28.4 C
Phnom Penh

លោក កឹម សុខា ៖ ប្រជាពលរដ្ឋ​​ជា​អ្នក​ការ​ពារ​​ព្រំដែន​មិន​មែនកំផែង​ទេ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយលើកឡើងពីការសន្យារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ថានឹងសាងសង់កំផែងនៅតាមព្រំដែនជាមួយប្រទេសមុិកស៊ិកនោះ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនអាចមានប្រាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបនោះទេ ប៉ុន្តែនៅតែផ្ដោតលើការការពារព្រំដែនជាមួយវៀតណាមដដែល។

លោក កឹម សុខា បានថ្លែងកាលពីម្សិលមិញទៅកាន់សកម្មជនយុវជនរាប់រយនាក់នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ កន្លែងដែលលោកបានប្រាប់ពួកគេឱ្យផ្ដោតទៅលើការធ្វើយុទ្ធនាការរបស់ខ្លួនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ អំពីផែនការរបស់គណបក្សសង្គ្រោះជាតិដើម្បីពង្រឹងការការពារនៅតាមព្រំដែន។ គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់របស់ជនជាតិវៀតណាម និងការលុកលុយរបស់វៀតណាមចូលក្នុងប្រទេសកម្ពុជាជាយូរមកហើយ។

សកម្មជនយុវជនគណបក្សសង្គ្រោះជាតិលើកដៃគាំទ្រអំឡុងពិធីសំណេះសំណាលក្រោមអធិបតីភាពលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង នៅទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ Facebook
សកម្មជនយុវជនគណបក្សសង្គ្រោះជាតិលើកដៃគាំទ្រអំឡុងពិធីសំណេះសំណាលក្រោមអធិបតីភាពលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង នៅទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ Facebook

លោក កឹម សុខា បានមានប្រសាសន៍ថា “យើងត្រូវអភិវឌ្ឍព្រំដែនដោយការឱ្យមានប្រជាជនច្រើនរស់នៅតាមព្រំដែន។ ទី១សាងសង់ផ្លូវនៅតាមព្រំដែន។ ទី២ ផ្សារ វត្តអារាម ការងារ រោងចក្រ និងការធ្វើកសិកម្ម”។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា យុទ្ធនាការមុនៗរបស់គណបក្សប្រឆាំងដែលរិះគន់កិច្ចការរបស់រដ្ឋាភិបាលដែលនិយាយការពារព្រំដែនដោយផ្ដោតលើការបន្តលុកលុយរបស់វៀតណាមនោះ មិនបានផ្តល់ដំណោះស្រាយក្នុងន័យស្ថាបនាឡើយ។

លោកបានថ្លែងថា “យើងបានវាយប្រហារពួកគេ  ប៉ុន្តែយើងមិនមានអនុសាសន៍ថ្មីទេ ដូច្នេះយើងមិនអាចស្វែងរកការបង្រួបបង្រួមជាតិបានឡើយ”។

គណបក្សសង្គ្រោះជាតិបានដឹកនាំការធ្វើដំណើរមុនៗទៅកាន់តំបន់ដែលមានវិវាទនៅតាមព្រំដែនវៀតណាមកាលពីពាក់កណ្ដាលឆ្នាំ២០១៥ ដោយជំរុញឱ្យរដ្ឋាភិបាលចេញកំណត់ទូតទៅក្រុងហាណូយសុំឱ្យវៀតណាមផ្អាកការសាងសង់  ឬដកថយចេញពីតំបន់ព្រំដែនដែលមានទំនាស់នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំបិទសំឡេងយុទ្ធនាការនេះដោយបញ្ជាឱ្យចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងកាលពីខែសីហាឆ្នាំមុន ដោយប្រកាសថា នរណាដែលអះអាងថា រដ្ឋាភិបាលប្រើប្រាស់ផែនទីមិនត្រឹមត្រូវដើម្បីកំណត់ព្រំដែននោះ នឹងប្រឈមជោគវាសនាស្រដៀងគ្នានេះ។

ប៉ុន្តែបញ្ហានេះមិនបានស្ងប់ស្ងាត់ទេ ហើយលោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានសារភាពដោយត្រង់គួរឱ្យកត់សម្គាល់មួយកាលពីសប្ដាហ៍មុនថា ប្រទេសកម្ពុជាគ្មានពំនឹងក្នុងការរារាំងវៀតណាមមិនឱ្យសាងសង់អ្វីយ៉ាងហោចណាស់មួយនៅក្នុង”តំបន់ស” ដែលប្រទេសទាំងពីរបានយល់ព្រមមិនធ្វើអ្វីរហូតដល់ប្រទេសទាំងពីរយល់ព្រមលើខ្សែបន្ទាត់ព្រំដែនរួចរាល់។

លោក វ៉ា គឹមហុង បាននិយាយកាលពីសប្ដាហ៍មុនអំពីប៉ុស្តិ៍យាមនៅតាមព្រំដែនវៀតណាមដែលកំពុងសាងសង់នៅក្នុងតំបន់សក្នុងខេត្តរតនគិរីថា “យើងបានស្នើឱ្យពួកគេបញ្ឈប់ ប៉ុន្តែពួកគេមិនស្ដាប់យើងទេ”។

លោករដ្ឋមន្ត្រីសួរថា “សូមប្រាប់ខ្ញុំមកមើល បើពួកគេមិនឈប់ តើយើងអាចធ្វើអ្វីបាន? តើអ្នកចង់ឱ្យកម្ពុជាចាប់ផ្តើមសង្គ្រាមជាមួយវៀតណាមដើម្បីបញ្ឈប់ការសាងសង់ឬ?”។

ដោយចង្អុលបង្ហាញទៅនឹងហេតុពិតដែលថាប្រជាជនថៃ  និងវៀតណាមជាច្រើនរស់បានល្អប្រសើរតាមបណ្ដោយព្រំដែននៃប្រទេសរបស់ពួកគេនោះលោក កឹម សុខា បានមានប្រសាសន៍កាលពីម្សិលមិញថា  មានមធ្យោបាយដែលមានប្រសិទ្ធភាពជាងនេះសម្រាប់កម្ពុជាក្នុងការការពារទឹកដីរបស់ខ្លួនប្រសិនបើមានការប្រើប្រាស់ធនធានត្រឹមត្រូវសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។

លោក កឹម សុខា អនុប្រធានបក្សប្រឆាំង ទះដៃជាមួយលោកស្រី ជូឡុង ស៊ូមូរ៉ា តំណាងរាស្ត្រ អំឡុងការជួបជុំសកម្មជនយុវជន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ ក្នុងរូបថតដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។
លោក កឹម សុខា អនុប្រធានបក្សប្រឆាំង ទះដៃជាមួយលោកស្រី ជូឡុង ស៊ូមូរ៉ា តំណាងរាស្ត្រ អំឡុងការជួបជុំសកម្មជនយុវជន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ ក្នុងរូបថតដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។

លោក កឹម សុខា បានមានប្រសាសន៍ថា “ហេតុអ្វីបានជាប្រជាជនរបស់ពួកគេជាច្រើនរស់នៅតាមព្រំដែន?  ពួកគេទទួលបានការជំរុញទឹកចិត្ត មានទឹកគ្រប់គ្រាន់ ការបង្កើតការងារ និងការផ្ដល់ប្រាក់កម្ចីដោយគ្មានការប្រាក់”។

លោកបានបន្ថែមថា “យើងត្រូវផ្ដល់អ្នកបច្ចេកទេសកសិកម្ម។ ទី២ ផ្ដល់ទុនដោយគ្មានការប្រាក់ ឬផ្ដល់ទុនដោយមានការប្រាក់ទាប។ ទី៣ ត្រូវធ្វើឱ្យប្រាកដថា ស្វែងរកទីផ្សារសម្រាប់អ្នកដែលរស់នៅតាមបណ្តោយព្រំដែន”។

លោក កឹម សុខា បន្ថែមថា ទោះយ៉ាងណា ការសាងសង់របាំងជាក់ស្តែងនៅតាមព្រំដែនពិតជាមិនអាចទៅរួចទេ ដោយលោកសំដៅដល់ការសន្យារបស់លោក ដូណាល់ ត្រាំ ថានឹងសាងសង់កំផែង ”ដែលមិនអាចជ្រៀតចូលបាន ហើយស្រស់ស្អាត” ដើម្បីកុំឱ្យជនអន្តោប្រវេសន៍ម៉ិកស៊ីកូខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក។

លោក កឹម សុខា បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិមានគោលនយោបាយរួចហើយ គឺថានៅពេលយើងឈ្នះឆ្នោតដឹកនាំប្រទេស យើងនឹងការពារព្រំដែន យើងមិនមានប្រាក់សាងសង់កំផែងដូចលោក ដូណាល់ ត្រាំ ឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានមានប្រសាសន៍ថា ការលើកឡើងរបស់លោក កឹម សុខា ជំរុញឱ្យមានការរស់នៅកាន់តែប្រសើរនៅតាមបណ្ដោយព្រំដែននោះគឺមិនសមហេតុសមផលឡើយ ហើយថា គណបក្សប្រជាជនកម្ពុជាបានអនុវត្តផែនការផ្សេងៗទៀតរួចហើយ។

លោកបានថ្លែងថា ”វាជាសម្ដីរបស់អ្នកបោកប្រាស់។ តើរដ្ឋាភិបាលណាក្នុងពិភពលោកផ្ដល់ប្រាក់កម្ចីឱ្យប្រជាជនដោយមិនយកការប្រាក់នោះ?។ វាជាល្បែងនៃការធ្វើយុទ្ធនាការ។ ការនិយាយពីបញ្ហាទាំងនេះវាងាយស្រួលទេ”។

លោក សុខ ឥសាន បានថ្លែងថា ផ្នែកផ្សេងទៀតនៃផែនការព្រំដែនរបស់លោក កឹម សុខា ឆ្លុះបញ្ចាំងឱ្យឃើញពីផែនការរបស់គណបក្សប្រជាជនកម្ពុជាដែលបានធ្វើការរួចទៅហើយដើម្បីប្រែក្លាយតំបន់ដែលហែកហួរដោយសង្គ្រាមទៅជាទីប្រជុំជនព្រំដែនដែលអាចរស់នៅបាន។

លោកបានមានប្រសាសន៍ថា “យើងបានប្រែក្លាយខ្សែបន្ទាត់ដែនដែលជាសមរភូមិសង្គ្រាមពីមុន ទៅជាតំបន់អភិវឌ្ឍន៍ដោយមានទីផ្សារ និងសុខដុមនីយកម្មរវាងប្រជាជននិងប្រជាជន រវាងប្រទេសនិងប្រទេស ដូច្នេះគាត់បាននិយាយពីផែនការនេះតាមគណបក្សប្រជាជនកម្ពុជា”។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយដែលបានរិះគន់គណបក្សសង្គ្រោះជាតិចំពោះការពឹងផ្អែកលើការប្រើវោហារសាស្ត្រប្រឆាំងវៀតណាមដើម្បីទទួលបានគាំទ្រនោះ បានមានប្រសាសន៍ថា  បញ្ហាព្រំដែនគឺជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ ប៉ុន្តែចាំបាច់ត្រូវពិភាក្សានៅក្នុងមធ្យោបាយដែលមិនបញ្ឆេះវោហារសាស្ត្រប្រឆាំងវៀតណាមដែលបានរាលដាលរួចទៅហើយនោះ”។

លោក អ៊ូ វីរៈ បានថ្លែងថា “ខ្ញុំគិតថា ព្រំដែនគឺជាបញ្ហាដ៏មានប្រសិទ្ធភាព  វាជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលគណបក្សប្រជាជនកម្ពុជាលំបាកដោះស្រាយ ពីព្រោះគណបក្សប្រជាជនមិនព្រមពិភាក្សាអំពីប្រវត្តិសាស្ត្រ”។

លោកបាននិយាយដល់គណបក្សសង្គ្រោះជាតិថា  ”បញ្ហាទាំងអស់អាស្រ័យលើថាតើពួកគេលើកឡើងពីបញ្ហានេះដូចម្ដេច និងពីយុទ្ធនាការកន្លងមកដែលពួកគេមានការប្រកាន់ជាតិសាសន៍ខ្លាំងនៅក្នុងការលើកឡើងរបស់ខ្លួន និងបញ្ហាមួយចំនួនដែលពួកគេបាននិយាយ ដូច្នេះវាគ្រោះថ្នាក់ណាស់”។

លោកបន្ថែមថា ”ប៉ុន្តែពេលពួកគេលើកឡើងពីបញ្ហាការពារព្រំដែន វាហួសពីព្រំដែន ព្រោះពួកគេមិនមានសំណើរឹងមាំ ឬសមហេតុផលពីរបៀបដែលត្រូវដោះស្រាយឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ Colin Meyn )

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស