37.6 C
Phnom Penh

ពៅ​ បញ្ញាពេជ្រ បង្ហាញ​មុខតាមទូរទស្សន៍​ជាលើកដំបូង​ ១០ឆ្នាំ​​​ក្រោយ​​​​រង​​​​ការ​បាញ់​ប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កញ្ញា ពៅ បញ្ញាពេជ្រ តារាចម្រៀង និងជាពិធីការិនីទូរទស្សន៍ទទួលបានការគាំទ្រស្រឡាញ់ ចូលចិត្ត ដែលបានក្លាយជាពិការ ពេលនាងរងការបាញ់ប្រហារចំនួនពីរគ្រាប់កាលពីខែកុម្ភៈ ឆ្នាំ២០០៧ បានវិលត្រឡប់មកបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងកាលពីថ្ងៃសុក្រ ដោយឡើងសម្ដែងនៅស្ថានីយទូរទស្សន៍ ស៊ី អិន ស៊ី។

អង្គុយលើកៅអីជនពិការដោយមានពិធីករប៉ុស្តិ៍ ស៊ី អិន ស៊ី នៅក្បែរខ្លួននោះ កញ្ញា ពៅ បញ្ញាពេជ្រ បានញញឹមពេលនាងច្រៀងបទ “ដានស្នេហ៍” ជាចម្រៀងមួយបទរៀបរាប់អំពីស្ត្រីម្នាក់ហ៊ានលះបង់សម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ប៉ុន្តែបានមកវិញត្រឹមតែការក្បត់។

ពៅ បញ្ញាពេជ្រ ច្រៀងនៅប៉ុស្តិ៍ព័ត៌មានខ្មែរកាលពីយប់ថ្ងៃសុក្រ។
កញ្ញា ពៅ បញ្ញាពេជ្រ ច្រៀងនៅប៉ុស្តិ៍ព័ត៌មានខ្មែរកាលពីយប់ថ្ងៃសុក្រ។

កញ្ញាបានច្រៀងថា “ឱផ្កាព្រៃមានតែភក្ដីបូជាស្នេហ៍ពិត ឥឡូវផ្កាស្រពោនរុះរោយក្រៀមស្វិត បងប្រែចិត្តធ្វើឱ្យជីវិតហែលទឹកភ្នែកកម្ម”។

ការបាញ់ប្រហារលើកញ្ញា ពៅ បញ្ញាពេជ្រ ដែលជាស្នាដៃរបស់ជនបិទមុខម្នាក់ជិះម៉ូតូមកបាញ់ប្រហារ ខណៈនាងកំពុងដើរទៅកាន់សាលារៀនអង់គ្លេសមួយកន្លែងក្នុងរាជធានីភ្នំពេញនោះ កើតឡើងបន្ទាប់ពីមានការបាញ់ប្រហារស្រដៀងៗគ្នាលើតារាមួយចំនួនផ្សេងទៀត ដោយចាប់ផ្ដើមពីការធ្វើឃាតយ៉ាងព្រៃផ្សៃលើអ្នកស្រី ពិសិដ្ឋ ពិលីកា នៅក្នុងឆ្នាំ១៩៩៩។ ស្ត្រីក្មេងៗមួយចំនួនត្រូវបានគេនិយាយចចាមអារ៉ាមតៗគ្នាថា រងការវាយប្រហារពីប្រពន្ធដែលមានការប្រចណ្ឌរបស់មន្ត្រីគណបក្សមកពីគណបក្សកាន់អំណាច។

ករណីរបស់កញ្ញា ពៅ បញ្ញាពេជ្រ ដូចករណីរបស់តារាផ្សេងៗទៀតដែរ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។

អំឡុងបទសម្ភាសន៍បន្ទាប់ពីការសម្តែងនៅទូរទស្សន៍ ស៊ី អិន ស៊ី អ្នកចម្រៀងរូបនេះបាននិយាយថា កញ្ញាបានចំណាយប្រាក់ប្រហែល ២០០.០០០ដុល្លារ ដែលភាគច្រើនបានមកពីការបរិច្ចាគ លើការព្យាបាលចាប់តាំងពីការវាយប្រហារមក ហើយគ្មានសង្ឃឹម ថា នឹងអាចដើរបានវិញឡើយ។

កញ្ញាបាននិយាយថា “បើយើងមានសំណាង រួមផ្សំនឹងឱកាសល្អនោះ យើងអាចដើរបានដូចធម្មតាវិញ តែបើយើងគ្មានសំណាង ព្រោះ ខ្ញុំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដូចនេះ យើងប្រហែលជាពិការរហូតហើយ”។ កញ្ញាបានបន្ថែមថា កញ្ញាដឹងពីជម្រើសនៃការព្យាបាលជឿនលឿននិងទំនើបមួយចំនួននៅក្នុងប្រទេសថៃ។

កញ្ញាបាននិយាយថា “គេមានបច្ចេកវិទ្យាទំនើបនិងជឿនលឿន ហើយគេអាចស្វែងរកវិធីជាច្រើនដើម្បីព្យាបាលយើង។ តែយើងមិនចាំបាច់សង្ឃឹមពីរឿងហ្នឹងទេ ព្រោះយើងមិនដឹងថា ទៅរកលុយពីណាឡើយ”។

លោក សុខ ខេមរិន្ទ្រ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការបាញ់ប្រហារ កញ្ញា ពៅ បញ្ញាពេជ្រ កំពុងបន្តស៊ើបអង្កេត ឬយ៉ាងហោចណាស់ នឹងធ្វើការភ្លាមៗ បើនរណាមានព័ត៌មានថ្មី។

លោកបានថ្លែងថា “យើងកំពុងបន្តស៊ើបអង្កេត នៅពេលដើមចោទ ឬសាក្សីមានព័ត៌មានណាមួយ យើងចាប់ផ្តើមធ្វើការភ្លាម”។ លោកបានបន្ថែមថា ការចាប់ជនដៃដល់មិនងាយស្រួលទេ។ លោកមានប្រសាសន៍ថា “ករណីមនុស្សឃាតនីមួួយៗយើងមិនអាចដោះស្រាយបានភ្លាមៗទេ ពីព្រោះអ្នកដែលបានប្រព្រឹត្តអំពើនេះក៏មានជំនាញខ្ពស់ដែរ។ វាលំបាកណាស់”៕ ស៊ុយឈាង និង សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស