34 C
Phnom Penh

សមាជិក​ព្រឹទ្ធសភា​គណបក្ស​​ប្រឆាំង​ជាប់ពន្ធនាគារ​​​​ពាក់​ព័ន្ធ​ការ​​​ចោទ​ប្រកាន់​លោក​ ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងត្រូវបានតុលាការចោទប្រកាន់ដោយកំបាំងមុខពីបទបរិហារកេរ្តិ៍ និងញុះញង់ ហើយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែពីបទចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកបញ្ជាឱ្យធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោមួយរូបកាលពីថ្ងៃទី១០ ខែកក្កដា។

លោក ហ៊ុន សែន ដែលច្រានចោលការចោទប្រកាន់នេះ បានប្ដឹងលោកស្រី ថាក់ ឡានី កាលពីខែកក្កដា ទាក់ទិនឃ្លីបសុន្ទរកថាមួយដែលបង្ហាញពីសមាជិកព្រឹទ្ធសភារូបនេះចោទប្រកាន់ថា លោកជាអ្នកបញ្ជាឱ្យធ្វើឃាត ខណៈថ្លែងទៅកាន់អ្នកគាំទ្រគណបក្សប្រឆាំងនៅខេត្តរតនគិរី។

អមជាមួយទោសជាប់ពន្ធនាគារ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រី ថាក់ ឡានី ដែលគេមិនបានឃើញ ឬទទួលដំណឹងចាប់តាំងពីមានការដាក់ពាក្យបណ្ដឹងនេះមក ហើយបានបង្គាប់ឱ្យលោកស្រីបង់ប្រាក់ពិន័យចំនួន៨លានរៀល ឬប្រហែល២.០០០ដុល្លារ។ សមាជិកព្រឹទ្ធសភារូបនេះក៏ត្រូវបង់ប្រាក់សំណងជំងឺចិត្ត១០០រៀលឲ្យលោក ហ៊ុន សែន ផងដែរ។

អំឡុងថ្ងៃទី១នៃសវនាការកាលពីខែតុលា នៅក្នុងឃ្លីបសុន្ទរកថារយៈពេលពីរនាទីដែលត្រូវបង្ហាញតុលាការ គេឃើញលោកស្រ ថ្លែងថា “ពេលនេះលោក ហ៊ុន សែន មិនដឹងថាខ្លួនឯងកំពុងគិតអ្វីទេ។ នៅក្នុងស្ថានភាពចលាចលនេះ  គាត់គឺជាអ្នកសម្លាប់លោក កែម ឡី”។

លោក ឈុន ប៊ុនសន ស្វាមីរបស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ ស៊ីវ ចាន់ណា
លោក ឈុន ប៊ុនសាន ស្វាមីរបស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ ស៊ីវ ចាន់ណា

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បដិសេធថាមិនបានធ្វើការចោទប្រកាន់បែបនោះទេ ដោយអះអាងថា វីដេអូនោះត្រូវគេកាត់ត។ លោក សំ សុគង់ មេធាវីរបស់លោកស្រីមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងប្ដឹងទាស់សាលក្រមនេះ។ លោកថ្លែងថា “ខ្ញុំយល់ថា ការសម្រេចនេះមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់ខ្ញុំទេ ហើយខ្ញុំនឹងពិភាក្សាជាមួយកូនក្ដីខ្ញុំអំពីការត្រៀមឯកសារសម្រាប់ប្ដឹងទាស់”។

លោកអះអាងថា លោកមានឃ្លីបសុន្ទរកថានៅខេត្តរតនគិរី ដោយផ្ទាល់ដែលបង្ហាញថា ឃ្លីបដែលបង្ហាញក្នុងតុលាការត្រូវបានកាត់ត ប៉ុន្តែមិនព្រមបង្ហាញវាអំឡុងសវនាការឡើយ ពីព្រោះសាលាដំបូងរាជធានីភ្នំពេញ  ”មិនផ្ដល់យុត្តិធម៌”។ លោកថ្លែងថា លោករក្សាវាទុកសម្រាប់សាលាឧទ្ធរណ៍ដែលលោកជឿថាទំនងជាផ្ដល់សវនាការយុត្តិធម៌។

អំឡុងសវនាការ  សាក្សីរបស់អយ្យការឆ្លើយថា សមាជិកព្រឹទ្ធសភារូបនេះពិតជាបានធ្វើអត្ថាធិប្បាយដូចក្នុងវីដេអូនោះប្រាកដមែន ចំណែកឯសាក្សីរបស់មេធាវីការពារឆ្លើយថា សមាជិកព្រឹទ្ធសភារូបនេះមិនបានធ្វើអត្ថាធិប្បាយបែបនេះទេ។ ប៉ុន្តែគេមិនដឹងថា វីដេអូឃ្លីបនោះមានប្រភពចេញពីណាឡើយ។ ចៅក្រមជំនុំជម្រះ អុី ថាវរៈ បានបញ្ឈប់លោក សំ សុគង់ នៅពេលលោកចាប់ផ្ដើមសាកសួរសាក្សីរបស់អយ្យការដែលជាអ្នកថតវីដេអូនេះ។

លោក ឈុន ប៊ុនសន ស្វាមីរបស់លោកស្រី ថាក់ ឡានី មានប្រសាសន៍ថា លោកប្រាកដណាស់ថា ភរិយារបស់លោកមិនដែលចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកបញ្ជាឱ្យធ្វើឃាតលោក កែម ឡី នោះទេ។ លោកថ្លែងថា “ខ្ញុំយល់ថា នេះជាភាពអយុត្តិធម៌។ ខ្ញុំគិតថា នេះជាអំពើអយុត្តិធម៌។ ខ្ញុំគិតថា គាត់មិនហា៊ននិយាយដូចនោះទេ”។

