30 C
Phnom Penh

ល្បឿន​​​នៃ​​​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ធ្លាក់​​​ចុះ​​​​ ខណៈ​នៅសល់​ពេលត្រឹម​​​តែ​​​១២ថ្ងៃ​ទៀតប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងកាលពីម្សិលមិញថា ក្រុមមន្ត្រីរៀបចំការបោះឆ្នោតបានធ្វើដំណើរទូទាំងប្រទេសអំឡុងពិធីបុណ្យអំុទូកក្នុងសប្តាហ៍នេះដើម្បីសើុបអង្កេតល្បឿននៃការចុះឈ្មោះបោះឆ្នោតដែលបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលថ្មីៗ ប៉ុន្តែរកមិនឃើញបញ្ហាជាក់ស្តែងនោះឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការនេះដែលបានចុះទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមបានមានប្រសាសន៍ថា ” គ.ជ.ប. នឹងមិនពន្យារពេលកំណត់សម្រាប់ការចុះឈ្មោះនោះឡើយ។ ស្ទើរទាំងអស់នៃឃុំ-សង្កាត់ទាំងនេះ អ្នកភូមិមូលដ្ឋានភាគច្រើនបានចុះឈ្មោះរួចហើយ”។ ក្នុងចំណោមមន្ត្រីដែលបានចុះទៅតាមបណ្តាខេត្តទាំង២៥នៅទូទាំងប្រទេស មិនមាននរណារាយការណ៍អំពីបញ្ហាជាក់ស្តែងណាយមួយឡើយ។

voter-regទាំងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមសុទ្ធតែមានសភាពយឺតយ៉ាវនៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ពោលគឺចំនួននៃអ្នកដែលបានចុះឈ្មោះរួចហើយនៅទ្រឹងត្រឹម៧០,១ភាគរយ និង ៧០,៥ភាគរយ ដោយសុទ្ធតែធ្លាក់ចុះទាបជាងការចុះឈ្មោះបោះឆ្នោតជាមធ្យមទូទាំងប្រទេសដែលមានចំនួន៧៤,៤ភាគរយ។

នៅទូទាំងប្រទេស បន្ទាប់ពីមានភាពសកម្មនៅក្នុងរយៈពេលពីរខែដំបូង ការចុះឈ្មោះបោះឆ្នោតបានថយចុះគួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពីជាង១០០.០០០នាក់ក្នុងមួយថ្ងៃអំឡុង៤០ថ្ងៃដំបូង ចាប់តាំងពីពេលចុះឈ្មោះបោះឆ្នោតចាប់ផ្តើមនៅក្នុងខែកញ្ញា មកនៅត្រឹមតែប្រហែល៣០.០០០ នាក់កាលពីសប្តាហ៍មុន។

លោក ហង្ស ពុទ្ធា បានលើកឡើងទៀតថា អំឡុងពិធីបុណ្យអុំទូកក្នុងសប្តាហ៍នេះការចុះឈ្មោះមានសភាពកើនឡើងបន្តិច ពោលគឺមានការចុះឈ្មោះប្រហែល៥០.០០០នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។

លោកបានថ្លែងថា “ថ្មីៗនេះមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយថ្ងៃខ្លះមានអ្នកមកចុះឈ្មោះបោះឆ្នោតមិនដល់៣០.០០០នាក់ផង។ ប៉ុន្តែ អំឡុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ កម្មករកាត់ដេរជាច្រើនបានត្រឡប់ទៅស្រុកកំណើត ហើយពួកគេបានចុះឈ្មោះនៅទីនោះតែម្តង”។

ទោះបីជាល្បឿននៃការចុះឈ្មោះអំឡុងពិធីបុណ្យនៅតែមានភាពសកម្មក៏ដោយ ក៏ការចុះឈ្មោះសរុបនឹងមិនឈានដល់៨០ភាគរយនោះឡើយ នៅត្រឹមថ្ងៃថ្ងៃទី២៩ខែវិច្ឆិកា ដែលជាថ្ងៃចុះឈ្មោះចុងក្រោយ។

ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បានលើកឡើងថា លោកពេញចិត្តចំពោះការចុះឈ្មោះសរុបក្នុងពេលបច្ចុប្បន្ន។ អ្នកដែលនៅមិនទាន់បានចុះឈ្មោះជាច្រើនទៀតទំនងជាសុទ្ធតែធ្វើការនៅក្រៅប្រទេស។

លោកបានថ្លែងថា “យើងមិនសង្ឃឹមថា នឹងអាចចុះឈ្មោះបាន១០០ភាគរយនោះឡើយ ប៉ុន្តែ យ៉ាងហោចណាស់យើងមានអ្នកដែលបានចុះឈ្មោះបោះឆ្នោតជាង៧៤ភាគរយនៅទូទាំងប្រទេសដែរ”។

ខេត្តចំនួនពីរដែលមានសភាពយឺតយ៉ាវជាងគេនៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោត គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដែលសុទ្ធតែមានព្រំដែនជាប់ប្រទេសថៃ ជាប្រទេសដែលពលករចំណាកស្រុកខ្មែរជាង១លាននាក់បានទៅធ្វើការនៅទីនោះ នេះបើយោងតាមការប៉ាន់ប្រមាណមួយចំនួន។ អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងខេត្តទាំងពីរនេះ មានតែ៦៣,៣ភាគរយប៉ុណ្ណោះ។

ទោះបីជាមានសំណើពីគណបក្សសង្គ្រោះជាតិឲ្យបង្កើតកន្លែងចុះឈ្មោះពិសេសនៅតាមបណ្តោយព្រំដែន ឬមធ្យោបាយផ្សេងដើម្បីបោះឆ្នោតពីក្រៅប្រទេសក៏ដោយក្តី តែពលករដែលធ្វើការនៅក្រៅប្រទេសមិនអាចចុះឈ្មោះ ឬបោះឆ្នោតបានឡើយ លុះត្រាតែត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញ។

លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជារបស់សហភាពអឺរ៉ុបដែលបានសហការជាមួយប្រទេសជប៉ុននៅក្នុងការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័របានលើកឡើងថា លោកមានទំនុកចិត្តថា បញ្ហានីមួយៗនឹងត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវ។

លោកបានលើកឡើងតាមរយៈអីុម៉េលថា “យើងបានតាមដានដំណើរការចុះឈ្មោះបោះឆ្នោតយ៉ាងយកចិត្តទុកដាក់ ហើយសូមអបអរសាទរដល់ការងាររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរហូតមកទល់ពេលនេះ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Michael Dickison)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស