38 C
Phnom Penh

ថៃ​គ្រោង​​​បណ្តេញ​​​កូនៗ​​​របស់​​​​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខុស​​​ច្បាប់​​​ត្រឹម​ឆ្នាំ​២០២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ប្រទេសថៃមានផែនការកាត់បន្ថយចំនួនកុមារចំណាកស្រុកខុសច្បាប់ដែលរស់នៅក្នុងប្រទេសនេះឲ្យអស់ត្រឹមឆ្នាំ២០២០ ជាចំណាត់ការមួយដែលក្រុមសកម្មជនបារម្ភថា អាចធ្វើឲ្យមានផលប៉ះពាល់ដល់កុមារកម្ពុជារាប់ពាន់នាក់។

ប្រទេសថៃគឺជាគោលដៅចម្បងសម្រាប់ពលរដ្ឋកម្ពុជាដែលស្វែងរកការធ្វើនៅក្រៅប្រទេស ដោយក្រសួងការងារថៃបានបូកសរុបថាមានពលករ៦៨១.៥៧១នាក់នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៤ក្នុងនោះភាគច្រើនមិនមានឯកសារគ្រប់គ្រាន់ទេ។

លោក Waranont Pitiwan លេខាអចិន្ត្រៃយ៍រងនៅក្រសួងការងារបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា រដ្ឋាភិបាលកំពុងរៀបចំវិធានការមួយចំនួនដើម្បីកាត់បន្ថយកុមារជាង១១៨.០០០នាក់ ដែលមកជាមួយឪពុកម្តាយរបស់ខ្លួនពីប្រទេសកម្ពុជា ឡាវ និងភូមា មកធ្វើការនៅក្នុងទីផ្សារការងារក្រៅផ្លូវការក្នុងប្រទេសថៃ។

កម្មករចំណាកស្រុកដែលត្រូវគេរារាំងមិនឲ្យលួចចូលប្រទេសថៃ ហូបអាហារដែលផ្តល់ដោយអង្គការចំណាកស្រុកអន្តរជាតិក្នុងក្រុងប៉ោយប៉ែតនៅឆ្នាំ២០១៤។ (Alex Consiglio/The Cambodia Daily)
កម្មករចំណាកស្រុកដែលត្រូវគេរារាំងមិនឲ្យលួចចូលប្រទេសថៃ ហូបអាហារដែលផ្តល់ដោយអង្គការចំណាកស្រុកអន្តរជាតិក្នុងក្រុងប៉ោយប៉ែតនៅឆ្នាំ២០១៤។ (Alex Consiglio/The Cambodia Daily)

កាសែតដដែលនេះបានរាយការណ៍ថា វិធានការទាំងនេះរួមមាន “ការបញ្ចប់ការចុះឈ្មោះពលករចំណាកស្រុកខុសច្បាប់” ជាការគាំទ្រដល់កិច្ចព្រមព្រៀងមួយទល់មួយជាមួយប្រទេសនីមួយៗ ដោយបង្ខំឲ្យពលករចំណាកស្រុកត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនៅពេលពួកគេបញ្ចប់កិច្ចសន្យា ដោយជំរុញឱ្យមានការពន្យារកំណើតក្នុងចំណោមពលករចំណាកស្រុក និងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

ក្រសួងការងារ និងស្ថានទូតថៃនៅក្នុងរាជធានីភ្នំពេញមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។ សកម្មជនចំណាកស្រុកកម្ពុជានិយាយថា ច្បាប់ថ្មីនេះនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះស្រាប់ទៅហើយ។

លោក មឿន តុលា ប្រធានអង្គការសិទ្ធិការងារ Centralបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះ កុមារចំណាកស្រុកមិនបានចូលរៀនទេ។ វាគ្រោះថ្នាក់ណាស់សម្រាប់ពួកគេ ពីព្រោះកុមារទាំងនោះត្រូវបានទុកនៅក្នុងផ្ទះ ឬបន្ទប់ដេកនៅពេលឪពុកម្តាយរបស់ពួកគេទៅធ្វើការ។

លោកបានបន្ថែមថា “ពួកគេក៏ជាមនុស្សដែរ។ កុមារគួរត្រូវបានគាំទ្រ”។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា វាមាន “ផលប៉ះពាល់ផ្នែកសង្គមយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារទាំងនោះ”។

ដោយអំពាវនាវឱ្យប្រទេសថៃចុះហត្ថលេខា និងអនុវត្តអនុសញ្ញារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រីបានថ្លែងថា “ប្រសិន បើឪពុកម្តាយរបស់ពួកគេមិនមានលិខិតស្នាម ពួកគេរស់នៅក្នុងភាពភ័យខ្លាច។ មិនមានសាលារៀន ឬមិនមានសេវាសង្គមឡើយ”។

លោកស្រីបានថ្លែងថា “សេនារីយោកាន់តែអាក្រក់ទៅគឺនៅពេលដែលកុមារទាំងនោះត្រូវភៀសខ្លួនចេញឬត្រូវបណ្តេញចេញ”។ នៅពេលពលរដ្ឋខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសថៃកាលពីឆ្នាំ២០១៤ដោយសារតែភ័យខ្លាចអំពើហិង្សានៅទីនោះ អង្គការទស្សនៈពិភពលោកបានលើកឡើងថា កុមារជាច្រើនបានបែកពីក្រុមគ្រួសាររបស់ខ្លួននៅក្នុងភាពចលាចលនោះ។

លោក Steve Cook ប្រធានផ្នែកតស៊ូមតិរបស់អង្គការនេះបានសរសេរថា”កុមារដែលរស់នៅឆ្ងាយពីសហគមន៍ ឬក្រុមគ្រួសាររបស់ខ្លួន កាន់តែងាយរងគ្រោះដោយសារការរំលោភបំពាន និងការប្រើអំពើហិង្សា

គ្រប់បែបយ៉ាង ព្រមទាំងផលប៉ះពាល់រយៈពេលយូរដោយសារការផ្លាស់ប្តូរការអប់រំរបស់ពួកគេ ការផ្លាស់ប្តូរបណ្តាញសុវត្ថិភាពសង្គម និងអសន្តិសុខផ្នែកច្បាប់”។

លោក មឿន តុលា បានមានប្រសាសន៍ថា ចំណាត់ការរបស់រដ្ឋាភិបាលថៃទំនងជាមិនអាចធ្វើឲ្យពលករទាំងនោះ ដែលមិនអាចពឹងផ្អែកលើសាច់ញាតិនៅប្រទេសកំណើតមើលថែកូនៗរបស់ខ្លួន ខ្លាចរអានោះឡើយ។

លោកថ្លែងថា “ពលករចំណាកស្រុកយល់យ៉ាងច្បាស់ថា វាមិនមែនជាគំនិតល្អទេ។ វាមិនមានសុវត្ថិភាពសម្រាប់កុមារទាល់តែសោះ ប៉ុន្តែ ពួកគាត់គ្មានជម្រើស”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស