ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មិនដល់មួួយខែផង បន្ទាប់ពីមានការប្រកាសបម្រាមលើការពពោះជំនួស ជនជាតិអូស្ត្រាលីម្នាក់ និងគិលានុបដ្ឋាកកម្ពុជា ព្រមទាំងមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ពីបទបើកគ្លីនិកផ្តល់សេវាពពោះជំនួស។
លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីបានលើកឡើងថា អ្នកស្រី Tammy Davis-Charles អាយុ៤៩ឆ្នាំ ជាជនជាតិអូស្ត្រាលីដែលត្រូវបានចុះបញ្ជីជាប្រធានគ្លីនិកសម្រាកព្យាបាល Fertility Solutions PGD ត្រូវបានឃាត់ខ្លួននៅតាមបណ្តោយមហាវិថីរុស្ស៊ី ខណៈលោកស្រីកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រូវបានឃ្លាំមើលអស់រយៈពេល១០ខែ។

លោកបានលើកឡើងទៀតថា ជនជាតិខ្មែរពីរនាក់ ឈ្មោះ ពេញ រិទ្ធី អាយុ២៨ឆ្នាំ ជាមន្ត្រីនៅក្រសួងពាណិជ្ជកម្ម និងឈ្មោះ សំរឹទ្ធ ចាន់ចរិយា អាយុ៣៥ឆ្នាំជាគិលានុបដ្ឋាកនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅពេលក្បាលព្រលប់នៅទីតាំងដាច់ដោយឡែកពីគ្នាក្នុងរាជធានី។
លោក កែវ ធា បានមានប្រសាសន៍ថា”នៅ ក្នុងករណីនេះយើងបានធ្វើការសើុបអង្កេតភ្លាមព្រោះយើងដឹងថា មានមេ ខ្លោងបញ្ចុះបញ្ចូលស្ត្រីឲ្យយល់ព្រមធ្វើជាអ្នកពពោះជំនួស”។ លោកបានបន្ថែមថា អ្នកស្រី Tammy Davis-Charles ក៏ជាប់សង្ស័យថាក្លែងបន្លំឯកសារផងដែរ ប៉ុន្តែ លោកបានបដិសេធមិនរៀបរាប់លម្អិតនោះឡើយ។
លោកបានថ្លែងទាក់ទិននឹងជំនួញពពោះជំនួសថា “វាដូចការងារដែលអាជ្ញាធររបស់យើងធ្វើលើករណីនានា ដែលមេខ្លោងបញ្ចុះបញ្ចូលស្ត្រីឲ្យទៅធ្វើការនៅក្នុងប្រទេសចិនដែរ”។
អ្នកស្រី Tammy Davis-Charles ដែលយកថ្លៃសេវាពីអតិថិជនរបស់ខ្លួនប្រហែល៥០.០០០ដុល្លារបានផ្លាស់អាជីវកម្មរបស់ខ្លួនពីប្រទេសថៃមកកម្ពុជាកាលពីឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលយោធាបិទគ្លីនិកពពោះជំនួសនៅក្នុងប្រទេសនេះ។
លោកបានមានប្រសាសន៍ថា “គាត់ធ្លាប់បានផ្តល់សេវាពពោះជំនួសជាច្រើនមកហើយ ក្នុងប្រទេសថៃ។ ពេលប្រទេសថៃបិទសេវានេះ គាត់បានផ្លាស់ប្តូរមកកម្ពុជាវិញម្តង”។
នាយការិយាល័យរូបនេះបានឲ្យដឹងទៀតថា ម្តាយដែលពពោះជំនួសចំនួន៥នាក់បានផ្តល់កំណើតឲ្យកូនចំនួន៦នាក់ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ បន្ទាប់ពីទទួលបានប្រាក់ចន្លោះពី ១០.០០០ដុល្លារ ដល់១២.០០០ដុល្លារតាមរយៈគ្លីនិករបស់អ្នកស្រី Tammy Davis-Charles ដែលក៏បានរៀបចំឲ្យម្តាយ២០នាក់ផ្សេងទៀតពពោះជំនួសដោយឥឡូវកំពុងមានផ្ទៃពោះទៅហើយផងដែរ។
លោកបានមានប្រសាសន៍ថា “គាត់បាននិយាយថា គាត់ជួយពលរដ្ឋខ្មែរក្រីក្រ គាត់បានបញ្ចុះបញ្ចូលពួកគេឲ្យពពោះជំនួស ហើយប្រាប់ពួកគេថា គ្មានផលប៉ះពាល់ទេ”។កិច្ចប្រជុំដែលមានការចូលរួមដោយអាជ្ញាធរមកពីអង្គភាពប្រឆាំងការជួញដូរមនុស្សក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ស្ថានទូតអូស្ត្រាលី និងម្តាយពពោះជំនួសដែលឥឡូវកំពុងមានផ្ទៃពោះនោះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ដើម្បីគិតគូថា តើនឹងត្រូវធ្វើអ្វីបន្ទាប់មកទៀត។
លោកបានថ្លែងថា “យើងបានគិតគូរអំពីបញ្ហាប្រឈមដែលអាចកើតមាននៅពេលក្រោយ។ យើងគិតគូរអំពីពួកគាត់ និងបានរៀបចំរួចហើយសម្រាប់ពួកគាត់ផង”។ លោកបានបន្ថែមថា តួនាទីជាក់លាក់ និងការទទួលខុសត្រូវនឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំនេះ។អ្នកស្រី Tammy Davis-Charles នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ រីឯជនជាតិខ្មែរពីរនាក់ត្រូវបានសាកសួរនៅសាលាដំបូងកាលពីម្សិលមិញ ហើយនឹងត្រឡប់មកវិញនៅថ្ងៃនេះ។
គេហទំព័ររបស់មន្ទីរសម្រាកព្យាបាល Fertility Solutions PGD នេះមានសក្ខីកម្មវិជ្ជមានមួយចំនួនពីអតិថិជន ក្នុងនោះមានមួយចុះកាលបរិច្ឆេទនៅខែកុម្ភៈ ដែលប្តីប្រពន្ធមួយគូឈ្មោះ Duncan និង Erin ត្រូវបានដកស្រង់សម្តី មកថា “អរគុណព្រះជាម្ចាស់ហើយដែលប្រទានគេហទំព័រនេះហើយសូមអរគុណដល់ពិភពលោកហើយដែលបញ្ជូន Tammy មកឲ្យយើង”។
ការចាប់ខ្លួនទាំងនេះកើតមានឡើងបន្ទាប់ ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសបម្រាមលើការពពោះជំនួស ដែលជាផ្នែកនៃសេចក្តីប្រកាសទូទៅចេញជាផ្លូវការដោយក្រសួងទៅកាន់តំណាងសហគមន៍វេជ្ជសាស្ត្រកម្ពុជាកាលពីថ្ងៃទី៣១ខែតុលា។
សេចក្តីសម្រេចនោះធ្វើឡើងបន្ទាប់ ពីលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អំពាវនាវសំុឲ្យចេញច្បាប់ហាមមិនឲ្យមានការពពោះជំនួស។ ក្រសួងសុខាភិបាលបានបញ្ជាក់ជាក់លាក់ថា បម្រាមក្នុងពេលបច្ចុប្បន្ននៅតែអនុវត្ត រហូតដល់ច្បាប់គ្រប់គ្រងប្រតិបត្តិការនេះចូលជាធរមាន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ច្បាប់នេះដែលបង្កើតឡើងដើម្បីការពារអ្នកពពោះជំនួសជនជាតិខ្មែរ និងទារក កំពុងតែតាក់តែងប៉ុន្តែ លោកមិនដឹងថា ពេលណានឹងរួចរាល់នោះឡើយ។
លោកបានមានប្រសាសន៍ថា “គេកំពុងតែសិក្សា និងរៀនសូត្របទពិសោធន៍ពីប្រទេសផ្សេងៗដែលបានតាក់តែងច្បាប់នេះរួចហើយ ហើយថា តើពួកគេអនុវត្តបែបម៉េច ហើយថា តើយើងគួរតាក់តែងយ៉ាងដូចម្តេចដើម្បីឲ្យស្របតាមបរិបទកម្ពុជា”។
លោក Sam Everingham ប្រធានអង្គការតស៊ូមតិ Families Through Surrogacy ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធានា “សុវត្ថិភាពជូនទារកទើបកើត និងឪពុកម្តាយថ្មីរបស់ពួកគេ”។
លោកបានលើកឡើងតាមអីុម៉េលថា “នេះជាសារមួយបញ្ជាក់យ៉ាងច្បាស់ពីអាជ្ញាធរកម្ពុជាថា ពួកគេកំពុងអនុវត្តយ៉ាងតឹងរឹុងលើសេចក្តីប្រកាសក្នុងពេលថ្មីៗស្តីអំពីបម្រាមលើការរៀបចំសេវាពពោះជំនួស”។
លោកបានបន្ថែមថា”ជាអកុសលការចាប់ខ្លួនអ្នកស្រី Tammy Davis-Charles និងអ្នកផ្សេងៗទៀត នឹងធ្វើឲ្យអ្នកពពោះជំនួសដែលអ្នកស្រីជួល និងអ្នកដែលចង់ក្លាយជាឪពុកម្តាយជាច្រើននៅក្នុងបញ្ជីរបស់អ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងនោះភាគច្រើននៃអ្នកទាំងនេះគឺជាជនជាតិអូស្ត្រាលី”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “អ្នកពពោះជំនួសជនជាតិខ្មែរប្រហែលជាព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងដោះស្រាយបញ្ហាដោយខ្លួនឯង។រដ្ឋាភិបាលកម្ពុជាត្រូវតែផ្តល់ការធានាភ្លាមៗចំពោះអ្នកពពោះជំនួសដែលកំពុងមានផ្ទៃពោះថា ពួកគេនឹងមិនត្រូវបានផ្តន្ទាទោសនោះឡើយ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ George Wright)