28.4 C
Phnom Penh

ក្រុមគ្រួសារ​របស់​អ្នកអុំទូក​ដែល​លង់ទឹក​ស្លាប់​ទាម​ទារ​​សំណងចំនួន​​៣៥.០០០ដុល្លារ​ក្នុង​ម្នាក់ៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រួសាររបស់អ្នកអុំទូកពីរនាក់ដែលបានលង់ទឹកស្លាប់ ពេលទូកងរបស់ពួកគេបានលិចបន្ទាប់ពីទូកទេសចរណ៍បុក បានទារសំណងក្នុងម្នាក់ៗ៣៥.០០០ដុល្លារ អំឡុងពេលជួបដោះស្រាយជាមួយតំណាងក្រុមហ៊ុននៅក្នុងសប្ដាហ៍នេះ នេះបើយោងតាមការឱ្យដឹងពីសមាជិកគ្រួសារម្នាក់កាលពីម្សិលមិញ។

លោក ឃុន ហ៊ីម ឪពុករបស់ ឈឿន ចន អាយុ៣៦ឆ្នាំ ដែលបានស្លាប់ជាមួយ សុខ ចាន់ចេស្ដា អាយុ១៨ឆ្នាំ ពេលនាវាទេសចរណ៍របស់ក្រុមហ៊ុន Cruiseco Line បុកទូកងរបស់ពួកគេកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ បានលើកឡើងថា គ្រួសារទាំងពីរនេះបានជួបដោះស្រាយជាមួយតំណាងក្រុមហ៊ុននេះកាលពីថ្ងៃពុធនៅក្នុងរាជធានីភ្នំពេញ។

លោកនិយាយថា “ពេលជួបដោះស្រាយគ្នា យើងបានទាមទារ៣៥.០០០ដុល្លារ ប៉ុន្តែតំណាងក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗទេ ព្រោះពួកគេត្រូវការពិភាក្សាអំពីការទាមទារនេះជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនជាមុនសិន។

តំណាងក្រុមហ៊ុន Cruiseco Line មិនបានឆ្លើយតបនឹងសំណើសុំឲ្យធ្វើអត្ថាធិប្បាយនោះឡើយ។ លោក ប៉េស លីម នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹករាជធានីបានលើកឡើងថា តំណាងក្រុមហ៊ុននេះមិនទាន់ព្រមព្រៀងតាមការទាមទារទេ គឺត្រូវរង់ចាំក្រុមហ៊ុនធានារ៉ាប់រងបញ្ចប់ការវាយតម្លៃជាមុនសិន។

លោកបានលើកឡើងទៀតថា“នាវាទេស ចរណ៍នេះដែលដឹកភ្ញៀវទេសចរវៀតណាមបានផ្អាកប្រតិបត្តិការ ខណៈព្រះរាជអាជ្ញាមកពីសាលាដំបូងរាជធានីភ្នំពេញកំពុងប្រមូលកំណត់ហេតុ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស