លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិគ្រោងចាកចេញពីកន្លែងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សលោកដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសម័យប្រជុំសភាពេញអង្គលើកក្រោយដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ជាពេលដែលតំណាងរាស្ត្រនឹងពិភាក្សាដេញដោលអំពីថវិកាជាតិសម្រាប់ឆ្នាំ២០១៧។
លោក យ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា លោក កឹម សុខា “មានបំណងចូលរួមសម័យប្រជុំនៅថ្ងៃនោះ។ ខ្ញុំអត់ដឹងព័ត៌មានលម្អិតលើសពីនេះឡើយ។ ខ្ញុំគ្រាន់តែដឹងថា គាត់មានគម្រោងចូលរួមសម័យប្រជុំនោះប៉ុណ្ណោះ”។

តំណាងរាស្ត្រគណបក្សប្រឆាំងបាននិងកំពុងធ្វើពហិការមិនចូលសភាតាំងពីចុងខែឧសភាមកម្លេ៉ះ ពេលនគរបាលព្យាយាមចាប់ខ្លួនលោក កឹម សុខា ដោយសារលោកបដិសេធក្នុងការចូលខ្លួនពាក់ព័ន្ធសំណុំរឿង”សញ្ចរកម្ម” ដែលមានជាប់ទាក់ទិននឹងស្រីកំណាន់ម្នាក់។ លោក កឹម សុខា បានចាកចេញពីទីស្នាក់ការកណ្តាលតែមួយដងប៉ុណ្ណោះនៅប៉ុន្មានខែក្រោយមកដើម្បីទៅចុះឈ្មោះបោះឆ្នោត។
លោក យ៉ែម បុញ្ញប្ញទ្ធិ បានលើកឡើងទៀតថា ថវិកាជាតិសម្រាប់ឆ្នាំក្រោយគឺមានសារៈសំខាន់ណាស់សម្រាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមិនបានចូលរួមសម័យប្រជុំពេញអង្គលើកចុងក្រោយដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាព ហេតុដូច្នេះមិនអាចបណ្តោយឲ្យគណបក្សប្រជាជនកម្ពុជាអនុម័តដោយគ្មានការភិភាក្សាដេញដោលត្រឹមត្រូវបានឡើយ។ ដោយមានអាសនៈចំនួន៥៥ក្នុងចំណោមអាសនៈសភាសរុបចំនួន១២៣នោះ គណបក្សសង្គ្រោះជាតិមិនអាចរារាំងសេចក្តីព្រាងច្បាប់េនះបានទេ។
លោកបានមានប្រសាសន៍ថា “យើងជឿថា សេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិគឺជារឿងមានសារៈសំខាន់បំផុតដែលយើងចាំបាច់ត្រូវតែចូលរួមពិភាក្សា និងអនុម័តព្រោះវាមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ”។
ការចូលរួមរបស់លោក កឹម សុខា នឹងកើតមានឡើងជាងមួយឆ្នាំបន្ទាប់ពីគណបក្សកាន់អំណាចបានដកលោកចេញពីតំណែងជាអនុប្រធានរដ្ឋសភា ជាចំណាត់ការមួយដែលគណបក្សសង្គ្រោះជាតិលើកឡើងថា ខុសច្បាប់។ សាលាដំបូងរាជធានីភ្នំពេញមិនបានគោរពអភ័យឯកសិទ្ធិស្របច្បាប់របស់លោកក្នុងនាមជាតំណាងរាស្ត្រនោះឡើយ ពេលកាត់ទោសលោកនៅឆ្នាំនេះ។
គណបក្សសង្គ្រោះជាតិក៏សង្ឃឹមផងដែរថា ការសម្រេចរបស់ខ្លួននៅក្នុងការចូលរួមសម័យប្រជុំសភាលើកក្រោយនេះនឹងបើកផ្លូវសម្រាប់ការចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោក យ៉ែម បុញ្ញប្ញទ្ធិ មិនបាននិយាយថា តើគណបក្សរបស់លោកនឹងពិភាក្សាអំពីអ្វីឲ្យប្រាកដនោះឡើយ។
លោកបានលើកឡើងបន្តទៀតថា គណបក្សនីមួយៗមានគម្រោងជួបប្រជុំគ្នា “ដើម្បីស្វែងរកដំណោះស្រាយជួនប្រទេសជាតិ។ ខ្ញុំមិនដឹងអំពីព័ត៌មានលម្អិតឡើយ ប៉ុន្តែអ្វីដែលយើងដឹងគឺថាអំឡុងសម័យប្រជុំសភាយើងប្រហែលជាជួបពិភាក្សាជាមួយគ្នា”។
ដោយសមាជិក១០រូបក្នុងចំណោមសមាជិកសភា និងសមាជិកព្រឹទ្ធសភារបស់ខ្លួនកំពុងប្រឈមសំណុំរឿងផ្លូវច្បាប់ ក្នុងនោះមានម្នាក់ត្រូវបានផ្តន្ទាទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែនោះ គណបក្សប្រឆាំងបានលើកឡើងម្តងហើយម្តងទៀតថា មានតែការចរចានយោបាយទេដែលអាចដោះស្រាយនូវអ្វីដែលខ្លួនចាត់ទុកថា ជាការផ្តន្ទាទោសមានជាប់ពាក់ព័ន្ធរឿងនយោបាយ។
ទោះជាយ៉ាងណាគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ខ្លួនមិនអាចរំខានដល់នីតិវិធីរបស់តុលាការបានឡើយ ថ្វីបើការចាប់ខ្លួនមួយចំនួនមានបញ្ជាដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានការដោះលែងអ្នកទោសបន្ទាប់ពីមានការចរចាគ្នាក៏ដោយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើងកាលពីម្សិលមិញថា វា”មិនអាចទៅរួចទេ”សម្រាប់គណបក្សនីមួយៗពិភាក្សាគ្នាអំពីសំណុំរឿងផ្លូវច្បាប់ ដែលមានខ្លះនៅមិនទាន់ឈានដល់ការបើកសវនាការ និងខ្លះទៀតកំពុងត្រូវបានប្តឹងទាស់ លុះត្រាតែតុលាការដោះស្រាយសំណុំរឿងទាំងនេះជាមុនសិន។
លោកបានមានប្រសាសន៍ថា ”ការអំពាវនាវរបស់ពួកគេសុំឲ្យមានការជួបពិភាក្សាមិនអាចទៅរួចទេ។ ពួកគេចង់ជួបពិភាក្សារវាងគណបក្សទាំងពីរគឺដើម្បីឱ្យមានការដោះលែងអ្នកទោស”។
លោកបានបន្ថែមទៀតថា “ខណៈតុលាការ កំពុងដំណើរការនីតិវិធីរបស់ខ្លួន យើងមិនអាចជួបពិភាក្សាគ្នាបានទេ។ ទុកឱ្យតុលាការបញ្ចប់សំណុំរឿងជាមុនសិន។ យើងនឹងពិចារណាតាមក្រោយ”៕ ស៊ុយឈាង