្តាយក្មេងស្រីរងគ្រោះមិនចង់ដាក់ពាក្យបណ្តឹងទេដោយខ្លាចការសងសឹកដោយសារតែតួនាទីក្នុងសង្គមរបស់លោក ស្រី ឃីម នៅក្នុងសហគមន៍។

ស្នងការរងនគរបាលរូបនេះបានមានប្រសាសន៍ថា “អ្នកស្រីគិតថា ដោយសារគាត់ក្រីក្រ គ្មាននរណាម្នាក់អាចរកយុត្តិធម៌ជូនគាត់បានឡើយ”។

លោក សាយ ណូរ៉ា អ្នកនាំពាក្យតុលាការបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ស្រី ឃីម កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តដើម្បីរង់ចាំការជំនុំជម្រះ។ ករណីរំលោភមានស្ថានទម្ងន់ទោសនេះ មានទោសជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ។

នគរបាលបាននិយាយថា នៅក្នុងករណីដាច់ដោយឡែកមួយទៀត យុវជនអាយុ១៩ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តបាត់ដំបងកាលពីម្សិលមិញបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។

លោក មួរ ឡាន អធិការរងនគរបាលស្រុកសង្កែបានមានប្រសាសន៍ថា មួត សាវៀត នៅក្រុងបាត់ដំបងត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារបន្ទាប់ពីឪពុកម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងយុវជនរូបនេះ។

លោក មួរ ឡាន បានមានប្រសាសន៍ថា នៅពេលធ្វើការសាកសួរ មួត សាវៀត សារភាពថា បានរំលោភក្មេងស្រីរូបនេះ៣ដង ខណៈពេលទៅដេកផ្ទះមិត្តភក្តិពីរថ្ងៃស្ថិតក្នុងសង្កាត់ទួលតាឯក។ ឪពុកម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងបន្ទាប់ពីនាងបានត្រឡប់មកផ្ទះវិញកាលពីថ្ងៃច័ន្ទ។

លោក មួរ ឡាន បានមានប្រសាសន៍ថា “នាងមើលទៅដូចជាត្រូវថ្នាំអ៊ីចឹង ដូច្នេះហើយម្តាយរបស់នាងបានសួរនាងថា ទើបមកពីណា។ នាងបាននិយាយថា បុរសម្នាក់បានយកនាងទៅដេកជាមួយ”។

មួត សាវៀត ត្រូវបានចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ជាបទល្មើសដែលមានទោសជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស