27 C
Phnom Penh

សាលក្រមត្រូវ​​​រិះ​​​គន់ រីឯ​​​ការ​​​ព្រួយ​​​បារម្ភ​​​មាន​​​ចំពោះ​​​មន្ត្រី​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍មួយដែលចេញដោយគណៈមេធាវីអាមេរិកបានរិះគន់ការបើកសវនាការជំនុំជម្រះលោក នី ចរិយា មន្ត្រីរៀបចំការបោះឆ្នោតជាន់ខ្ពស់ ចំណែកឯមានការព្រួយបារម្ភកាលពីថ្ងៃព្រហស្បិ៍ទាក់ទងនឹងអព្យាក្រឹតភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រសិនបើមន្ត្រីរូបនេះត្រូវបណ្តេញចេញពីតំណែង។

នៅពេលដែលតែងតាំងជាអគ្គលេខាធិការរងនៃគ.ជ.ប.ក្នុងខែមករា លោក ចរិយា ត្រូវគេមើលឃើញថាជាតុល្យភាពទប់ទល់នឹងថ្នាក់ដឹកនាំគណៈកម្មាធិការរបស់គណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតនៅពេលខាងមុខ។

ទោះជាយ៉ាងនេះក្តី ក្តីសង្ឃឹមលើតួនាទីរបស់លោកត្រូវរលាយអស់ នៅពេលដែលលោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែពីបទបរិហារកេរ្តិ៍ដែលលោកបាននិយាយកាលពីឆ្នាំមុន ដោយរិះគន់ព្រះរាជអាជ្ញានិងចៅក្រមតុលាការខេត្តសៀមរាបទាក់ទងនឹងការដាក់ពន្ធនាគារកសិករពីរនាក់ដោយសារតែរានដីខុសច្បាប់។

របាយការណ៍ឃ្លាំមើលសវនាការដែលចេញកាលពីថ្ងៃពុធដោយសមាគមមេធាវីសហរដ្ឋអាមេរិកបានរកឃើញថា ដំណើរការរឿងក្តីប្រឆាំងលោក ចរិយា “ខកខានមិនបានបំពេញស្តង់ដារសវនាការត្រឹមត្រូវតាមអន្តរជាតិ”ទេ។ របាយការណ៍បានលើកឡើងអំពីការព្រួយបារម្ភជាច្រើន រួមទាំងថា លោកត្រូវគេបដិសេធចំពោះការសន្មតជាមុនថាគ្មានទោស និងចំពោះសិទ្ធិទទួលបាន”ការវិនិច្ឆ័យដោយសមហេតុផល”។

របាយការណ៍និយាយថា “ក្នុងករណីនេះ បន្ទាប់ពីសម្រាក១៥នាទី ចៅក្រម ឃី ឆៃ បានត្រឡប់មកវិញ ហើយក៏បានរកឃើញថាលោក ចរិយា មានទោស ដោយត្រូវពិន័យ៦លានរៀលនិងជាប់ពន្ធនាគារ៦ខែ។ លោកបញ្ជាក់ថា មានការហាមប្រាមជាទូទៅប្រឆាំងការរិះគន់តុលាការប្រទេសកម្ពុជា។ ចៅក្រម ឆៃ មិនបានផ្តល់ហេតុផលច្បាប់សម្រាប់ការសម្រេចកាត់ឲ្យលោក ចរិយាជាប់ទោសទេ”។

លោក ចរិយា ក៏ជាអតីតប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ប្រឈមនឹងបទចោទបន្ថែមទៀតទាក់ទងនឹងការផ្តន្ទាទោសលោក កឹម សុខា អនុប្រធានបក្សប្រឆាំង។ ករណីទាំងពីរត្រូវគេគិតជាទូទៅថាជារឿងនយោបាយ ហើយទំនងជាធ្វើឲ្យតួនាទីរបស់លោក ចរិយានៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្ថិតក្នុងការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបាននិយាយថា ការដែលលោក ចរិយាមិនអាចធ្វើសវនកម្មលើការចុះឈ្មោះអ្នកបោះឆ្នោត “ដោយមានសេរីភាព អំណាចនិងឯករាជ្យ”គឺជា”ការខាតបង់ដ៏ធំ”។

លោកបាននិយាយបន្ថែមថា មិនគួរឲ្យភ្ញាក់ផ្អើលទេ គណបក្សប្រជាជនកម្ពុជាកាន់អំណាចនៅតែទំនងជាកាន់កាប់ទាំងស្រុងលើគ.ជ.ប.ដដែល។

លោក វីរៈ បាននិយាយថា ទោះបីជា គ.ជ.ប.ត្រូវបានកែទម្រង់ជាផ្នែកនៃកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៤ ដើម្បីធ្វើឲ្យមានអព្យាក្រឹតភាពបន្ថែមទៀតក៏ដោយ “ក៏វាមិនដែលកំណត់ថាឯករាជ្យដែរ។ ទីបញ្ចប់ ដោយសារតែខ្វះសេចក្តីពិស្តារក្រោយពីការចរចាគ្នា គេគ្រាន់តែយល់ព្រមជាគោលការណ៍ប៉ុណ្ណោះ”។

អ្នកស្រី មួរ សុខហួរ តំណាងរាស្ត្របក្សសង្គ្រោះជាតិបាននិយាយថា ការសំដៅលើលោក ចរិយា គឺ”ជាបញ្ហាគួរឲ្យព្រួយបារម្ភដ៏ខ្លាំង ព្រោះគាត់ជាមនុស្សប្រកបដោយសុចរិតភាព”។

អ្នកស្រីបាននិយាយក្នុងសារអ៊ីម៉ែលថា “ក្រសួងយុត្តិធម៌មានភារកិច្ចពិនិត្យសើរើនីតិវិធីទាំងអស់របស់សវនាការ។ នី ចរិយា ដូចជាសហសេវិករបស់គាត់ និងអ្នកផ្សេងទៀតដែលជាគោលដៅនយោបាយ មិនទទួលបានសវនាការជំនុំជម្រះត្រឹមត្រូវទេ”។

អ្នកស្រីបាននិយាយបន្ថែមថា “នេះជាសំណួរនៃគោលការណ៍។ គេមិនគួរផ្លាស់ប្តូរគាត់ទេ។ បេក្ខជនមានសមត្ថភាពម្នាក់ទៀតក៏អាចជាគោលដៅផ្នែកនយោបាយដែរ”។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.នៅតែមិនបកស្រាយកាលពីថ្ងៃព្រហស្បតិ៍ថាតើលោក ចរិយា ត្រូវដកចេញពីតំណែងឬយ៉ាងណាទេ ដោយគ្រាន់តែនិយាយថា លោកកំពុងរង់ចាំ”សេចក្តីសម្រេចរបស់តុលាការ”សិន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយថា រដ្ឋាភិបាលមិនចាប់អារម្មណ៍នឹងរបាយការណ៍គណៈមេធាវីអាមេរិកទេ ដោយលើកឡើងពីអធិបតេយ្យភាពរបស់កម្ពុជា។

លោក ឥសាន បាននិយាយបន្ថែមថា ការដកលោក ចរិយានឹងមិនពាក់ព័ន្ធនឹងអព្យាក្រឹតភាពនៃ គ.ជ.ប.ទេ។ លោកត្រូវយល់ថា គ្មានមនុស្សម្នាក់ ក៏មានមនុស្សផ្សេងទៀតអាចធ្វើបានដែរ”៕ (រាយការណ៍បន្ថែមដោយ ឃួន ណារីម)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស