34.8 C
Phnom Penh

សន្តិសុខ​ខណ្ឌ​ស្រង់​​​សំរាម​​​ពីទន្លេ​​​វិញ​​​ ក្រោយ​​​បែក​​​ធ្លាយ​​​ឃ្លីប​​​សន្តិសុខ​​​បោស​​​សំរាម​​​ទម្លាក់​​​ចូល​​​ទន្លេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលពីរថ្ងៃបន្ទាប់ពីវីដេអូឃ្លីបមួយដែលបានបង្ហោះតាមទំព័រហ្វេសបុ៊កបង្ហាញពីកម្មករមួយចំនួនបោសសំរាមដែលបន្សល់ពីពិធីបុណ្យអុំទូកចូលទន្លេសាបនោះ សន្តិសុខនៅរាជធានីភ្នំពេញបានធ្វើការបោសសម្អាតតាមមាត់ទន្លេ។

សន្តិសុខខណ្ឌដូនពេញប្រហែល៥០នាក់បានផ្លាស់វេនគ្នាប្រមូលសំរាមពីក្នុងទឹក និងមាត់ទន្លេចាប់ពីម៉ោង៧និង៣០នាទីព្រឹកម្សិលមិញ នៅជិតសាលសន្និសីទចតុមុខ។

សន្តិសុខខណ្ឌដូនពេញបោសសម្អាតសំរាមពីមាត់ទន្លេសាបក្នុងក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។(Siv Channa/The Cambodia Daily)
សន្តិសុខខណ្ឌដូនពេញបោសសម្អាតសំរាមពីមាត់ទន្លេសាបក្នុងក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។(Siv Channa/The Cambodia Daily)

លោក គួច ចំរើន អភិបាលខណ្ឌបានមានប្រសាសន៍ថា “ផែនការគឺថា បន្ទាប់ពីពិធីបុណ្យអុំទូកពួកគេបោសសម្អាតតាមមាត់ទន្លេហើយនៅថ្ងៃបន្ទាប់ពួកគេបោសសម្អាតអ្វីដែលធ្លាក់ចូលក្នុងទឹក”។លោកបានបន្ថែមថា “មិនមានគោលការណ៍ណាបោះសំរាមចូលក្នុងទន្លេទេ”។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ខណ្ឌទាំងអស់ទទួលខុសត្រូវបោសសម្អាតតាមមាត់ទន្លេក្នុងតំបន់របស់ខ្លួន។

នៅម៉ោង១០និង៤៥នាទីព្រឹក សន្តិសុខស្លៀកពាក់ឯកសណ្ឋានប្រហែល៦នាក់ និងមនុស្សមួយចំនួនទៀតបានធ្វើការបោសសម្អាតទៅទិសខាងជើងផ្លូវទល់មុខវត្តឧណ្ណាលោម។ ដោយប្រើប្រាស់ទូកពីរគ្រឿង ពួកគេបានប្រមូលសំរាមពីក្នុងទឹកដោយប្រើដំបងឫស្សី ច្រវា និងដៃទទេ ហើយបានបោះសំរាមចូលទៅក្នុងកញ្ឆេ និងថង់ដាក់សំរាម។

នៅក្នុងវីដេអូឃ្លីបបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារដែលមានអ្នកចូលមើលជិត១៦០.០០០នាក់គិតមកដល់ពេលល្ងាចម្សិលមិញនេះ បុរសស្លៀកពាក់ស៊ីវិលមួយក្រុមបានប្រើអម្បោសបោសថង់ប្លាសិ្ទកប្រអប់ដាក់អាហារ និងកាកសំណល់ផ្សេងៗទៀតនៅតាមមាត់ទន្លេដែលចាក់បេតុងចូលក្នុងទឹក។

លោក Nick Sells អ្នកថតរូបដែលបានថតវីដេអូនេះកាលពីថ្ងៃច័ន្ទបានលើកឡើងក្នុងអីុម៉េលថា បុរសប្រហែល៧នាក់បានចេញពីរថយន្តមួយគ្រឿងរបស់សាលារាជធានីភ្នំពេញនៅជិតផ្សាររាត្រី “ទៅពិនិត្យមើលតំបន់នោះភ្លាមៗ បន្ទាប់មកបានចាប់ផ្តើមបោសសំរាមចូលក្នុងទន្លេ”។

លោក គួច ចំរើន បានថ្លែងថា វីដេអូ ឃ្លីបដែលលោកនិយាយថា មិនទាន់បានឃើញនោះ ត្រូវបានគេថតដើម្បីឲ្យមានការចាប់អារម្មណ៍។ លោកបានថ្លែងថា “ជាធម្មតា បុគ្គលិកអគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូននៃសាលារាជធានីបោសសម្អាត និងប្រមូលសំរាមតាមមាត់ទន្លេ ប៉ុន្តែមិនបោសសំរាមចូលក្នុងទន្លេទេ”។

គិតត្រឹមម៉ោង១១និង៣០នាទីថ្ងៃត្រង់ម្សិលមិញ លោក គួច ចំរើន បានប៉ាន់ប្រមាណថា បុគ្គលិករបស់លោកប្រមូលសំរាមបាន៥០ស្បោងហើយយកវាទៅដាក់នៅចិញ្ចើមថ្នល់ទុកឲ្យក្រុមហ៊ុនសិុនទ្រីដែលជាក្រុមហ៊ុនឯកជនគ្រប់គ្រងកាកសំណល់ទទួលបានកិច្ចសន្យាពីសាលារាជធានីមកដឹក៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស