កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី ទេព វន្នី អ្នកធ្វើយុទ្ធនាការសិទ្ធិដីធ្លីដ៏លេចធ្លោ ត្រូវបានបដិសេធការសុំនៅក្រៅឃុំដោយសាលាឧទ្ធរណ៍ ដែលបាននិយាយថា សកម្មជនរូបនេះនឹងបង្កអំពើហិង្សា ប្រសិនបើដោះលែងពីការឃុំខ្លួនបណ្តោះអាសន្ន។ អ្នកស្រីបានប្រាប់អ្នកកាសែតបែបនេះ បន្ទាប់ពីសវនាការនៅតុលាការ។
អ្នកស្រី ទេព វន្នី ត្រូវគេឃុំខ្លួននៅពន្ធនាគារព្រៃសចាប់តាំងពីការចាប់ខ្លួននៅខែសីហា ទាក់ទិននឹងការតវ៉ាដែលអ្នកស្រីនិងសកម្មជនពាក់អាវខ្មៅច្រើននាក់ផ្សេងទៀត បានប្រទេចផ្តាសាមន្ត្រីតុលាការ ពីព្រោះគេមិនបានរកយុត្តិធម៌ឲ្យលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវគេធ្វើឃាត។

ទោះជាយ៉ាងណា សំណើសុំនៅក្រៅឃុំនេះទាក់ទងនឹងការចោទប្រកាន់ជាច្រើននៃអំពើហិង្សាដោយចេតនា កើតចេញពីការតវ៉ាមួយដោយឡែកនៅក្រៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងក្រុងភ្នំពេញនៅមីនាឆ្នាំ២០១៣ ដែលដឹកនាំដោយអ្នកស្រី វន្នី និងសកម្មជនផ្សេងទៀតមកពីសហគមន៍បឹងកក់នៅក្រុងភ្នំពេញ។
ដោយគាប់ជួន លោក ហ៊ុន សែន បានចូលរួមសន្និសីទមួយនៅសាលចតុមុខកាលពីថ្ងៃព្រហស្បតិ៍នៅម្ខាងផ្លូវសាលាឧទ្ធរណ៍ ខណៈដែលចៅក្រមជំនុំជម្រះ ងួន រតនា បានសម្រេចចេញសេចក្តីសម្រេចនេះក្នុងសវនាការបិទទ្វារ។
អ្នកគាំទ្រអ្នកស្រី វន្នី ប្រហែល៣០នាក់បានព្យាយាមជួបជុំគ្នានៅខាងក្រៅតុលាការ ដើម្បីអំពាវនាវឲ្យមានការដោះលែងអ្នកស្រីបន្ទាប់ពីសវនាការ ប៉ុន្តែត្រូវបានសន្តិសុខខណ្ឌរារាំង។
អ្នកស្រី បូវ សោភា ដែលបានជាប់ពន្ធនាគារ៦ថ្ងៃជាមួយអ្នកស្រី វន្នី ព្រោះប្រមាថមន្ត្រីតុលាការ បាននិយាយថា “សកម្មជនរបស់យើងបានព្យាយាមចង់ឃើញសម្តេច ហ៊ុន សែន ពីព្រោះប្រសិនបើសម្តេចបានឮពីយើង ពេលនោះសម្តេចប្រហែលអន្តរាគមន៍ឲ្យមានការដោះលែង ទេព វន្នី”។ ចៅក្រម រតនា មិនអាចទាក់ទងសុំការពន្យល់បានទេ។
បន្ទាប់ពីសវនាការ អ្នកស្រី វន្នី បានប្រាប់អ្នកយកព័ត៌មានថា មិនមានហេតុផលក្នុងការធ្វើសេចក្តីសម្រេចឃុំអ្នកស្រីក្នុងពន្ធនាគារទេ។
អ្នកស្រីបាននិយាយនៅពេលត្រូវនាំខ្លួនទៅរថយន្តពន្ធនាគារថា “សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំ ពីព្រោះពួកគេមិនដែលធ្វើតាមនីតិវិធីទេ។ ពួកគេច្រានចោលការសុំនៅក្រៅឃុំ ពីព្រោះពួកគេបារម្ភថា ខ្ញុំនឹងបង្កអំពើហិង្សា។ តាមការពិត អ្នកដែលបង្កអំពើហិង្សាគឺសន្តិសុខខណ្ឌដូនពេញ។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បាននិយាយថា រដ្ឋាភិបាលបានប្រឌិតរឿងក្តីនយោបាយប្រឆាំងនឹងអ្នកស្រីជាការព្រមានដល់អ្នករិះគន់ផ្សេងទៀត៕ និត (រាយការណ៍បន្ថែមដោយ Sonia Kohlbacher)