លោក សំ សុគង់ អះអាងថាមិនបានដឹងថាសមាជិកព្រឹទ្ធសភារូបនេះត្រូវបានចោទប្រកាន់ចាប់តាំងពីពេលនោះមកទេ។

ទោះជាយ៉ាងណា កាលពីម្សិលមិញ ស្វាមីរបស់លោកស្រីបញ្ជាក់ថា លោកស្រីបានចាកចេញទៅប្រទេសស៊ុយអែត ហើយដោយមានជំនួយពីអង្គការសហប្រជាជាតិ មិនយូរប៉ុន្មានក្រោយពីបណ្តាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចាប់ផ្ដើមចុះផ្សាយអំពីពាក្យបណ្ដឹងនេះ។ លោកបញ្ជាក់ថា លោកស្រីបានចាកចេញទៅដោយគ្មានលិខិតឆ្លងដែនក្នុងឋានៈជាជនជ្រកកោនផ្នែកនយោបាយ។

លោក សំ សុគង់ មានប្រសាសន៍ថា លោកជឿថា លោកត្រូវគេតាមដានចាប់តាំងពីសំណុំរឿងនេះចាប់ផ្ដើមមក ប៉ុន្តែភ្លាមៗរូបលោកគ្មានគម្រោងចាកចេញពីប្រទេសកម្ពុជាទេ។

ការិយាល័យប្រចាំតំបន់នៃឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមិនបានបញ្ជាក់ ឬច្រានចោលការអះអាងរបស់លោក ឈុន ប៊ុនសន នោះទេ ដោយលើកឡើងថា ខ្លួនមានគោលការណ៍មិនធ្វើអត្ថាធិប្បាយអំពីករណីបុគ្គលឡើយ។

សំណើសុំការបំភ្លឺពីស្ថានទូតស៊ុយអែត នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្វែរទៅឯកអគ្គរដ្ឋទូត ម៉ារៀ សាហ្គ្រេន (Maria Sargren) ដែលមិនអាចទាក់ទងបាន។ ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់ប្រទេសស៊ុយអែត ដែលទទួលបន្ទុកដោះស្រាយករណីសុំសិទ្ធិជ្រកកោនអះអាងថា លោកស្រី ថាក់ ឡានី បានចូលទៅដល់ទឹកដីប្រទេសស៊ុយអែត ហើយ ប៉ុន្តែភ្លាមៗមិនអាចធ្វើអត្ថាធិប្បាយអំពីស្ថានភាពរបស់លោកស្រីបានទេ។

លោកស្រី ថាក់ ឡានី គឺជាតំណាងរាស្ត្រគណបក្សប្រឆាំងទី៥ដែលបានជាប់ពន្ធនាគារនៅក្នុងឆ្នាំកន្លងមកដែលគណបក្សប្រឆាំង បណ្តាអ្នកសង្កេតការណ៍នយោបាយ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក សុទ្ធតែចាត់ទុកជាការវាយប្រហារតាមផ្លូវច្បាប់ទៅលើអ្នករិះគន់រដ្ឋាភិបាលរូបនេះដោយសារហេតុផលនយោបាយ។ កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងប្រឈមទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ត្រូវបានហាមប្រាមមិនឱ្យចូលប្រទេសកម្ពុជា វិញឡើយ ហើយបម្រាមនេះជាការបំពានរដ្ឋធម្មនុញ្ញយ៉ាងច្បាស់ក្រឡែត។

លោក សម រង្ស៊ី ក៏ត្រូវបានចោទប្រកាន់ដោយកំបាំងមុខដែរពីបទបរិហារកេរ្តិ៍ និងញុះញង់ដោយសារចោទប្រកាន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាជាអ្នករៀបចំធ្វើឃាតលោក កែម ឡី ប៉ុន្តែមិនបានសំដៅលើនាយករដ្ឋមន្ត្រីដោយចំៗនោះទេ។

បុរសដែលត្រូវបានចាប់ខ្លួនពីបទបាញ់ប្រហារនោះអះអាងថា ខ្លួនសម្លាប់អ្នកវិភាគដែលរិះគន់រដ្ឋាភិបាលជាញឹកញាប់រូបនេះដោយសារការជំពាក់បំណុលមិនព្រមសង។ ប៉ុន្តែទាំងសាច់ញាតិរបស់លោក កែម ឡី និងសាច់ញាតិរបស់ជនសង្ស័យដែលជាអតីតទាហាននិយាយថា បុរសទាំងពីរមិនដែលស្គាល់គ្នាទេ ធ្វើឱ្យសាធារណជនកាន់តែមានការសង្ស័យខ្លាំងឡើងថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងរឿងនេះ។

ក្រោយពីការចោទប្រកាន់កាលពីម្សិលមិញ លោក សម រង្ស៊ី បានសរសេរថា ទស្សនៈរបស់លោកមិនផ្លាស់ប្ដូរឡើយ។ លោកថ្លែងថា “ខ្ញុំគាំទ្រការចោទប្រកាន់របស់ខ្ញុំ។ គ្មានអ្នកណាផ្សេងទៀតទេដែលធ្វើរឿងនេះ”៕ សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស